បិណ្ឌទី១២៖ សម្ដេចចក្រី ហេង សំរិន រំលឹកឱ្យចូលរួមថែរក្សា ការពារសន្តិភាព
ភ្នំពេញ៖ ប្រធានរដ្ឋសភានិងជាប្រធានកិត្តយសគណបក្ស ប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ជាថ្មី ប្រាប់ ពលរដ្ឋថា សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាមចម្បាំង រាំងជល់ដែលនាំឱ្យជាតិវិនាសអន្តរាយ។

សម្ដេចចក្រី ហេង សំរិន បានអញ្ជើញចូលរួមកាន់បិណ្ឌនៅ វត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ខែកញ្ញានេះដែលជាស្រុកកំណើតរបស់សម្តេច ។

សម្តេចចក្រីមានប្រសាសន៍ទៅកាន់ពលរដ្ឋដោយលើកឡើងពីតម្លៃនៃសុខសន្តិភាព ដែលរកមកបានដោយ លំបាកលំបិនបំផុត។សម្តេច បានបញ្ជាក់ថា៖« សូមកុំចង់សាកល្បងជាថ្មីម្តងទៀតចំពោះសង្គ្រាម ចម្បាំង រាំងជល់ ដែលប្រជាជាតិកម្ពុជាធ្លាប់បានហែលឆ្លងកាត់ អស់ ជាច្រើនឆ្នាំនាពេលកន្លងទៅ»។

អ្នកនយោបាយវិស័យចំណាស់រូបនេះថែមទាំងរំលឹកពីការកាន់កាប់ប្រទេសជាតិដោយរបបខ្មែរក្រហមមានការកាប់សម្លាប់ ប្រជាជនស្លូត ត្រង់អស់រាប់លាននាក់ និងបានបំបាត់សាសនាជាដើម។ សម្តេចចក្រី ហេង សំរិន មានប្រសាសន៍ថា ៖« យើងទាំងអស់គ្នាត្រូវតែចង ចាំពី ផលវិបាកនៃសង្គ្រាម ដោយត្រូវរួបរួមគ្នាក្នុងការថែរក្សាសុខសន្តិភាព ដែលយើងកំពុង មានដូចសព្វថ្ងៃ ហើយត្រូវបន្តខិតខំក្នុងការអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត»៕
ដោយ៖វណ្ណ ស័ក្តិ

