ជ័រកៅស៊ូធ្លាក់ថ្លៃខ្លាំង ក្នុងរយៈពេលពីរខែចុងក្រោយនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ជ័រកៅស៊ូកម្ពុជា ធ្លាក់ថ្លៃពីជាងពីរពាន់រៀល មកនៅត្រឹម ១.៣០០រៀល ក្នុងមួយគីឡូក្រាម ក្នុងរយៈពេលពីរ ខែចុងក្រោយនេះ។ នេះបើតាមការបញ្ជាក់ពីកសិករនិងផ្នែកពាក់ព័ន្ធមួយចំនួនដែល ធ្វើការងារលើអាជីវកម្មជ័រកៅស៊ូ។

លោក ម៉ូត យុសុះ កសិករដាំកៅស៊ូចំនួនបី ហិកតា នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្នជ័រកៅស៊ូ ធ្លាក់ ថ្លៃពី២.៥០០ រៀល មកនៅត្រឹម១.៣០០រៀល ប៉ុណ្ណោះ ក្នុង រយៈពេលពីខែ ចុងក្រោយនេះ ដែលកំពុងធ្វើឱ្យកសិករប្រឈមការ ខាតបង់។

លោកថ្លែងដូច្នេះថា៖«តម្លៃប៉ុណ្ណឹងកំពុងធ្វើឱ្យកសិករខាត ព្រោះ សម្ភារ ប្រើប្រាស់សព្វថ្ងៃដូចជា សាំង និងរបស់ហូបរាល់ថ្ងៃ ចេះតែ ឡើងថ្លៃរហូត ។ប៉ុន្តែរបស់ដែលយើងផលិតបានតម្លៃនៅដដែល មាន តែចុះថ្លៃ ដូចជាជ័រកៅស៊ូជាដើម ចុះទៅៗ»។
ទោះជាតម្លៃធ្លាក់ចុះក៏ដោយ លោកថា នៅតែមានកសិករផ្សេង ទៀត បន្តដាំដុះកៅស៊ូ ព្រោះពួកគេសង្ឃឹមថា ជ័រកៅស៊ូនឹងមានតម្លៃឡើងថ្លៃ វិញ ពេលដែលសេដ្ឋកិច្ចងើបឡើងវិញ។

លោកបញ្ជាក់ថា៖« ការដាំកៅស៊ូត្រូវការរយៈពេលប្រាំ មួយឆ្នាំ ក្នុង ការមើលថែ ទើបអាចប្រមូលផលបាន ហើយក្នុងរយៈពេល៦ឆ្នាំ គឺលោកត្រូវចំណាយដើមទុនជាង៧លានរៀល សម្រាប់ការទិញ កូនមកដាំ ថ្នាំសម្លាប់សត្វល្អិត និងជីបំប៉នផ្សេងៗ»។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា បាន ប្រាប់ទីភ្នាក់ងារសារព័ត៌មាន CPA នៅថ្ងៃទី២២ ខែកញ្ញានេះថា ជ័រ កៅស៊ូនៅឆ្នាំ២០២២នេះ មានតម្លៃធ្លាក់ចុះជាងឆ្នាំ២០២១ ដោយ សារ វិបត្តិសង្គ្រាម រស៊្សី-អ៊ុយក្រែន ដែលធ្វើឱ្យតម្រូវការវត្ថុធាតុដើម ធ្លាក់ចុះ។

លោកថ្លែងដូច្នេះថា៖«ឆ្នាំនេះកៅស៊ូធ្លាក់ចុះជាងឆ្នាំទៅ ដោយសារ យើងដឹងហើយ វិបត្តិសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន វាធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ច ច្រើនណាស់ តាំងពីកូវីដមក សេដ្ឋកិច្ចពិភពលោកវា មិន ទាន់ល្អទេ ដូច្នេះធ្វើឱ្យការប្រើប្រាស់ និងតម្រូវការផ្សេងៗថយចុះ។ កាលណាតម្រូវការមានការថយចុះ ធ្វើឱ្យតម្លៃផលិតផលរបស់ យើងក៏ធ្លាក់ថ្លៃតាមហ្នឹងដែរ»។

លោកបន្តថា បញ្ហាធ្លាក់ចុះតម្លៃជ័រកៅស៊ូនេះ គឺជាបញ្ហាសកលទាំង មូល ដូច្នេះគ្មានដំណោះស្រាយណា ដែលអាចជួយឱ្យតម្លៃជ័រ កៅស៊ូឡើងថ្លៃនោះទេ លុះត្រាតែស្ថានភាពសេដ្ឋកិច្ចពិភព លោក ប្រសើរឡើង ហើយតម្រូវការប្រើប្រាស់ច្រើនទើប តម្លៃជ័រ កៅស៊ូងើប ឡើងវិញ។

លោកថ្លែងដូច្នេះថា៖« នៅលើទីផ្សារអត់ដឹងថាម៉េចទេ មានតែ សេដ្ឋកិច្ចពិភពលោកដំណើរការល្អ គឺអ្វីៗនឹងល្អប្រសើរដែរ ហើយ ម៉្យាងវិញទៀតវាទាក់ទងនឹងតម្រូវការ ការប្រើប្រាស់ ប៉ុន្តែឥឡូវ សេដ្ឋកិច្ចមិនសូវល្អចឹង ទីផ្សារគេកំណត់មកចឹង យើងអត់ដឹងថា ត្រូវធ្វើម៉េចទេ។ យើងតូចជាងគេ កម្ពុជាយើងផលិតផលតូច»។

លោកសង្ឃឹមថា នៅចុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចពិភពលោក នឹងប្រសើរឡើងវិញ ហើយតម្លៃជ័រកៅស៊ូនឹងមានតម្លៃប្រសើរវិញដែរ។ លោកថា ទិន្នផលជ័រកៅស៊ូនៅឆ្នាំ២០២២នេះ មានការកើនឡើង ២ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២១ ព្រោះរយៈពេលពីរ ខែចុះក្រោយនេះ ភ្លៀងធ្លាក់ច្រើន ខណៈនៅតំបន់ខ្លះខ្វះកម្លាំង ពលកម្ម ដើម្បីប្រមូលផលដែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា បញ្ហាជ័រកៅស៊ូធ្លាក់ថ្លៃនេះ ដោយសារវាអាស្រ័យលើទីផ្សារអន្តរជាតិ។លោកថា ជ័រកៅស៊ូកម្ពុជា ភាគច្រើននាំចេញទៅវៀតណាម។

លោកថ្លែងដូច្នេះថា៖«បញ្ហាធ្លាក់ថ្លៃនេះពិបាកណាស់ ផលិតផល យើងលក់ទៅក្រៅប្រទេស ដូច្នេះតម្លៃទៅតាមទីផ្សារអន្តរជាតិ ខ្ញុំក្តោបអត់សូវបានដែរ ដល់ចឹងទៅ។ ឆ្នាំទៅមានតម្លៃល្អជាង ប៉ុន្តែយើងក៏មិនដឹងថា មូលហេតុអ្វីបានជាតម្លៃល្អជាងឆ្នាំនេះ»។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការនាំ ចេញជ័រកៅស៊ូ និងឈើកៅស៊ូចំនួនក្នុងជាង២១៧លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួនជាង ២១៥លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួនជាង២ដុល្លារ៕ ដោយ៖ ហ្វីន ហ្វ្រីដា

ads banner