គណៈកម្មកាអន្តរក្រសួងចង់ស្នើរដ្ឋាភិបាលឱ្យអនុញ្ញាតពលរដ្ឋថៃជាប់ព្រំដែនកម្ពុជាមកលេងសៀមរាបដោយមិនចាំបាច់មានលិខិតឆ្លងដែន
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងបានលើកឡើងពីសំណើ មួយ ដែល ចង់ស្នើដល់រដ្ឋាភិបាលខ្មែរគិតគូរអនុញ្ញាតឱ្យពលរដ្ឋថៃដែល រស់នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃអាចធ្វើដំណើរមក លេងខេត្ត សៀមរាបបានដោយមិនចាំបាច់មានលិខិតឆ្លង ដែន ហើយប្រើប្រាស់ ត្រឹម បណ្ណព្រំដែនជំនួសវិញ។ សំណើនេះស្នើឡើងជាយុទ្ធសាស្ត្រ ជំរុញកំណើនភ្ញៀវទេសចរថៃមកប្រទេសកម្ពុជា ដែលទេសចរថៃឈរ នៅលំដាប់ទី២ សម្រាប់កម្ពុជា។
ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការ អន្តរក្រសួង ដើម្បី សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នក ដំណើរ នៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំង ប្រទេស (គ.អ.ច.ទ.)នាទីស្តីការក្រសួងទេសរណ៍ក្រោម អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជា ប្រធាន គណៈកម្មការអន្តរក្រសួង(គ.អ.ច.ទ.)។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន លើកឡើងពីគំនិតយោបល់មួយដែលចង់ស្នើ រដ្ឋាភិបាលអនុញ្ញាតឱ្យ ប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃអាច ឆ្លងមកលេងខេត្តសៀមរាប បានដោយមិនចាំបាច់ប្រើប្រាស់លិខិត ឆ្លងដែនបន្ថែមពីលើខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃដែលពលរដ្ឋថៃអាចធ្វើ ដំណើរចូលមកបានស្រាប់។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ.បានគូស បញ្ជាក់ថា គណៈកម្មការអន្តរក្រសួងចង់ស្នើឲ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជាអាចចូល មកខេត្តសៀមរាបដែលជាខេត្តទី២ បន្ទាប់ពីខេត្តទី១។ នោះគឺខេត្តខ្មែរនៅតាមបណ្តោយ ព្រំដែនថៃ ដោយ ប្រើត្រឹម បណ្ណព្រំដែន ឬ Border Pass មិនចាំបាច់មាន លិខិត ឆ្លងដែនឡើយ។
លោកបានលើកឧទាហរណ៍ថា ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យហើយអាចចូលមកខេត្តសៀមរាប។ចំណែកអ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាច ចូលមកខេត្តសៀមរាប ទៀតបានជាដើម។
ឯកឧត្តម ហោ សារុន បានបន្ថែមថា ប្រសិនបើអនុវត្តបានដូច្នេះមែន កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជា ប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។
គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែន ប្រទេស កម្ពុជា មានចំនួនប្រាំពីរខេត្តរួមមាន៖ ខេត្តឧត្បុលរាជធានី(Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ, ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ, ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ, ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, ខេត្ត ស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និង ខេត្ត បាត់ដំបង, ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តប៉ៃលិន, និងខេត្តត្រាត (Trat) ជាប់ជាមួយខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។
ឯកឧត្តម តុប សុភក្តិ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូស បញ្ជាក់ ថា នេះគ្រាន់តែជាមតិយោបល់លើកឡើង ក្នុងអង្គប្រជុំតែ ប៉ុណ្ណោះដែលខាងគណៈកម្មការអន្តរក្រសួងគ.អ.ច.ទ.មិនទាន់បានធ្វើ សំណើជាផ្លូវការទៅកាន់រដ្ឋាភិបាលនៅឡើយនោះទេ។ បើតាម លោក តុប សុភក្តិ គំនិតយោបល់នេះជាអត្ថប្រយោជន៍សម្រាប់
គោលដៅទេសចរណ៍កម្ពុជាឆ្លើយតបទៅនឹងចំនួនប្រជាជនថៃជាច្រើនដែលរស់នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដោយ លោកអះអាង ថា កន្លងមកមន្ត្រីជំនាញក្រសួងបានធ្វើការស្ទាបស្ទង់ដឹងថា ពលរដ្ឋ ថៃ ភាគច្រើនចង់មកលេងខេត្តសៀមរាប ជាពិសេសរមណីយដ្ឋាន អង្គរ ប៉ុន្តែពួកគាត់មិនមានលិខិតឆ្លងដែន។
លោកបន្តថា៖ «គ្រាន់តែជាមតិលើកឡើងនោះទេ ប្រជាពលរដ្ឋថៃ មកខេត្តព្រំប្រទល់ហ្នឹង អាចមកលេងខេត្តសៀមរាបដែលជា គោលដៅ ទេសចរណ៍បាន មិនអាចទៅខេត្តផ្សេងទៀតបានឡើយ ដោយលើកឡើងក្នុងអង្គប្រជុំហើយថា ពួកគាត់ខ្លះមិនមានលិខិត ឆ្លងដែនទេ។ ដូច្នេះលើកជាគំនិតអាចឲ្យពួកគាត់ធ្វើដំណើរ កម្សាន្ត ទៅប្រទេសទី២ ជាពិសេសសៀមរាប-អង្គរយើង ដោយមានត្រឹម បណ្ណព្រំដែន ឬ Border Pass ក្នុងរយៈពេលកំណត់ណាមួយទៅ »។
គិតត្រឹមរយៈពេល ប្រាំបីខែ នាឆ្នាំ២០២២ នេះ ភ្ញៀវទេសចរថៃ បានឈរនៅលំដាប់លេខរៀងទី២ ដែលមកទស្សនាកម្សាន្តនៅ កម្ពុជា តាមពីក្រោយវៀតណាម ដែលឈរនៅលំដាប់ទី១ ខណៈចិន ស្ថិតនៅលំដាប់ទី៣។ នេះបើតាមការឲ្យដឹងពី អ្នកនាំពាក្យក្រសួង ទេសចរណ៍ ។
បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង សម្រាប់ ប្រជាជន ដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយ មិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណ ព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណតែប៉ុណ្ណោះ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន៕
ដោយ៖សំបាន ច័ន្ទដារ៉ា