ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធី សំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, (រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)៖

១. សូមអរគុណចំពោះសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំ កម្មវិធីជួបជុំប្រកបដោយអត្ថន័យនេះ ដែលជាឱកាសល្អដើម្បីជួបសំណេះសំណាល សាកសួរទុក្ខអ៊ំពូមីងជាអតីតយុទ្ធជន ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

២.សូមកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភគាំពារដល់អតីតយុទ្ធជន ជាអាទិ៍៖ ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីត យុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុបដើម្បីបន្តរួមចំណែក អភិវឌ្ឍជាតិ។

៣. សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបាន កែសម្រួលនៅក្នុងឆ្នាំ២០១៥ ជាការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា, នគរបាល និងកងទ័ព នៅក្នុងរចនាសម្ព័ន្ធរបស់សមាគម ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញបន្ថែមឱ្យយន្តការរបស់ រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់ កម្លាំងប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ មួយវិញទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបាន បង្ហាញថា សម្តេច មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាង រូបសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូបដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

៤. ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំចាប់តាំង ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលអ៊ំពូមីង បានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោល នយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយ ជាបន្តបន្តាប់, ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដី សង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេល លំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាពជូនកូនចៅរបស់ អតីតយុទ្ធជននៅក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌនៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ ។ល។

៥. ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជាគ្រូបង្រៀន និងមន្ត្រីរាជការចូល និវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា។ ក្នុងន័យនេះ កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់ រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយតាមគ្រប់រូបភាពដែល អាចធ្វើទៅបាន ពីព្រោះថា៖

  • ឪពុកម្តាយបានធ្វើការលះបង់ច្រើនណាស់ក្នុងការកសាងគ្រួសាររឹងមាំដោយខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ និងកសាង អនាគត។ យ៉ាងណាមិញ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏បានដើរតួនាទីសំខាន់នៅក្នុងដំណើរការកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេសដែលមាន សង្គ្រាមហែកហួររហូតដល់ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិ ពេញលេញ, ពីប្រទេសមួយដែលខ្វះខាតធនធានមនុស្ស ទៅជាប្រទេសមួយដែល មានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់ ប្រទេសជាតិ។
  • ឪពុកម្តាយបានត្រួសត្រាយផ្លូវ និងផ្តល់ឱកាសឱ្យកូនចៅមានមូលដ្ឋានអាច ដើរទៅមុខបានរឹងមាំ គឺដូចគ្នានឹងអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការ ចូលនិវត្តន៍ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាស ឱ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិកាន់តែមាន ប្រសិទ្ធភាព។
  • ឪពុកម្តាយទោះបីជាគាត់មានវ័យចំណាស់ ឬបានចូលសម្រាកពីការងារក៏ដោយ ប៉ុន្តែគាត់នៅតែជាធនធានមួយយ៉ាងសំខាន់ សម្រាប់គ្រួសារដែលអាចនៅបន្ត ផ្តល់ការណែនាំ ផ្តល់យោបល់ តម្រង់ទិស និងផ្តល់ការគាំទ្រគ្រប់ពេលវេលាដល់ កូនចៅជំនាន់ក្រោយ។ ក្នុងន័យនេះ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការ ចូលនិវត្តន៍ ក៏នៅតែជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយ បទពិសោធន៍ការងារ និងជាប្រភពសំខាន់នៃចំណេះដឹង និងចំណេះធ្វើដែលអាច ចែករំលែកដល់អ្នកជំនាន់ក្រោយ។
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner