ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ខ្វះខាតស្បៀង រងគ្រោះដោយទឹកជំនន់ចំនួន ៥១១គ្រួសារ ក្នុងស្រុកក្រឡាញ់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់

សៀមរាប៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោក លោកស្រី ក្រុមការងារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង។អំណោយដែលបានចែកជូនរួមមាន៖ ត្រីខ ចំនួន ៦០០យួរ អង្ករ ចំនួន ១៥តោន និងថវិកា ចំនួន ២០លានរៀល។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្តីទី បានឱ្យដឹងថា ភូមិសាស្រ្ដស្រុកក្រឡាញ់ គិតចាប់តាំងពីថ្ងៃទី ១៧ ដល់ ២២ ខែកញ្ញា ឆ្នំា២០២២ មក មានភ្លៀងធ្លាក់ជាហូរហែ និងទឹកជំនន់ហូរស្រុងមកពីស្រុកស្រីស្នំ និងស្រុកវ៉ារិន បានបង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចក្រោមផ្ទះ បរិវេណទីធ្លា លិចផ្លូវ តាមបណ្តាភូមិ-ឃុំ ក្នុងក្នុងនោះមាន ឃុំចំនួន ០៨និង ៥៨ភូមិ ស្មើនឹង ៥១១គ្រួសារ រងគ្រោះដោយទឹកជំនន់នេះ ។

ឯកឧត្ដម ទៀ សីហា និង ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានសម្តែងការសោកស្តាយនិងចាត់ទុកថា នេះជាគ្រោះមហន្តរាយដោយធម្មជាតិដែលគ្រប់គ្នាទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ជាយថាហេតុ ដូចជាការឆក់ឬឆ្លងចរន្តអគ្គិសនី ជំងឺឆ្លងផ្សេងៗ។ល។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀតទៅតាមកាលកំណត់រៀងៗខ្លួន និងនៅតាមទីតាំងមណ្ឌុលសុខភាពក្បែរមូលដ្ឋាន ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ចៀសវាងការឆ្លងចូលសហគមន៍ជាថ្មី ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នាឡើយ យើងនៅតែជាក្តីព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៍សាហាវនេះ។ ឯកឧត្តម បានសំណូមពរនិងផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា និងកំពុងជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ ៕ សៀន សុផាត

ads banner