កសិកររំពឹងថាតម្លៃស្វាយចន្ទីនឹងប្រសើរឡើង ក្រោយទទួលដំណឹងពីការបង្កើតសហព័ន្ធស្វាយចន្ទី
ភ្នំពេញ៖កសិករដាំស្វាយចន្ទីរំពឹងថា ស្វាយចន្ទីអាចនឹងមានតម្លៃកាន់តែប្រសើរឡើង ក្រោយទទួលដំណឹងថា សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ដំណាំស្វាយចន្ទីកម្ពុជា។
លោក ប៉ាន់ ផល្លី កសិករដាំស្វាយចន្ទីចំនួន៣៥ ហិកតា នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់ថា ការបង្កើតសហព័ន្ធស្វាយចន្ទីគឺពិតជារឿងដែលល្អណាស់ ព្រោះវានឹងផ្តល់ផលដល់កសិករ។
លោកថ្លែងដូច្នេះថា៖«ល្អណាស់បង្កើតសហព័ន្ធនេះឡើង ព្រោះវាបានផលដល់កសិករ ហើយកសិករមានទំនុកចិត្តក្នុងការដាំស្វាយចន្ទី ក៏ដូចជាផលដំណាំដែលកសិករធ្វើបាន ហើយមានទីផ្សារ។ ពួកគាត់ខិតខំប្រឹងថែទាំដំណាំបន្តទៀត»។
លោកបន្តថា ជារៀងរាល់ឆ្នាំស្វាយចន្ទីមានតម្លៃប្រសើរនៅដើមរដូវ ដោយមានតម្លៃជិត៥០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែដល់ពេលកសិករប្រមូលផលច្រើន ឬចុងរដូវ តម្លៃនៅសល់ត្រឹមជាង៣០០០ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
លោកបន្ថែមថា កាលពីឆ្នាំ២០២១ ការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញច្រើន ហើយគួបផ្សំនឹងឈ្មួញទម្លាក់តម្លៃនៅចុងរដូវ ធ្វើឱ្យលោកខាតបង់ថវិកាចំនួនជាង៣ ម៉ឹនដុល្លារ ពីមុខរបរដាំស្វាយចន្ទីនេះ។
លោកថ្លែងដូច្នេះថា៖«កាលពីឆ្នាំមុនមានសត្វល្អិតមកបំផ្លាញ បានផលជាងពាក់កណ្តាលប៉ុណ្ណោះ ខាតបង់ថវិកាចូល ជាង៣ ទៅ៤ ម៉ឺនដុល្លារដែរហ្នឹង។ ឥឡូវខ្ញុំចង់ឱ្យបង្កើតសហព័ន្ធហ្នឹងឡើងទៅប្រហែល ឈ្មួញមិនអាចទម្លាក់តម្លៃទេ»។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង«សហព័ន្ធស្វាយចន្ទីកម្ពុជា» មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយតំណាងសំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទីដូចមានចែងក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក។
លោកថ្លែងដូច្នេះថា៖«ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងដំណើរការត្រៀមរៀបចំសន្និបាតដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និងប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា សង្ឃឹមថា ការបង្កើតសហព័ន្ធស្វាយចន្ទីនេះ នឹងបម្រើផលប្រយោជន៍ដល់កសិករ ហើយផ្តល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ខណៈកន្លងមកសហព័ន្ធបានបង្កើតឡើងមកច្រើនណាស់ ប៉ុន្តែមិនបានបម្រើដល់កសិករពិតប្រាកដនោះទេ។
លោកថ្លែងដូច្នេះថា៖«ច្រើនបម្រើប្រយោជន៍ដល់ក្រុមហ៊ុននាំចេញ ដូច្នេះបានជាសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជូនសមាជិកគោលដៅរបស់យើងចំនួនបួនរូប ដើម្បីចូលរូមក្នុងការបង្កើតសហព័ន្ធនេះដើម្បីផ្តល់ប្រយោជន៍ឱ្យបានច្រើនដល់កសិករ»។
លោកបន្តថា សហព័ន្ធចន្ទីកម្ពុជាផ្តោតទៅលើការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស និងទាក់ទាញក្រុមអ្នកវិនិយោគ មកវិនិយោគវិស័យស្វាយចន្ទីនៅកម្ពុជា ខណៈសមាគមស្វាយចន្ទីកម្ពុជាធ្វើការនៅមូលដ្ឋានជាមួយសិប្បកម្មកែច្នៃតាមខេត្ត និងកសិករផ្ទាល់តែម្តង។
លោកឱ្យដឹងថា បច្ចុប្បន្នសហព័ន្ធចន្ទីកម្ពុជា កំពុងរៀបចំលក្ខន្តិកៈផ្សេងៗ ដើម្បីបញ្ជូនឱ្យក្រសួងមហាផ្ទៃទទួលស្គាល់។
លោកមានប្រសាសន៍បន្ថែមដូច្នេះថា៖«ជាទូទៅក្រសួងពាណិជ្ជកម្ម ជាអ្នកគ្រប់គ្រងសហព័ន្ធ ព្រោះក្រសួងពាណិជ្ជកម្ម ជាអ្នករកទីផ្សារ និងការនាំចេញ ដូច្នេះសហព័ន្ធនឹងធ្វើការជាប់ជាមួយក្រសួងពាណិជ្ជកម្ម»។
លោកបញ្ជាក់ថា នៅក្នុងក្រុមប្រឹក្សាភិបាលសហព័ន្ធចន្ទីកម្ពុជា តម្រូវឱ្យមានកសិករពី៥ ទៅ៦រូប ក្រុមហ៊ុនកែច្នៃក្នុងស្រុកយ៉ាងហោចណាស់ចំនួន៣ និងក្រុមហ៊ុននាំចេញពីពីរ ទៅបី រូប។
ក្រសួងពាណិជ្ជកម្មដាក់ក្ដីសង្ឃឹមថា ក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្ស និងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត។
យោងតាមទិន្នន័យពីក្រសួងកសិកកម្មបង្ហាញថា នៅត្រីមាសទី ១ ឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ២៧១ ៩៩៤,៤៨ តោន ថយចុះចំនួន ៣៩,៦៧ ភាគរយ និងគ្រាប់ស្វាយចន្ទីកែច្នៃ ចំនួន ២១៣,៤១ តោនកើនឡើង ៣១១,៨៣ ភាគរយ៕
ដោយ៖ ហ្វីន ហ្វ្រីដា

