សមត្ថកិច្ចបន្ដចុះបង្ក្រាបទីតាំង សណ្ឋាគារមីនលួចបើកល្បែង ស៊ីសងតាមអនឡាញខុសច្បាប់
ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅ រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្ដចុះបង្ក្រាបទីតាំង សង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញនៅសណ្ឋាគារមីន (Min Hotel) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ប្រតិបត្តិ ការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង, លោក លី ប៊ុនអេង ស្នងការរងរាជធានីភ្នំពេញផងដែរ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញបានឱ្យដឹងថា ជាលទ្ធផលវិញ ក្នុងប្រតិបត្តិការនេះ នៅបន្ទប់២០២ មានកុំព្យូទ័រលើ តុចំនួនបួនគ្រឿង កំពុងដំណើការ, ទូរស័ព្ទសរុប៧២គ្រឿង និងនៅ បន្ទប់ ១៦៨ មានកុំព្យូទ័រ Laptop ចំនួនពីរគ្រឿង, ដុំសាកទូរស័ព្ទ ដៃនិងស៊ីមកាតមួយចំនួន។


លោក ចាប ឌីណា បានបន្ដឱ្យដឹងទៀតថា នៅពេលចុះបង្រ្កាប មិន មានអ្នកស្នាក់នៅក្នុងបន្ទប់២០២នោះទេ តែម៉ាស៊ីកុំព្យូទ័រកំពុង តែបើកដំណើរការ។ ដោយឡែកនៅបន្ទប់១៦៨ ក៏មិនមានមនុស្ស ដែរ តែមានកុំព្យូទ័រពីរគ្រឿង មិនដំណើរការ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើការបន្ដនីតិវិធី៕ ដោយ៖ ឆៃហួត និងប៊ុនធី

