ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken
«ការវិនិយោគរបស់ក្រុមហ៊ុន Heineken នៅកម្ពុជា គឺជាការជឿជាក់ទៅលើដំណើរកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រីកការវិនិយោគនៅលើទឹកដីកម្ពុជា» នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken ដោយមានការចូលរួមពីលោក Dolf van den Brink, ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន HEINEKEN group លោកស្រី Michel de Carvalho នាយកប្រតិបត្តិនៃ Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយិកាប្រតិបត្តិនៃ Heineken Holding NV លោក Jacco van der Linden ប្រធាន HEINEKEN Groupប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Samson Wong នាយកគ្រប់គ្រងនៃ HEINEKEN Cambodia និង លោក Eren Ergin, នាយកប្រតិបត្តិនៃ BECIS នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ថ្ងៃនេះជាប្រវត្តិសាស្រ្តដែលក្រុមហ៊ុន Heineken បានឈានមួយជំហានទៀតប្រកបដោយចក្ខុវិស័យ និង សុទិដ្ឋិនិយមតាមរយៈ ការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រថាមពលកម្តៅជីវម៉ាស ស្របពេលដែលកម្ពុជា កាលពីចុងឆ្នាំ២០២១ ក៏បានដាក់ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន» ស្របតាមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរ ដែលបានកំណត់គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរផងដែរលើការអនុវត្ដសេដ្ឋកិច្ចវិលជុំ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការជំរុញការកែច្នៃ និងការពង្រឹងប្រសិទ្ធភាពថាមពល សំដៅលុបបំបាត់ ប្រភពបង្កើតសំណល់ និងកែច្នៃសំណល់ដែលបានបង្កើតឱ្យមានតម្លៃសេដ្ឋកិច្ច ដូចជាប្រែក្លាយសំណល់ឱ្យទៅជាថាមពលដែលអាចប្រើប្រាស់ និងផ្គត់ផ្គង់ដល់ដំណើរការខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ជាដើម។

ក្នុងនាមជាដៃគូរវិនិយោគដ៏ល្អ ដែលបានជឿជាក់មកលើកម្ពុជា តាំងពីឆ្នាំ១៩៩២-៩៣មកម៉្លេះ អំឡុងពេលដែលកម្ពុជាទើបបោះឆ្នោតអាណត្តិទី១ និង លំនឹងចិត្តនៃការវិនិយោគរបស់ក្រុមហ៊ុន Heineken ដែលបានជឿជាក់លើការដឹកនាំ កសាង អភិវឌ្ឍន៍ និង ការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជារហូតមកដល់បច្ចុប្បន្ននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសធ្វើអោយយុវជនកម្ពុជា បានផ្ញើរជោគវាសនាឱកាសការងាររបស់ខ្លួនទៅលើក្រុមហ៊ុន។

ឯកឧត្តមបន្តថា បន្ទាប់ពីទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ឃើញថា ក្រុមហ៊ុន Heineken បានគិតគូរពីសុវត្ថិភាព សុខភាពរបស់បុគ្គលិក និង បរិស្ថានរបស់កម្ពុជា ពិតប្រាកដមែន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផលិតកម្ម ស្អាត ទំនើប ធំទូលាយ និងការទុកដាក់ វេចខ្ចប់ កែច្នៃការសំនល់ប្រកបដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ ៕ ប្រភព ៖ ក្រសួងបរិស្ថាន

