ធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃនឹងឡើងដល់ ៣.១% នៅឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍លើកមុន
បាងកក៖ ធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃនឹងកើនឡើងដល់ ៣.១% នៅឆ្នាំ២០២២នេះ ។
ធនាគារពិភពលោកបានឲ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើង ៣.១ ភាគរយនៅឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ ក្នុងខែមិថុនា ២.៩ ភាគរយ ហើយកំណើនបែបនេះ ជំរុញដោយ ការប្រើប្រាស់ឯកជន និងការនាំចេញ ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារបានកាត់បន្ថយការព្យាករណ៍កំណើនរបស់ប្រទេសថៃក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤.១ ភាគរយ ធៀបនឹងការរំពឹងទុកពីមុន ៤.៣ ភាគរយ ។
ធនាគារបាននិយាយនៅក្នុងរបាយការណ៍មួយថា ខណៈពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលរំពឹងទុកនៅឆ្នាំក្រោយនឹងធ្វើឱ្យថយចុះតម្រូវការសម្រាប់ការនាំចេញ ការបន្ធូរបន្ថយនៃជំងឺរាតត្បាត COVID-19 នឹងគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រំពឹងថានឹងមានការមកដល់នៃភ្ញៀវទេសចរបរទេសពី ៨លានទៅ ១០លាននាក់នៅឆ្នាំនេះ ដោយទទួលបានប្រាំលាននាក់ហើយ រហូតមកដល់ខែកញ្ញានេះ ។ សេដ្ឋកិច្ចថៃពឹងផ្អែកលើវិស័យទេសចរណ៍ ក្នុងនោះ មានភ្ញៀវទេសចរជិត ៤០ លាននាក់ កាលពីឆ្នាំ២០១៩ ។
រាជរដ្ឋាភិបាលថៃរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី ៣ភាគរយ ទៅ ៣,៥ភាគរយនៅឆ្នាំនេះ ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត


