ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤នៅឧទ្យាន Tsutsujigaoka Daini ស្រុក Tatebayashi ខេត្ត Gunma,
ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត បានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនទី១៤ នៅឧទ្យាន Tsutsujigaoka Daini ស្រុក Tatebayashi ខេត្ត Gunma, ប្រទេសជប៉ុន កម្មវិធីនេះរៀបចំឡើងដោយ លោកយ៉ន សុភ័ក្រ ប្រធានគណៈកម្មាធិការ, លោក ឡាំ សារិទ្ធ តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ និង លោក ហែម សុីថៃ ប្រធានសមាគមន៍និស្សិតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ កម្មសិក្សាការី និស្សិត និងពលករជំនាញខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ប្រមាណជាង ៣ពាន់នាក់ នឹងមានការតាំងស្ដង់លក់ ម្ហូបអាហារខ្មែរជាច្រើនមុខ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបាននាំយកនូវទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ២អង្គ និមន្តមកពីវត្តខ្មែរសាមគ្គី និងវត្តបារមីភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ នឹងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរយើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅប្រទេសកម្ពុជារបស់យើងផងដែរ ។
ឆ្លៀតក្នុងឪកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរាជទូត បានសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិត កម្មសិក្សាការី ដែលកំពុងរស់នៅនឹងធ្វើការនៅប្រទេសជប៉ុន នឹងប្រាប់អំពីការទំនាក់ទំនង់កិច្ចសហប្រត្តិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយប្រាប់អំពីការអភិវឌ្ឍន៍គ្រប់វិស័យនៅប្រទេសកម្ពុជាផងដែរ ឯកឧត្តមបានបញ្ជាក់ថាទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគុណតម្លៃនៃសន្តិភាពដែលបានមកដោយលំបាក។
ឯកឧត្តមក៏បានរំព្ញកឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត៕ ដោយ / គ្រី សម្បត្តិ





