រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃគឺ កើត ឡើងដោយសារតែមានតម្រូវការបរិភោគសត្វព្រៃ
ស្ទឹងត្រែង៖ ក្រសួងបរិស្ថានបានប្រារព្ធយុទ្ធនាការ ការដុតកម្ទេច ចោល នូវ ឧបករណ៍ ដែលកែច្នៃធ្វើជាអាវុធសម្រាប់បរបាញ់សត្វ ក៏ដូចជាអន្ទាក់ គ្រប់ប្រភេទដើម្បីការពារនិងអភិរក្សសត្វព្រៃនៅ ក្នុងខេត្តស្ទឹងត្រែង។យុទ្ធនាការនេះបានប្រពឹត្តទៅកាលពីព្រឹក ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នៅស្រុកសៀមបូកក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួម ពីសំណាក់ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តផងដែរ។

ថ្លែងទៅកាន់អ្នកចូលរួមនិងជាសារទៅកាន់ទីកន្លែងដទៃទៀតឯកឧត្ដម សាយ សំអាល់ បានមានប្រសាសន៍ថា យុទ្ធនាការនេះរៀបចំ ឡើង ដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និង ទម្លាប់ របស់ពួកគាត់ពីការបរបាញ់ សត្វឲ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោ ក្របីនិងចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នាព្រមទាំងឲ្យមានការយល់
ដឹងអំពី ផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការ អនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ ក៏ដូចជាការការពារ អភិរក្ស ធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថាវត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃគឺកើតឡើងដោយសារតែមានតម្រូវការបរិភោគសត្វព្រៃ ទើបជំរុញឲ្យ មានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ ។ នេះជាបញ្ហា រួមមួយដែលក្រសួងបរិស្ថានគិតគូរបង្ការនិងទប់ស្កាត់នូវសកម្មភាពការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញដល់អង្គការដៃគូពាក់ព័ន្ធ និងក្រសួង ពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និង អប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយ គ្នានេះ ក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធាន ធម្មជាតិ ពង្រឹងលើកិច្ចការពារ និងអភិរក្ស ដើម្បីទាក់ទាញភ្ញៀវ ទេសចរ មកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិផងដែរ ។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា វត្ថុតាង អាវុធ កែច្នៃដែលត្រូវបានកម្ទេចចោល នៅថ្ងៃនេះរួមមាន៖កាំភ្លើង ខ្យល់កែច្នៃ៣១ដើម,កាំភ្លើងកែច្នៃកាប៊ីន៦៤ដើម,ស្នាតេះ៦១ដើម,ក្បាលឆក់៧១គ្រឿង,ខ្សែអន្ទាក់ ៣.៣២៧ខែ្ស,មងដាក់ ស្វា២៦ ត្បូង ,ដាយ៦០ម៉ែត្រ,អង្គប់៥៨អង្គប់៕
ដោយ៖ដេង ម៉ាវិន