រដ្ឋបាលខណ្ឌដង្កោ សហការជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលជើងឯក រៀបចំពិធី បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យ ពូជសាសន៍ប៉ុល ពត

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ រួមជាមួយលោកស្រី រស់ សុភារ៉ាវី ប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក បានដឹកនាំក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជនសសយក ប្រជាពលរដ្ឋប្រមាណ៥០០នាក់ ធ្វើពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ មកពីវត្តទាំង២៣ ក្នុងខណ្ឌ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។

លោកបានលើកឡើងអំពីគោលបំណងនៃការធ្វើពិធីបង្សុកូល រាប់បាត្រ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបងប្អូនខ្លះបាត់បង់ជីវិតទាំងគ្រួសារ ដោយពុំមានបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសកុសលឲ្យ។

ពិធីនេះ គឺឧទ្ទិសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋដែលជាជនរងគ្រោះនៅក្នុងមណ្ឌលឧក្រិដ្ឋកម្មជើងឯកនេះផងដែរ។ ពិធីសូត្រមន្ត បង្សុកូល រាប់បាត្រនេះ រដ្ឋបាលខណ្ឌដង្កោ តែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំធ្វើឡើងចំនួន០២លើក គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner