សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជិត ៥០០គ្រួសារនៅស្រុកអង្គរជុំ និងស្រុកស្រីស្នំ

សៀមរាប៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងសមាជិកសមាជិកា សាខាកាបាទក្រហមខេត្តជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជន់លិចលំនៅឋាន ចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ ។ អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។

ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមមានប្រសាសន៍ថា ៖ អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៍ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចំាជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ សម្តេច តេជោសែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្តម ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀតទៅតាមកាលកំណត់រៀងៗខ្លួន និងនៅតាមទីតាំងមណ្ឌុលសុខភាពក្បែរមូលដ្ឋាន ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ចៀសវាងការឆ្លងចូលសហគមន៍ជាថ្មី ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នាឡើយ យើងនៅតែជាក្តីព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៍សាហាវនេះ។

ឯកឧត្តម ទៀ សីហា បានសំណូមពរនិងផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា និងកំពុងជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ ។

អំឡុងពេលមួយថ្ងៃពេញ ឯកឧត្តម បានដឹកនាំក្រុម អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅភូមិសាស្ត្រមួយចំនួនក្នុងស្រុក អង្គរជុំ ក្រឡាញ់ និងស្រុកស្នំ ។ សូមជំរាបថា៖បើតាមអាជ្ញាធរស្រុកអង្គរជុំឱ្យដឹងថា៖នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានជាជំនន់ទឹកភ្លៀងលិចផ្នែកខ្លះនៃឃុំចំនួន២ នៅថ្ងៃទី២១ ភ្លៀងបន្តធ្លាក់ខ្លាំងនិងជំនន់ទឹកភ្លៀងបានហូរធ្លាក់ពីភូមិសាស្ត្រស្រុកអន្លង់វែងផងនោះ បានបណ្តាលឱ្យជន់លិចឃុំចំនួន៥បន្ថែមទៀត និងបណ្តាលឱ្យជន់លិចនិងខូចខាតមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សាលារៀន ផ្សារ វត្តអារាម ទីផ្សារព្រមទាំងផ្លូវថ្នល់ជាច្រើនទៀតផងដែរ។ផលប៉ះពាល់ទាំងនេះបានបណ្តាលឱ្យមានគ្រួសារដាច់ស្បៀងចំនួន ១៣២គ្រួសារ ប៉ុន្តែពុំបណ្តាលឱ្យប៉ះពាល់អាយុជីវិតមនុស្ស សត្វនៅឡើយទេ ។ ដោយឡែកស្រុកស្រីស្នំ តាមរបាយការរបស់អភិបាលស្រុកមានគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង (ដាច់ស្បៀង) ចំនួន ៣៥៣ គ្រួសារ ក្នុងឃុំចំនួន ៥ក្នុងចំណោមឃុំទាំង៦របស់ស្រុក ។ មកដល់ពេលនេះកម្រិតទឹកតាមបណ្ដាឃុំ បានស្រកចុះបណ្ដើរៗហើយ៕ សៀន សុផាត

ads banner