សហរដ្ឋអាមេរិកជំរុញពិភពលោកប្រាប់រុស្ស៊ីឱ្យបញ្ឈប់ការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន
ញូវយ៉ក៖ សហរដ្ឋអាមេរិកបានជំរុញប្រទេសនានាប្រាប់រុស្ស៊ីឱ្យបញ្ឈប់ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ និងបញ្ចប់ភាពភ័យរន្ធត់នៃសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២។
ប្រទេសរុស្ស៊ីបានកោះហៅកងទ័ពបម្រុងរាប់ម៉ឺនរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ បន្ថែមលើនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសនុយក្លេអ៊ែររបស់លោកនឹងប្រើគ្រប់មធ្យោបាយដែលមានសម្រាប់ដើម្បីការពារខ្លួន ប្រសិនបើទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានមើលឃើញការកត់សម្គាល់របស់លោក ពូទីន ថា ជា “ការគំរាមកំហែង” ជាពិសេសចំពោះផែនការរៀបចំការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដើម្បីក្លាយជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី។
បណ្តាប្រទេសលោកខាងលិចក៏បានថ្កោលទោសការបោះឆ្នោតប្រជាមតិទាំងនោះថា “ខុសច្បាប់ និងគ្មានច្បាប់ទម្លាប់”។ លោក ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា សមាជិកក្រុមប្រឹក្សាទាំងអស់គួរតែផ្ញើសារច្បាស់លាស់ថា ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរដែលមិនប្រុងប្រយ័ត្នទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់។ ប្រាប់លោកប្រធានាធិបតី ពូទីន ឱ្យបញ្ឈប់ភាពភ័យរន្ធត់ដែលគាត់បានចាប់ផ្តើម។
ប្រាប់គាត់ឲ្យឈប់យកផលប្រយោជន៍គាត់ លើសពីផលប្រយោជន៍របស់ពិភពលោក រួមទាំងប្រជាជនរបស់គាត់ផងដែរ។ ទន្ទឹមគ្នា ប្រមុខការទូតអាមេរិករូបនេះ បានអះអាងទៀតថា រុស្ស៊ីគួរតែប្រឈមមុខនឹងការចោទប្រកាន់ និងភាពឯកោបន្ថែមទៀតសម្រាប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយជំរុញឱ្យប្រទេសផ្សេងទៀតចូលរួមក្នុងការថ្កោលទោសយ៉ាងខ្លាំងក្លារបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រំពឹងថា ក្រុមប្រឹក្សានេះនឹងធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ីទេ ចាប់តាំងពីទីក្រុងម៉ូស្គូមានអំណាចវេតូក្នុងនាមជាសមាជិកអចិន្ត្រៃយ៍៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

