យានយន្តល្មើសចំនួន ១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ទូទាំងប្រទេសបានដាក់គោលដៅសរុបចំនួន ០៩គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៥១១គ្រឿង ម៉ូតូ ៥០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦គ្រឿង មានម៉ូតូចំនួន ១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែកញ្ញានេះ ។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ ។
សូមជម្រាបផងដែរថា នៅថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន ៨នាក់(ស្រីគ្មាន)របួសធ្ងន់ចំនួន ១៣នាក់(ស្រី ៦នាក់) និងរបួសស្រាលចំនួន ១១នាក់(ស្រី ១នាក់)ដែលកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ១៣លើក ៕ ដោយ ៖ ឆៃហួត

