កូរ៉េខាងជើងថា ខ្លួនមិនដែលផ្ដល់អាវុធឱ្យរុស្សីឡើយ

ព្យុងយ៉ាង៖ កូរ៉េខាងជើងនិយាយថា ខ្លួនមិនដែលលក់សព្វាវុធទៅ ឱ្យរុស្ស៊ី ហើយក៏គ្មានគម្រោងធ្វើដូច្នេះទេ។ ការអះអាងនេះបន្ទាប់ពីមានរបាយការណ៍របស់សហរដ្ឋអាមេរិកថា ទីក្រុងមូស្គូកំពុង ងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីស្វែងរកអាវុធសម្រាប់ប្រយុទ្ធ ជាមួយអ៊ុយក្រែន។

មន្ត្រីអាមេរិកបាននិយាយថា រុស្ស៊ីកំពុងស្ថិតក្នុងដំណើរការ ទិញ គ្រាប់រ៉ុក្កែត និងកាំភ្លើងធំពីកូរ៉េខាងជើង។ ទន្ទឹមនឹងនេះអាមេរិកក៏ ចោទថា រុស្សីបានទិញសព្វាវុធរបស់អ៊ីរ៉ង់ដែរ។ ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានបដិសេធរបាយការណ៍នៅពេលនោះ។

ខណៈដែលរាល់នាំចេញ អាវុធរវាងប្រទេសកូរ៉េខាងជើងនិងអ៊ឺរ៉ង់ ជាការបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែល ធ្វើឡើង ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មន្ត្រី ក្រសួងការពារ ជាតិកូរ៉េខាងជើងដែលមិនបង្ហាញឈ្មោះ បាន និយាយ ថា «យើងមិន ដែលនាំចេញអាវុធ ឬគ្រាប់រំសេវទៅរុស្ស៊ីពីមុន មកទេ ហើយយើងនឹង មិនមានគម្រោងនាំចេញដែរ»។ មន្ត្រីដដែលបន្ថែមថា សហរដ្ឋ អាមេរិក និង សម្ព័ន្ធមិត្ត” ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីបម្រើ មហិច្ឆតានយោបាយ និងយោធា របស់ខ្លួនប៉ុណ្ណោះ ។

កាលពីដើមខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាន និយាយថា រុស្ស៊ីបានទិញអាវុធកូរ៉េខាងជើងដែលរួមមាន គ្រាប់កាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ជាដើម។

ប៉ុន្តែក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាន សេចក្តីថ្លែងការណ៍និយាយថាមិនមានភស្តុតាងណា មួយដែលបង្ហាញថា សព្វាវុធនឹងត្រូវប្រើប្រាស់ក្នុងសង្គ្រាម អ៊ុយក្រែន នោះទេ។

មន្ត្រីអាមេរិកនិយាយថា ការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក ដំបូងដែលផលិតដោយអ៊ីរ៉ង់ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ហើយ ប្រតិបត្តិករយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីទទួលការបណ្តុះបណ្តាល។ប៉ុន្តែ អ៊ីរ៉ង់បាន បដិសេធដែរ។

តាំងពីខែកុម្ភៈមក រុស្សីបានចំណាយប្រាក់និងសព្វាវុធយ៉ាងច្រើន សម្រាប់ យោធារបស់ខ្លួន បើទោះបីជាបានប្រើប្រាស់អាវុធទំនើបៗ ដូចជាកាំជ្រួចធ្វើដំណើរក៏ដោយ ពួកគេប្រឈមនឹងកងកម្លាំង អ៊ុយក្រែន ដែលប្រើប្រាស់អាវុធលោកខាងលិច។

ទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើងបានធ្លាក់ចុះបន្ទាប់ពីការដួល រលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ប៉ុន្តែបានប្រសើរឡើង បន្តិចម្តងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទំនាក់ទំនងរបស់ រុស្ស៊ីជាមួយលោកខាងលិចបានធ្លាក់ចុះ។

ជាមួយនឹងការផ្ទុះសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន របបរបស់លោក គីម ជុងអ៊ុន បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះជម្លោះ និងបាន ចោទ ប្រកាន់លោកខាងលិចថាបានបន្ត “គោលនយោបាយ អនុត្តរភាព” មិនតែប៉ុណ្ណោះ គីមជុងអ៊ុនថែមទាំងយល់ថា ការ ប្រើប្រាស់ កម្លាំងរបស់រុស្ស៊ីជាការត្រឹមត្រូវ។

កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយ ដែលបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួន ភាគខាង កើតអ៊ុយក្រែនដែលរណបរុស្ស៊ី។ ជាការសងសឹក អ៊ុយក្រែន បានកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយក្រុងព្យុងយ៉ាង។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន ប្តេជ្ញាថានឹងពង្រីក “ទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងស្ថាបនា” របស់ពួកគេនៅក្នុងលិខិតមួយទៅកាន់សមភាគីលោក គីម ជុងអ៊ុន។ កូរ៉េខាងជើងក៏បាននិយាយផងដែរថាខ្លួននឹងធ្វើការងារឱ្យកាន់តែស៊ីជម្រៅជាមួយក្រុងម៉ូស្គូ៕
ដោយ៖វណ្ណ ស័ក្តិ

ads banner