ទោះពិការភ្នែកតែមិនពិការបេះដូង ខិតខំរៀនសូត្ររហូតប្រឡងជាប់បាក់ឌុប និងមាន គោលដៅបន្តថ្នាក់បរិញ្ញាបត្រតាមជំនាញចូលចិត្តរៀងៗខ្លួន
ទោះពិការភ្នែកតែមិនពិការបេះដូងទេ ពួកគាត់មិនចុះចាញ់ធម្មជាតិឡើយ ខិតខំរៀនសូត្ររហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានគោលដៅបន្តថ្នាក់បរិញ្ញាបត្រតាមជំនាញចូលចិត្តរៀងៗខ្លួនទៀត។
ដើម្បីលើកទឹកចិត្តដល់ប្អូនៗពិការភ្នែកចំនួន០៤នាក់ មកពីសាលាអប់រំពិសេសភ្នំពេញថ្មី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជួបសំណេះសំណាលជាមួយលោកគ្រូ និងសិស្សពិការភ្នែកចំនួន៤នាក់ ដែលបានប្រឡងជាប់ស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូដែលខិតខំយកចិត្តទុកដាក់អប់រំដល់សិស្សបានល្អដែលសាលានេះ បញ្ជូនសិស្ស៤នាក់ ទៅប្រឡងហើយជាប់ទាំង៤នាក់ ពោលគឺ១០០%។
លោកបានបន្តកោតសរសើរដល់ប្អូនៗដែលខិតខំយកចិត្តទុកដាក់រៀនសូត្រស្តាប់បង្គាប់គ្រូ តស៊ូលំបាករហូតបានប្រឡងជាប់ស្ថាពរសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាមិនធ្វើឲ្យលោកគ្រូអ្នកគ្រូអស់សង្ឃឹមមែន ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្អូនៗ និងអញ្ជើញមកសាកសួរសុខទុក្ខនៅសាលានេះរាល់ឆ្នាំ។
លោកអភិបាលបានជំរុញលើកទឹកចិត្ត និងចែករំលែកនូវបទពិសោធន៍ពីជីវិតការងារដល់ប្អូនៗពិការភ្នែកទាំង៤នាក់ សូមឲ្យប្អូនខិតខំរៀនសូត្របន្តនៅថ្នាក់បរិញ្ញាបត្រ ត្រូវរៀនឲ្យចេះគ្រប់មុខកុំប្រកាន់ ត្រូវស្តាប់បង្គាប់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ដើម្បីទៅកាន់ភាពជោគជ័យធ្វើឲ្យជីវិតប្រសើរឡើង។
លោកបានបន្តផ្តាំផ្ញើបើមានការខ្វះខាត សូមឲ្យគ្រូទាក់ទងមក នឹងខិតខំសម្រួលជូនតាមអ្វីដែលអាចធ្វើទៅបាន។ ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានឧបត្ថមលើកទឹកចិត្តដល់ប្អូនៗសិស្សពិការភ្នែក៤នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា១.០០០.០០០រៀលផងដែរ៕ធ.ដ