អភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្ស និទ្ទេស A ទាំង៨ រូប
ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ទាំង ៨រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០១៨-២០១៩។
ឯកឧត្តម ម៉ែន វិបុល បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៨រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា។ លទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូលនៅក្នុងបរិបទដែលប្រទេសជាតិកំពុង ទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសវិស័យសិក្សាធិការអប់រំ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង។ ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញ ដូចសព្វថ្ងៃនេះទេ។ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។
ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅអនាគតដើម្បីខ្លួនឯង និងប្រទេសជាតិ ព្រមទាំងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង។
ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៨រូប ឯកឧត្តមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន៖ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ចំនួន០១គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង ថវិកា១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ នាយកសាលា និងមន្ទីរអបរំម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕ធ.ដ














