ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបក្នុងការងារ និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ជូនដល់មន្ត្រីរាជការនារីនៅថ្នាក់ជាតិ”
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំស្តីពី «ការពង្រឹងរបៀបរបបក្នុងការងារ និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ» ជូនដល់មន្ត្រីរាជការនារីនៅថ្នាក់ជាតិ ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ និងបណ្តុះស្មារតីស្រលាញ់ការងារ សំដៅចូលរួមអនុវត្តការងារក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា មន្ត្រីរាជការគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ម្យ៉ាងទៀត ក្នុងការរស់នៅប្រចាំថ្ងៃដើម្បីក្លាយខ្លួនទៅជាបុគ្គលមានប្រយោជន៍នៅក្នុងសង្គម ក៏ត្រូវមានសីលធម៌ក្នុងការរស់នៅជាចាំបាច់ ដែលសីលធម៌នោះរួមមានដូចជា៖ សីលធម៌ចំពោះខ្លួនឯង សីលធម៌ចំពោះគ្រួសារ សីលធម៌ចំពោះអ្នកដទៃ សីលធម៌ក្នុងអាជីព/វិជ្ជាជីវៈ និងសីលធម៌ចំពោះសង្គមជាតិ។

ជាងនេះទៀត កត្តាមួយដែលនាំឱ្យបុគ្គល ក្រុម ឬអង្គភាពទទួលបាននូវជោគជ័យនោះគឺផ្តើមចេញពីឆន្ទៈ និងការទទួលខុសត្រូវនៅក្នុងកាងាររបស់បុគ្គល ឬសមាជិកនៅក្នុងក្រុម/ក្នុងអង្គភាព។ ឆន្ទៈមិនមែនជាកត្តាកំណត់ ឬជាការចាប់បង្ខំនោះទេ ក៏ប៉ុន្តែជាទូទៅតម្លៃរបស់មនុស្សគឺផ្សារភ្ជាប់ទៅនឹងការងារ និងរបៀបនៃការប្រតិបត្តិ។ មន្ត្រីគ្រប់កម្រិត គ្រប់រូបត្រូវតែមានមនសិការឱ្យកាន់តែខ្ពស់ចំពោះការងារ ធ្វើការតាមសមត្ថភាព តាមលទ្ធភាពដែលអាចធ្វើទៅបាន និងចេះឈ្វេងយល់ពីសភាពការណ៍ថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ។

លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា គុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗបីរួមមាន៖ ១-ឆន្ទៈម្ចាស់ការ ២-ភក្តីភាព និង៣-មនសិការវិជ្ជាជីវៈ ដោយឡែកក៏នៅមានកត្តាមួយចំនួនផ្សេងទៀតផងដែរ។ មន្ត្រីរាជការទាំងអស់ស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់ស្ដីពីសហលក្ខនិ្តកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងសហលក្ខនិ្តកៈដោយឡែកនៃក្របខណ្ឌនីមួយៗ។ លើសពីនេះទៅទៀតនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន មន្ត្រីរាជការក៏ត្រូវមានកាតព្វកិច្ចគោរពច្បាប់នានារបស់រដ្ឋក្នុងនាមជាប្រជាពលរដ្ឋផងដែរ។ ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការទទួលខុសត្រូវអំពីភារកិច្ចរបស់ខ្លួនជាកាតព្វកិច្ចដ៏សំខាន់របស់មន្ត្រីរាជការគ្រប់រូបត្រូវបំពេញឱ្យបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានផ្តាំផ្ញើដល់មន្ត្រីនារីក្រសួងទេសចរណ៍ត្រូវប្រតិបត្តិការងារឱ្យបានល្អដើម្បីជោគជ័យជូនអង្គភាព ក៏ដូចជាស្ថាប័នក្រសួងទេសចរណ៍ និងបុគ្គលខ្លួនឯងផ្ទាល់ ហើយត្រូវមានទឹកចិត្តស្រឡាញ់ការងារ មានគំនិតផ្ដួចផ្ដើមនិងការច្នៃប្រឌិត មានការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម ស្មារតីឈ្មុសឈ្មុលនឹងការងារ និងការជម្នះឧបសគ្គ។

ឆ្លៀតឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្នុងនាមលោកជំទាវផ្ទាល់ សូមជូនពរដល់មន្ត្រីទាំងអស់ក្រោមឱវាទក្រសួងទេសចរណ៍ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អចៀសផុតពីជំងឺដង្កាត់នានា និងកាន់តែជោគជ័យថែមទៀតក្នុងបេសកកម្មបម្រើរដ្ឋ បម្រើអង្គភាព និងស្ថាប័នទេសចរណ៍ទាំងមូលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី៕ ចាន់ វិចិត្រ
