វត្តចំនួន២វត្ត ស្ថិតនៅខេត្តកាណាហ្កាវ៉ាទទួលបាននូវទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ប្រទេសជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២វត្ត ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងពិធីបុណ្យភ្ជំបិណ្ឌនេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃចំនួន២វត្ត ដែលគង់ចាំព្រះវស្សា នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អ៊ៃកាវ៉ា(aikawa) ខេត្តកាណាហ្កាវ៉ា(Kanagawa) និងវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅ វត្តលោកយាយជំទាវហេង)ស្ថិតនៅតំបន់ អ៊ីសេហារ៉ា(isehara )ខេត្តកាណាហ្កាវ៉ា(Kanagawa) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ឯកឧត្តមមានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ នឹងកាន់បិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែរមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល ដោយសទ្ធាជ្រះថ្លា និងជួបជុំសាច់ញាត្តិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក នឹងបានជម្រាបជូនអំពីការទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងអំពីការអភិវឌ្ឍន៍គ្រប់វិស័យ ក៏ដូចជាតម្លៃនៃសន្តិភាពនៅកម្ពុជា និងបានលើកទឹកចិត្តអោយបងប្អូនខ្មែរចេះរួបរួមគ្នាស្រឡាញ់ខ្មែរតែមួយ ជាពិសេសរួមគ្នាថែរក្សាសន្តិភាពនៅកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

