សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា

គុយបា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបាហើយ កាលពីព្រឹកថ្ងៃទី២៤កញ្ញា ម៉ោងនៅ រដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគូបា ត្រូវនិងថ្ងៃទី២៥កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគូបា ឯកឧត្តម Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ ជាមួយនិងកម្រងផ្កាដែលចារឹកអក្សរ នៃការគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរសគូបា ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិ មាតុ ភូមិ ពីការគាបសង្កត់នៃសត្រូវឈ្លានពាន រហូតគូបាទទួលបាននូវឯករាជ្យភាព ស្ថេរភាព និងការកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបា នៅពេលនេះរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម កៅ គឹមហួន ឯកឧត្តម អ៊ុច បុររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

នៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបសំ ដែងការគួរសមជាមួយ ឯកឧត្តម Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។ នៅក្នុងជំនួបពិភាក្សាគ្នានេះ ឯកឧត្តមប្រធានសភា បានលើកឡើងថា យើងពិតជារីករាយក្រៃលែងចំពោះទស្សនកិច្ចរបស់សម្តេចតេជោ នៅគុយបានាពេលនេះ ព្រោះបានជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមប្រធានសភា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានលើកឡើងថា សម្តេចពិតជាគោរពនូវអ្វីដែលឯកឧត្តមប្រធាន បានលើកឡើង ជាពិសេសពាក់ព័ន្ធនឹងមិត្តភាពរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជានិងគុយបា មានភូមិសាស្ត្រឆ្ងាយពីគ្នាមែន ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់គុយបាននោះទេ ហើយក៏មិនមែនជាឧបសគ្គសម្រាប់នាយករដ្ឋមន្ត្រីគុយបា ទៅទស្សនកិច្ចនៅប្រទេសកម្ពុជានោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងគុយបា នឹងចងចាំនូវការងារដែលបានធ្វើជាមួយគ្នាជាយូរមកដែរ។ ជាពិសេសការជួយគ្នាក្នុងឆ្នាំ១៩៧៩ កាលពី៤៣ឆ្នាំមុននោះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅគុយបា ដែលពេលនោះសម្តេចនៅជារដ្ឋមន្ត្រីការបរទេស ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរបស់កម្ពុជាចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រសិនបើគ្មានការជួយរបស់ឯកឧត្តមហ្វីដែលកាស្ត្រូទេនោះ កៅអីកម្ពុជាក្នុងចលនាមិនចូលបក្សសម្ព័ន្ធនេះ គឺដូចនឹងស្ថានភាពនៅអង្គការសហប្រជាជាតិ តែដោយសារមានការជួយរបស់ឯកឧត្តមហ្វីដែលកាស្ត្រូ ទើបកៅអីកម្ពុជាក្នុងអង្គការចលនាមិនចូលបក្សសម្ព័ន្ធត្រូវទុកទំនេរ។ សម្តេចតេជោក៏បាន អញ្ជើញឯកឧត្តមប្រធានសភា អញ្ជើញបំពេញទស្សនកិច្ចនៅកកម្ពុជា ក្នុងពេលវេលាដ៏សមស្រម នាពេលខាងមុខ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើពិធីបដិសណ្ឋារកិច្ចផ្លូវការជាមួយ ឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា។ នៅក្នុងជំនួបកំពូលនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្រោយពេលបដិវត្តន៍នៃប្រទេសគុយបា។ ជាការពិតយើងពិតជាមានភាពរឹងមាំ និងចំណុចខ្លាំងនៃទំនាក់ទំនងរវាងប្រទេសទាំងពី។ ទំនាក់ទំនងរបស់យើងបានចាប់ផ្តើម ជាពិសេសរវាងឯកឧត្តម ហ្វីដែលកាស្ត្រូ និងអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងន័យនេះយើងនឹងអបអរសាទរនៅក្នុងខែតុលា ខាងមុខនេះ នូវខួប ១០០ឆ្នាំនៃព្រះជន្មាយុព្រះករុណាសម្តេចឪ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ភាគច្រើននៃថ្នាក់ដឹកនាំរបស់យើងពេលនេះ កើតក្រោយបដិវត្តន៍ប្រទេសគុយបា ហើយបានដឹងក្តី ជាពិសេសបានស្តាប់

និងរៀនសូត្រអំពីដំណើរការនៃការស្វែងរកសេរីភាពដូចបណ្តាប្រទេសមួយចំនួនដូចជា ឡាវ កម្ពុជា និងវៀតណាមផងដែរ។ ហើយយើងតែងតែចងចាំអំពីពាក្យស្លោកថា ការទាមទារឯករាជ្យសម្រាប់កម្ពុជា ឡាវ និងវៀតណាម កន្លងទៅនេះ ហើយយើងក៏ចងចាំផងដែរអំពីដែលជាសង្គ្រាម ជាពិសេសការទម្លាក់គ្រាប់បែកនៅលើទឹកដីកម្ពុជាកន្លងទៅនេះ។ ប្រទេសយើងទាំងពីរជាស្ថាបនិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។

ឯកឧត្តមប្រធានាធិបតីគុយបា បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានិងគុយបា បានគាំទ្រការស្វែងរកសន្តិភាព ក៏ដូចជាយុត្តិធម៌នៅលើពិភពលោកនេះ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា នេះគឺជាមូលដ្ឋាននៃទំនាក់ទំនងប្រទេសគុយបា និងកម្ពុជា។ អ្វីដែលធ្វើឱ្យទំនាក់ទំនងកើតឡើង ថ្វីដ្បិតភូមិសាស្ត្រនៅឆ្ងាយពីគ្នាមែន ប៉ុន្តែមិត្តភាពប្រទេសទាំងពីរមានយូរអង្វែងមកហើយ។ មិត្តភាពនេះ បានរឹងមាំ និងមានសាមគ្គីខ្ពស់ផងដែរ។ នេះជាហេតុផលដែលនាំឱ្យមានទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនៅគុយបា ដើម្បីពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។ឯកឧត្តមប្រធានាធិបតីគុយ បានលើកឡើងទៀតថា គុយបាទទួលស្គាល់ភាពក្លាហានរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ឯកឧត្តមប្រធា នាធិបតី បានបន្ថែមថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ជាពិសេសទៀត ពង្រឹងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ហើយយើងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងគោលដៅនេះយើងទទួលស្គាល់នូវទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅគុយបា ក្នុងពេលវេលាមួយដែលមានភាពស្មុគស្មាញពាក់ព័ន្ធសេដ្ឋកិច្ច ហើយយើងក៏ទទួលដំណើរទស្សនកិច្ចនេះមានសញ្ញាវិជ្ជមាននៃមិត្តភាព និងសាមគ្គីភាព។ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឆ្លុះបញ្ចាំងយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមបន្ថែមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាសក្សីមួយដ៏សំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងនេះ។ ទី១៖ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទី២៖ នាយករដ្ឋមន្ត្រីគុយបា នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ និងទី៣៖ មុនដាច់ឆ្នាំនេះ យើងមានឆន្ទៈបន្តធ្វើការជាមួយគ្នា ជាពិសេសយើងនឹងមានការផ្លាស់ប្តូរទស្សនកិច្ចផ្សេងៗ ក៏ដូចជាកិច្ចប្រជុំតាមអនឡាញរវាងគណបក្សទាំងពីរផងដែរ។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់ការប្រយុទ្ធប្រឆាំងរបស់យើងចំពោះភាពអយុត្តិធម៌ទាំងឡាយ ដែលបណ្តាប្រទេសនានាធ្វើដាក់ប្រទេសគុយបាន។ មិនត្រឹមតែប៉ុណ្ណោះ យើងទទួលស្គាល់តួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយយើងក៏ទទួលស្គាល់ការគាំទ្ររបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មប្រទេសគុយបា ចូលទៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ពេលសម្តេចអញ្ជើញមកកាន់ប្រទេសគុយបាដំបូង សម្តេចទើបមានអាយុ២៧ឆ្នាំប៉ុណ្ណោះ ហើយពេលនោះថ្នាក់ដឹកនាំគុយបា មានភាពចាស់ទុំមែនទែន។ ពេលនេះសម្តេចមានភាពចាស់ទុំច្រើនជាង បើធៀបសម្តេចអញ្ជើញមកកាន់គុយបាកាលពីឆ្នាំ១៩៧៩។

បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីគូបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមានទី១ អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហូសេ អាងហ្គេល ព័រតាល់ មីរ៉ាន់ដា រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ គុយបា។ ២ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម ហេឡាដូ ផេណាល់ប៊ែរ ព័រតាល់ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទី៣ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម រ៉ូហេលីអូ ស៊ីរ៉ា ឌីយ៉ាស ព្រឹទ្ធបុរស នៃវិទ្យាស្ថានទំនាក់ទំនងបរទេសជាន់ខ្ពស់ នៃក្រសួងការបរទេសគុយបា។

បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា។ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យាស្ថានបានឲ្យដឹងថា ក្នុងក្តីស្រមៃរបស់ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តមនិងខិតខំយ៉ាងឲ្យមានការបង្កើតឡើងនូវមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យានេះឡើង ដើម្បីជួយដល់បញ្ញាវ័ន្តគុយបា បានធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទាក់ទិនទៅនិងវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍសមត្ថភាព។

សូមបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសកោះធំជាងគេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៊ីប និងជាកូនសោនៃច្រកឈូងសមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សំរាប់រភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៊ីប ទៅកាន់សហរដ្ឋអាមេរិក។ គុយបាមានធនធានធម្មជាតិដ៏សំបូរបែប មានសន្តិភាពយូរអង្វែង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំង ស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្បាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ពីការនាំចេញស្ករស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធនធានមនុស្សជាដើម។ បច្ចុប្បន្នគុយបា បាននិងកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងររួមមាន កង្វះអាហារ ថ្នាំពេទ្យ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ លំនៅដ្ឋាន ការខកខានសងបំណុលបរទេស កំណើននៃចលនាចំណាកស្រុក និងអត្រាអតិភរណាខ្ពស់ជាដើម។ ក្នុងន័យជំរុញការរួមចំណេកស្តារសេដ្ឋកិច្ចឡើងវិញ ឯកឧត្តម ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឲ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលមានការរីកចំរើនធំធាត់ប្រកបដោគុណភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវបច្ចេកវិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងទៅនិងជំងឺមហារីក ទឹកនោមផ្អែម វ៉ាកសាំងជំងឺកូវីដ ១៩ ដែលគុយបាផលិតដោយផ្ទាល់។

បន្ទាប់ពីបានតាមដានស្តាប់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនិងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។ ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនិងបន្តសហការជាមួយនិងក្រសួងសុខាភិបាលកម្ពុជា។

បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ អតីតប្រធា នាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ ឯកឧត្តម ហ្វដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់របស់ឯកឧត្តម ក្នុងរដ្ឋធានីហាវ៉ាណា។ ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដោយផ្ទាល់ ដល់លំនៅដ្ឋាន។ ឯកឧត្តមបន្តថា ឯកឧត្តមធ្លាប់បានធ្វើការងារជាច្រើន ជាមួយបងប្រុសរបស់ឯកឧត្តម ពិសេសធ្លាប់បានបងប្រែពេលឯកឧត្តម ហ្វីដែល កាស្រ្តូ បានជួបសម្តេចកាលពីទសវត្ស៨០ និងទសវត្ស៩០។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខឯកឧត្តមហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះសម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបា បានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយ បានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស។ ធនធានមនុស្ស

គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ។

ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភអងករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា។

បន្ទាប់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្មួយៗ និស្សិតកម្ពុជាចំនួន៦រូប ដែលកំពុងសិក្សាផ្នែកសុខាភិបាល នៅសាធារណរដ្ឋគុយបា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថា គុណបាជាប្រទេសដែលមានភាពជឿនលឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ សម្តេចតេ ជោបន្តថា យើងបានចាកឆ្ងាយពីមាតុប្រទេសកំណើតរបស់យើង យើងត្រូវខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ដើម្បីយកចំណេះវិទ្យាមកបម្រើប្រទេសរបស់យើងវិញ ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយប្រាពលរដ្ឋគុយបា និស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ និងនិស្សិតមកពី បរទេសដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតទាំង៦រូបផងដែរ។

តំណាងនិស្សិតមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាសនិងអនុញ្ញាតឲ្យក្មួយៗ បានចូលជួបសំដែងការគួរសម ដើម្បីបានស្តាប់ដោយផ្ទាល់នូវ ប្រសាសន៍ណែនាំរបស់សម្តេច។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានខិតខំតម្លើងប្រាក់អាហារូបករណ៍ ដល់ការសិក្សារបស់និស្សិតនៅក្រៅប្រទេស៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner