សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទទួលទានអាហារពេល ព្រឹក ជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម
តូក្យូ៖ នៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ សម្តេចអគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈ ដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នៅព្រឹកនេះ បានឱ្យដឹងថា នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសម្តែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។
សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហា សន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញ ទស្សនកិច្ច ផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។
ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយក រដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍ សំដែងនូវការរីករាយដោយបានជួយសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។
ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយ លើ ការងារធំៗជាច្រើន ដែលបម្រ្យឧត្តមប្រយោជន៍នៃប្រទេសនិង ប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺ កូវីដ១៩ក្តី។ មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះ ស្រាយ ការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហា បោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។
ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។
ឯកឧត្តមប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើន ដែលធ្លាប់ បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តី វៀតណាម។
ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕
ដោយ៖វណ្ណលុក

