ឃុំចំនួន៥ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកអង្គរជុំ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កំពុងផ្តោតការយកចិត្តទុកដាក់ជួយសម្រួល និងសង្រោះ !
ខេត្តសៀមរាប៖ លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២០ មកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ និងមួយផ្នែកទៀតទទួលឥទ្ធិពលទឹកជំនន់មកពីភូមិសាស្ត្រស្រុកវ៉ារិនផងនោះ បណ្តាលឱ្យកើតមានទឹកជំនន់នៅភូមិសាស្រ្តស្រុក ក្នុងនោះឃុំចំនួន៥ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកអង្គរជុំ រួមមាន ឃុំស្រែខ្វាវ, ឃុំចារឈូក, ឃុំនគរភាស, ឃុំតាសោម និង ឃុំគោល ។

លោកអភិបាលស្រុក បន្តថា ឯផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងឃុំទាំង៥នោះរួមមាន ១- ឃុំស្រែខ្វាវទឹកហូររំលងផ្លូវសរុបចំនួន ៥ខ្សែ មានប្រវែងសរុប ៥,៦០០ម៉ែត្រ, ២- ឃុំចារឈូក ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋសរុបនៅភូមិចំនួន៥ ស្មើនឹង ២២៥គ្រួសារ ទឹកហូររំលងផ្លូវចំនួន ៩ខ្សែ មានប្រវែងសរុប ១៣,៨៥០ម៉ែត្រ ដាច់ផ្លូវមាន ២កន្លែង ប្រវែង ៥០ម៉ែត្រ ទឹកហូរច្រោះផ្ទះធ្ងន់ធ្ងរខ្លាំង ១ខ្នង ទឹកលិចទីធ្លាសាលារៀនចំនួន ៣សាលា ទឹកលិចទីធ្លាវត្តចំនួន ១វត្ត និងទឹកលិចទីធ្លាមន្ទីពេទ្យបង្អែក, ៣- ឃុំនគរភាស ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ ចំនួន ០៨ភូមិស្មើនឹង ៩៨គ្រួសារ ទឹកហូររំលងផ្លូវចំនួន ៤ខ្សែ ប្រវែង ១,៥៩៥ម៉ែត្រ ដាច់ផ្លូវ ១កន្លែង ប្រវែង ១៥ម៉ែត្រ ទឹកហូរច្រោះផ្លូវ ១កន្លែងទឹកលិចទីធ្លាសាលារៀនចំនួន ១សាលា ទឹកលិចទីធ្លាមណ្ឌលសុខភាពនគរភាស ១កន្លែង និងទឹកលិចប៉ុស្ដិ៍នគរបាលរដ្ឋបាលនគរភាស ១កន្លែង, ៤- ឃុំតាសោម ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋសរុបចំនួន ១២ភូមិ ស្មើនឹង ១៨៧គ្រួសារ ទឹកហូររំលងផ្លូវចំនួន ១៨ខ្សែ មានប្រវែងសរុប ៨,៩១០ម៉ែត្រ និងទឹកលិចទីធ្លាសាលារៀនចំនួន ៥សាលា និង៥- ឃុំគោល ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋសរុបចំនួន ៧ភូមិ ស្មើនឹង ១០គ្រួសារ ទឹកហូររំលងផ្លូវសរុបចំនួន ៨ខ្សែ មានប្រវែងសរុប ៥,៩២០ម៉ែត្រ ទឹកហូរដាច់ផ្លូវមាន ៦កន្លែង មានប្រវែងសរុប ១៨៥ម៉ែត្រ ទឹកហូរច្រោះលូ ៦កន្លែង ទឹកលិចទីធ្លាសាលាមត្តេយ្យសហគមន៍ភូមិអំពិលធ្នង់ចំនួន ១សាលា ទឹកលិចទីធ្លាវត្តប្រាសាទគោលរង្ស៉ី និងទឹកលិចទីធ្លាមណ្ឌលសុខភាពគោល ១កន្លែង ។

លោកអភិបាលស្រុកអង្គរជុំ បានបន្ថែមថា នៅក្នុងអំឡុងពេលនៃការកើតមានគ្រោះទឹកជំនន់នេះ នៅមិនទាន់មានប៉ះពាល់ដល់អាយុជីវិប្រជាពលរដ្ឋ និងសត្វ នៅឡើយទេ ខណ:បច្ចុប្បន្ននេះ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ បន្តត្រៀមលក្ខណ: ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះ ក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក, ការថែទាំសុខភាព ការបង្ការជំងឺរាករូស, កាពារពីការយាយីពីសត្វមានអាសិរពិស និងការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត៕ ប្រភព ៖ សៀមរាប

