តើអ្វីទៅជាមូលហេតុនៅពីក្រោយការកេណ្ឌទ័ពរបស់រុស្ស៊ីនាពេលនេះ?
អន្តរជាតិ៖ ត្រឹមតែប៉ុន្មានថ្ងៃសោះក្រោយពីកងទ័ពរបស់រុស្ស៊ី បាត់បង់តុល្យការលើការប្រយុទ្ធជាមួយអ៊ុយក្រែនពោលគឺបាក់ទ័ព ចាញ់អ៊ុយក្រែននៅក្នុងសមរភូមិជួរមុខនៃតំបន់ភាគខាងកើតរបស់ប្រទេសនេះ មេដឹកនាំរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីនបានប្រកាស ឡើង ពីការកេណ្ឌទ័ពបម្រុងមួយភាគ ដើម្បីយកទៅប្រយុទ្ធបន្ថែម។
ក្រឹត្យដែលលោក ពូទីន ចុះហត្ថលេខា និងចូលជាធរមានភ្លាមៗនៅថ្ងៃពុធ ទី២១ ខែកញ្ញា អនុញ្ញាតឱ្យក្រសួងការពារជាតិរុស្ស៊ី អាចប្រមូលកម្លាំងទ័ពបម្រុងឱ្យបាន ៣០០ ០០០នាក់។តាមរយៈនេះវានឹងក្លាយជាការកេណ្ឌទ័ពយកទៅច្បាំងក្នុងសង្រ្គាមជា
លើកទីដំបូង មិនធ្លាប់មានពីមុនមក រាប់តាំងពីសង្រ្គាមលោកលើកទី២។
ការកេណ្ឌទ័ពនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណេះ បន្ទាប់ពីតំបន់ដែលគាំទ្រការផ្ដាច់ខ្លួននៅអ៊ុយក្រែនចំនួនបួនបានប្រកាសយ៉ាង តក់ក្រហល់ ពីការធ្វើប្រជាមតិ ដើម្បីអនុញ្ញាតឱ្យរុស្ស៊ីរាប់បញ្ចូលផ្នែកទាំងនោះ ថាជាទឹកដីរបស់ខ្លួនជាផ្លូវការ។
អ្នកវិភាគលោកខាងលិចមើលឃើញថា ប្រសិនបើផែនការនេះសម្រេចតាមការគ្រោងទុកនោះរុស្ស៊ីអាចនឹងប្រើកងទ័ពដែល ខ្លួនកេណ្ឌបានបន្ថែម ដើម្បីយកទៅធ្វើសង្រ្គាម ដោយសម្អាងលើយ៉ាងពេញទី លើលេសការពារទឹកដី និងប្រជាជនរុស្ស៊ី ដូចការអះអាងរបស់លោក ពូទីន។
ទោះបីជាយ៉ាងនេះក៏ដោយចុះ ការប្រកាសពីការកេណ្ឌទ័ពក្នុងលក្ខណៈប្រញាប់ប្រញាល់យ៉ាងដូច្នេះបង្កឱ្យមានការយល់ ឃើញខុសគ្នាៗ។ សម្រាប់អ្នកគាំទ្រក្រុងម៉ូស្គូ ជំហានរបស់លោក ពូទីន នៅពេលនេះ បង្ហាញពីអំណាចរបស់រុស្ស៊ីប៉ុន្តែសម្រាប់ អ្នកគាំទ្រអ៊ុយក្រែន វាគឺជាសញ្ញានៃការចុះខ្សោយរបស់រុស្ស៊ី។ យ៉ាងណាមិញ ទាំងអស់នេះសុទ្ធសឹងតែជាការយល់ឃើញ និងជាសេណារីយ៉ូដែលអាចទៅរួច ឈរនៅពីក្រោយការកេណ្ឌទ័ពរបស់លោក ពូទីន។
រុស្ស៊ីកេណ្ឌទ័ព ដើម្បីបង្ហាញសាច់ដុំនៃវិស័យយោធារបស់ខ្លួនលើឆាកអន្តរជាតិរាប់ចាប់តាំងពីខែចុងខែកុម្ភៈមក «ប្រតិបត្តិការយោធាពិសេស» របស់លោកពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលប្រាំពីរខែហើយ ប៉ុន្តែលទ្ធផលនៅតែមិនទាន់សម្រេចបានតាមគោលបំណងរបស់លោក។ ម្ដងហើយម្ដងទៀត លោក ពូទីនរួមទាំងមន្រ្តីក្រោម អំណាចរបស់វិមានក្រឹមឡាំង នៅតែទទូចថា ប្រតិបត្តិការយោធារបស់ខ្លួនកំពុងប្រព្រឹត្តទៅដោយរលូន និងតាមផែនការ ហើយមិនយូរមិនឆាប់ទេ រុស្ស៊ីនឹងឃើញជ័យជម្នះលើការរំដោះតំបន់ដុនបាសនៅអ៊ុយក្រែន។
សុទិដ្ឋិនិយមបែបនេះ អាចជាកម្លាំងចលករ ដែលជំរុញអ្នកគាំទ្រសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ក្នុងការយល់ឃើញថា ការកេណ្ឌទ័ពនៅពេលនេះ ជាការបង្ហាញអំណាច និងជាការបង្កើនយុទ្ធសាស្រ្តសង្រ្គាមរបស់រុស្ស៊ីដែលជាប្រទេសមហា អំណាចយោធាដ៏ធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ប៉ុន្តែអ្នកវិភាគលោកខាងលិចក៏យល់ស្របនឹងការយល់ឃើញបែបនេះផងដែរ ដោយលើកឡើងថា កំណែនទ័ពរបស់រុស្ស៊ី មានប្រយោជន៍ក្នុងការកម្លា ឬគំរាមដៃគូប្រជែងក្នុងជម្លោះ។
បើប្រៀបធៀបទៅ កងទ័ព ៣០០ ០០០ នាក់ ដែលនឹងត្រូវកេណ្ឌ មានទំហំធំទ្វេដង លើសចំនួនកងទ័ពរុស្ស៊ីដែលដាក់ពង្រាយ នៅក្បែរព្រំដែនអ៊ុយក្រែន មុនចាប់ផ្ដើមការឈ្លានពាននៅខែកុម្ភៈ។ ជាងកន្លះឆ្នាំនៃសង្រ្គាម រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា កងទ័ពរុស្ស៊ីដែលស្លាប់ក្នុងប្រទេសអ៊ុយក្រែន មានត្រឹមតែ ៥ ៩៣៧ នាក់ប៉ុណ្ណេះ។ តួលេខនេះខានចេញផ្សាយតាំងពីចុងខែមីនា (កាលនោះរុស្ស៊ីថាកងទ័ពរបស់ខ្លួនជាង ១ ៣០០ នាក់)និងមានទំហំខុសគ្នា ខ្លាំងទៅនឹងតួលេខរបស់អ៊ុយក្រែន ដែលប៉ាន់ស្មានកាលពីដើមខែកញ្ញានេះថា កងទ័ពរបស់រុស្ស៊ីលើសពី ៥០ ០០០ នាក់ត្រូវបានសម្លាប់។
ទោះបីជាយ៉ាងនេះក៏ដោយ ការបង្ហាញសាច់ដុំលើឆាកអន្តរជាតិនោះគឺថា ប្រសិនបើផែនការកេណ្ឌទ័ពមួយភាគធ្វើឡើងយ៉ាង រហ័សតាមគម្រោងនោះ មានន័យថាអំណាចយោធារបស់រុស្ស៊ី នៅតែរឹងមាំដូចអ្វីដែលខ្លួនបានឃោសនាពិតមែនមិនថារុស្ស៊ីត្រូវ បានបាត់បង់កម្លាំងទ័ពប៉ុន្មានពាន់នាក់នោះទេ។ បើតាមការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃពុធរុស្ស៊ីមានសក្ដានុពលអាចកេណ្ឌទ័ពទូទាំងប្រទេសបានរហូតដល់២៥លាននាក់ខណៈដែលរុស្ស៊ីមានកងទ័ពបម្រុង ដែលអាចប្រើសម្រាប់កំណែនរហូតដល់ពីរលាននាក់។
កេណ្ឌទ័ពដើម្បីពង្រឹងតួនាទីរក្សាសន្តិភាព៖
ក្រោយលោក ពូទីន ប្រកាសពីការកេណ្ឌទ័ពជាផ្លូវការ លោក Shoigu អះអាងប្រាប់អ្នកសារព័ត៌មានថាកងទ័ពបម្រុងដែល កេណ្ឌបាននឹងទទួលបានការបណ្ដុះបណ្ដាលលើជំនាញប្រយុទ្ធបន្ថែមមុននឹងដាក់ពង្រាយទៅសមរភូមិប្រយុទ្ធជួរមុខនៅអ៊ុយក្រែនប្រហែល ១ ០០០ គីឡូម៉ែត្រ។
គួររំលឹកជាថ្មីម្ដងទៀតថា ការប្រកាសដាក់ពង្រាយបែបនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពរុស្ស៊ីបាក់ទ័ពនៅសមរភូមិជួរមុខទាំងនៅ ភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែនបន្ទាប់ពីរងការវាយប្រហារពីកងទ័ពវាយបករបស់ក្រុងកៀវដែលប្រើជំនួយសព្វាវុធពីលោកខាងលិច។ ជុំវិញការកេណ្ឌទ័ពដដែលនេះ រុស្ស៊ីមិនបានបង្ហាញកាយវិការ ឬពាក្យសម្ដីណាមួយចំពោះតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នករក្សាសន្តិភាពក្នុងបណ្ដាប្រទេសអតីតសហភាពសូវៀតនោះទេ។ យ៉ាងណាក៏ដោយ អ្នកវិភាគយោធា និងភូមិសាស្រ្តនយោបាយមួយចំនួនបានលើកឡើងថាការប៉ះទង្គិចប្រដាប់អាវុធសារជាថ្មីនៅតាមបណ្ដោយព្រំដែននៃប្រទេសអតីតសហភាពសូវៀតដូចជាអាមេនី-អាស៊ែបៃហ្សង់និងតាហ្ស៊ីគីស្ថាន-កៀហ្ស៊ីស្ស៊ីស្ថានអាចជាលទ្ធផលនៃការបាក់ទ័ពចាញ់របស់ រុស្ស៊ីក្នុងសមរភូមិនៅអ៊ុយក្រែន។
អ្នកវិភាគថា ការប៉ះទង្គិចរវាងតាហ្ស៊ីគីស្ថាន-កៀហ្ស៊ីស្ស៊ីស្ថានកាលពីសប្ដាហ៍មុន អាចជាផលវិបាកមួយលេចចេញពីការដកទ័ព របស់រុស្ស៊ីពីក្នុងប្រទេសទាំងពីរ ដែលរុស្ស៊ីដាក់ពង្រាយតាមរយៈសន្ធិសញ្ញាសន្តិសុខសមូហភាព ( CSTO)។ ចំពោះការប៉ះទង្គិចរវាងអាមេនី និងអាស៊ែបៃហ្សង់ ដែលកើតឡើងនៅសប្ដាហ៍មុនដូចគ្នា អ្នកវិភាគមើលឃើញថា វាអាចជាការឆ្លៀតឱកាសរបស់អាស៊ែបៃហ្សង់ក្នុងការវាយប្រហារអាមេនីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅពេលឃើញរុស្ស៊ីទ្រុឌទ្រោមនៅអ៊ុយក្រែន ដែលខ្លួនកំពុងជាប់ដៃប្រយុទ្ធ។
ការសន្និដ្ឋានបែបនេះ បង្កឱ្យមានការយល់ឃើញថា ការកេណ្ឌទ័ពរាប់សែននាក់របស់រុស្ស៊ីអាចទប់ទល់នឹងការឆ្លៀតឱកាស ដូចអ្វីដែលអាស៊ែបៃហ្សង់បានធ្វើ។ហេតុផលនោះគឺថាទោះបីជារុស្ស៊ីមិនអាចពង្រឹងកម្លាំងទ័ពឬកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅក្នុងប្រទេសទាំងនេះនាពេលនេះក្ដី រុស្ស៊ីនៅតែអាចបង្កាការហក់លោតណាមួយដែលអាចកើតឡើងនៅថ្ងៃមុខ ប្រសិនបើកំណែនទ័ពរបស់ខ្លួន ក្លាយជាយុទ្ធសាស្រ្តក្នុងការឈ្នះសង្រ្គាមនៅអ៊ុយក្រែន។
ការកេណ្ឌទ័ពបង្ហាញថារុស្ស៊ីបាក់ទ័ព ខ្វះកម្លាំង និងកំពុងឈានទៅចាញ់សង្រ្គាមសម្រាប់អ្នកវិភាគជាច្រើន ជាពិសេស ពីលោកខាងលិច ការកេណ្ឌទ័ពរបស់លោក ពូទីន នាពេលនេះបង្ហាញថាទីក្រុងម៉ូស្គូកំពុងប្រឈមមុខនឹងកង្វះកងទ័ពយ៉ាងខ្លាំង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការជ្រើសរើសកងកម្លាំងទៅប្រយុទ្ធនៅសមរភូមិជួរមុខ ដោយរាប់បញ្ចូលទាំង អ្នកទោស និងអ្នកស្ម័គ្រចិត្ត ទាំងឆ្លងកាត់ការបណ្ដុះបណ្ដាលតិចតួច ក៏ដោយក្ដី។ ចំណុចដ៏គួឱ្យកត់សម្គាល់នោះគឺថា លោក Shoigu បានអះអាងថា កងទ័ពរបស់រុស្ស៊ីត្រឹមតែជិត ៦ ០០០ នាក់ប៉ុណ្ណេះ ដែលស្លាប់ក្នុងសង្រ្គាមហើយមន្រ្តីក្រុងម៉ូស្គូផ្សេង ទៀត ក៏ទទូចថា ប្រតិបត្តិការយោធាពិសេស ប្រព្រឹត្តទៅដោយរលូនផងដែរ ។ប៉ុន្តែលោក ពូទីនបែរជាប្រកាសពីការកេណ្ឌទ័ព រាប់សែននាក់ យ៉ាងតក់ក្រហល់បែបនេះទៅវិញ។ការគណនាខុសគឺជាបញ្ហាមួយសម្រាប់រុស្ស៊ីចាប់តាំងពីសង្រ្គាមចាប់ផ្ដើមមក។
ពីដំបូងៗ រុស្ស៊ីថាខ្លួនអាចនឹងវាយយកក្រុងកៀវបានត្រឹមរយៈពេល២ថ្ងៃយ៉ាងស្រួល ប៉ុន្តែបន្ទាប់ពីប្រយុទ្ធអស់មួយខែរុស្ស៊ី បានដកទ័ពចេញពីតំបន់ជុំវិញក្រុងកៀវហើយមកផ្ដុំកម្លាំងក្នុងការប្រយុទ្ធនៅតំបន់ដុនបាសវិញដោយមិនទទួលស្គាល់ការចុះចាញ់នៅទីនោះនោះទេ។ជាងប្រាំមួយខែនៃសង្រ្គាមពោលគឺដោយខែកញ្ញានេះរុស្ស៊ីបានដកទ័ពចេញពីតំបន់ខាកៀវហើយជាថ្មីម្ដង ទៀត រុស្ស៊ីអះអាងដូចគ្នាទៅនឹងអ្វីដែលខ្លួនលើកឡើងជាហេតុផលដូចកាលពីមុន ហើយច្រានចោលការចំអកដែលថា កងទ័ពរុស្ស៊ីបាក់ទ័ព ចោលទឹកដីដែលខ្លួនចំណាយពេលរាប់ខែដើម្បីដណ្ដើមយកពីកងទ័ពម្ចាស់ស្រុក។
ល្បឿននៃការវាយបកដ៏លឿន និងភាពមានប្រៀបរបស់អ៊ុយក្រែន ធ្វើឱ្យមានឱ្យព្យាករទាំងអ្នកគាំទ្រអ៊ុយក្រែននិងអ្នកគាំទ្រ រុស្ស៊ីថាមិនយូរមិនឆាប់អ៊ុយក្រែននឹងទទួលបានជ័យជម្នះហើយរុស្ស៊ីនឹងចុះចាញ់។រូបភាពបែបនេះជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំង លើការវិស័យការពារជាតិរបស់រុស្ស៊ី ពីអ្នកគាំទ្រក្នុងស្រុករបស់លោក ពូទីន និងស្នើឱ្យលោកបង្កើនកងទ័ពនិងផ្លាស់ប្ដូរ យុទ្ធសាស្រ្ត ដើម្បីយកឈ្នះអ៊ុយក្រែន។ ស្របពេលដែលការរិះគន់បែបនេះធ្វើឱ្យលោក ពូទីន ប្រថុចញុច មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវប្រឈមមុខនឹងការខកចិត្តពីសម្ព័ន្ធមិត្តផ្សេងៗទៀតក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃកាលពីសប្ដាហ៍មុន។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំប្រាប់លោក ពូទីន ថា យុគសម័យនេះមិនមែនជាយុគសម័យធ្វើសង្រ្គាមទេ ខណៈលោក ពូទីន ខ្លួនឯងផ្ទាល់ព្រលយថា ចិនមានចម្ងល់ និងកង្វល់ ចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
គ្រប់ទាំងបញ្ហាទាំងអស់នេះហើយ ដែលអ្នកវិភាគមួយចំនួនអះអាងថា ជាកត្តាមួយក្នុងចំណោមផ្សេងទៀត ដែលជំរុញឱ្យលោក ពូទីន បង្កើនភាពតានតឹងនៃសង្រ្គាម ដោយការបញ្ជាឱ្យមានការធ្វើប្រជាមតិនៅអ៊ុយក្រែន ការកេណ្ឌទ័ពនិងការព្រមាន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនចរចា ឬឆាប់ឃើញឈ្នះចាញ់ក្នុងសង្រ្គាម។ បើទោះបីជាយ៉ាងណាក្ដី ជំហានទាំងនេះទទួលរងនូវការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ លាយឡំនឹងការចំអកឡកឡើយពីលោកខាងលិច រួមទាំងអ៊ុយក្រែន ដែលថាខ្លួនរួមសាមគ្ដីគ្នា ហើយនឹងមិនឈប់ប្រយុទ្ធទេ លុះត្រាតែរុស្ស៊ីដកទ័ពចេញពីប្រទេសខ្លួនទាំងអស់។ មិនត្រឹមតែប៉ុណ្ណេះ ការកេណ្ឌទ័ពរបស់លោក ពូទីន ធ្វើឱ្យផ្ទុះការតវ៉ាក្នុងប្រទេស ដែលសុំឱ្យលោកពូទីន បញ្ជប់សង្រ្គាម។ ការណ៍នេះ អាចបង្កើតបានជាសេណារីយូផ្សេងទៀតថា កងទ័ពដែលរុស្ស៊ីនឹងកេណ្ឌទៅបន្ថែម នឹងគ្មានទឹកចិត្ត ឬមិនមានស្មារតីគ្រប់គ្រាន់ ក្នុងការឈរជើងប្រយុទ្ធក្នុងប្រតិបត្តិការឈ្លានពានក្រោមបញ្ជារបស់លោក ពូទីន៕
ដោយ៖ ហួន ឌីណា