មេដឹកនាំអាមេរិក និងអង់គ្លេសយល់ស្របលើតម្រូវការបញ្ចប់ការពឹងផ្អែកលើរុស្ស៊ី និងចិន

ញូវយ៉ក៖ មេដឹកនាំអាមេរិក និងអង់គ្លេសបានព្រមព្រៀងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលពីបណ្តាប្រទេសនានា រួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ បានជួបទល់មុខគ្នាជាលើកដំបូងនៅថ្ងៃពុធទី២១ ខែកញ្ញានេះ ក្នុងទីក្រុងញូវយ៉ក។

បើតាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស មេដឹកនាំទាំងពីរបានពិភាក្សាសង្កត់ធ្ងន់លើតម្រូវការ ដើម្បីបញ្ចប់ការពឹងផ្អែកខ្លាំងលើរដ្ឋផ្តាច់ការ ទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល បច្ចេកវិទ្យា និងផលិតកម្មរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ សេតវិមានក៏បានបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរបានយល់ព្រមបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួបរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជាប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងចិនផងដែរ។ ទន្ទឹមគ្នា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កិច្ចប្រជុំខាងលើនេះបានសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក-អង់គ្លេសលើបញ្ហាទាំងនេះនៅតែមិនប្រែប្រួល ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីនៅចក្រភពអង់គ្លេសក៏ដោយ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner