មេដឹកនាំអាមេរិក និងជប៉ុនថ្កោលទោសសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់
តូក្យូ៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការការពារប្រទេសជប៉ុន ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទទី២៦ ខែកញ្ញា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅទីក្រុងតូក្យូ ដែលក្នុងនោះមេដឹកនាំទាំងពីរថែមទាំងបានថ្កោលទោសសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការញុះញុងដ៏ខ្លាំងក្លា និងគ្មានការទទួលខុសត្រូវរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ ដោយសំដៅលើការធ្វើសមយុទ្ធជាបន្តបន្ទាប់របស់ចិន ហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រនេះ។
លោកស្រី ហារីស បានប្រាប់លោក គីស៊ីដា ក្នុងអំឡុងកិច្ចប្រជុំមួយនៅវិមាន អាកាសាកា ទីក្រុងតូក្យូថា សម្ព័ន្ធភាពរវាងជប៉ុន- អាមេរិក គឺជាមូលដ្ឋានគ្រឹះនៃអ្វីដែលយើងជឿជាក់ថា មានសារៈសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាមួយគ្នានេះ លោកស្រីក៏បានហៅការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់ប្រទេសជប៉ុនថា ជា “ដែកកេះ”។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ទៅកាន់តំបន់អាស៊ី ដែលនឹងរួមបញ្ចូលការឈប់សម្រាកនៅកូរ៉េខាងត្បូងខាងលើនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីចិនបានរិះគន់ខ្លាំងៗដល់ការសន្យារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីការពារកោះតៃវ៉ាន់។
លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថា នឹងរៀបចំកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងជាមួយលោក ស៊ី ជិនពីង របស់ប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខនេះ របស់ក្រុមប្រទេស G20 នៅឥណ្ឌូណេស៊ី៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា


