ពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ ស្ថិតក្នុងសាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ «ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន បានផ្តល់ជម្រើសថ្មីជូនប្រជាសហគមន៍ តាមរយៈការរក្សាព្រៃឈរ បង្កើនចំណូល ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន» ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ ស្ថិតក្នុងសាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរដែនដី មន្រ្តីឧទ្យានុរក្ស ប្រជាសហគមន៍ជាច្រើនរូបផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណាអោយប្រជាសហគមន៍ បងប្អូនឧទ្យានុរក្ស ទទួលបាននូវជីវភាព និង សុខមាលភាពកាន់តែប្រសើរជាងមុន។ ជម្រើសថ្មីសម្រាប់បងប្អូនឧទ្យានុរក្ស និង ប្រជាសហគមន៍ គឺការដាំចំការឈើដាំដូចជា ប្រភេទដើមអាកាស្យា ការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វ ជុំវិញផ្ទះ និង ក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និង កាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង។គោលដៅដ៏សំខាន់ ក្នុងវិស័យបរិស្ថាន គឺការប្រែក្លាយពីទំនៀមទំលាប់នៃការពឹងអាស្រ័យអនុផលព្រៃឈើលើជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឲ្យទៅជាការចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ក្នុងព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តម រដ្ឋមន្រ្តី រួមនឹងក្រុមការងារ បានអញ្ជើញពិនិត្យការដាំស្មៅចំនីសត្វ និងការចិញ្ចិមគោពូជ ចំនួន ៥០ក្បាល ដែលបានប្រគល់ជូនមន្រ្តីឧទ្យានុរក្ស នៅស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ សៀមបូកផងដែរ ៕ ប្រភព ៖ ក្រសួងបរិស្ថាន




