“ចុងភៅព្រៃ” ដើរចម្អិនអាហារដល់អ្នកទេសចរក្នុងព្រៃភ្នំនៅសហគមន៍អេកូទេសចរណ៍ជីផាត

ខេត្តកោះកុង៖ ចុងភៅព្រៃ គឺជាការបម្រើផ្នែកម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ទទួលទាននៅពេលធ្វើដំណើរកម្សាន្តផ្សងព្រេងតាមតំបន់ទេសចរណ៍ដែលមាន មាននៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។អ្នកចុងភៅព្រៃនឹងដើរតាមភ្ញៀវទេសចរដើម្បី បម្រើលើសេវា ម្ហូបអាហារ និងរួមទាំងក៏ជាអ្នកមគ្គទេសក៍នាំផ្លូវផងដែរ។

អ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងព្រៃនៅសហគមន៍អេកូទេសចរណ៍ជីផាត អាចធ្វើការជ្រើសរើសយកចុងភៅព្រៃ សម្រាប់ចម្អិនម្ហូបអាហារឱ្យបរិភោគក្នុងដំណើរកម្សាន្តមួយថ្ងៃ ឬ ច្រើនថ្ងៃនៅតាមតំបន់ទេសចរណ៍នានាតាមព្រៃភ្នំដែលជាដំណើរកម្សាន្តបែបផ្សងព្រេង។

ការបម្រើសេវាកម្មបែបចុងភៅព្រៃនេះមានរយៈពេលជាង១០ឆ្នាំមកហើយ នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។សេវាកម្មផ្នែកម្ហូបអាហារចល័តបែបក្នុងព្រៃនេះត្រូវបានបង្កើតឡើងមកដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ កុំឱ្យជួបការលំបាកពាក់ព័ន្ធនឹងម្ហូបអាហារក្នុងការធ្វើដំណើរកម្សាន្តបែបថ្មើរជើងច្រើនថ្ងៃឆ្លងកាត់តាមព្រៃភ្នំ។

លោក សុខ ជ្រ គឺជាចុងភៅព្រៃ និងក៏ជាមគ្គុទេសក៍មួយរូបប្រចាំនៅសហគមន៍អេកូទេសចរណ៍ជីផាត បានបញ្ជាក់ប្រាប់ AMS ឱ្យដឹងថា លោកបានប្រកបរបរជាចុងភៅព្រៃនេះជិត១០ឆ្នាំមកហើយ ។ ការបម្រើសេវាកម្មចុងភៅព្រៃនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចង់ធ្វើដំណើរកម្សាន្តព្រៃភ្នំ ។ ក្នុងការបម្រើសេវាកម្មម្ហូបអាហារនេះលោកតែងតែត្រូវរែកពន្ធសម្ភារៈច្រើនតាមខ្លួនក្នុងនេះដូចជា អង្ករ ចានឆ្នាំង ទឹកត្រី អំបិល ប៊ីចេង សាច់ បន្លែងបង្កា បង្អែម ផ្លែឈើដើម្បីទុកចម្អិនជូនភ្ញៀវទេសចរដែលធ្វើដំណើរ ។

ក្នុងបង្វេចដាក់លើខ្នងរៀងរាល់លើកក្នុងការធ្វើដំណើរចូលព្រៃជាមួយអ្នកទេសចរ លោក សុខ ជ្រ ត្រូវរែកពន់ទម្ងន់យ៉ាងតិច ២០គីឡូក្រាមលើខ្នងរៀងរាល់ពេល ។ បន្ថែមលើនេះក៏មានតង់ មុង ភួយសម្រាប់ទុកឱ្យភ្ញៀវទេសចរថែមទៀត។

ក្នុងការចេញដំណើរម្តងៗ លោក សុខជ្រ បានរៀបរាប់ប្រាប់ថា”ពេលចូលព្រៃខ្ញុំក៏បានរកបន្លែតាមព្រៃភ្នំ និងពិសេសពេលខ្លះស្ទូចត្រី ជាមួយភ្ញៀវទេសចរក្នុងការយកមកធ្វើម្ហូបដែលជាចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរណាស់ ។ វាជាក្តី សប្បាយរីករាយ និង អនុវសាវរីយ៍ជាមួយគ្នា ។ ពេលយប់យើងដុតភ្លើងអាំងសាច់ និងក្លែមស្រាជាដើម”។

ក្នុងវ័យ៥២ឆ្នាំដែលអតីតធ្លាប់តែចូលព្រៃបរបាញ់សត្វ និងកាប់ព្រៃឈើ ហើយបច្ចុប្បន្នបានងាកមកបម្រើសេវាកម្មទេសចរណ៍វិញនេះ លោកសុខ ជ្របានឱ្យដឹងថាពេលធ្វើដំណើរចូលព្រៃម្តងៗលោកតែងនាំភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរខ្មែរ ។ ការធ្វើដំណើរមានរយៈពេលចាប់ពី១ថ្ងៃដល់រហូតដល់៥-៦ថ្ងៃទៅតាមការចង់បានរបស់ភ្ញៀវទេសចរ។

ទាក់ទិនក្នុងរឿងនេះ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា ក្នុងការនាំភ្ញៀវទេសចរកម្សាន្តព្រៃភ្នំពិសេសតំបន់ទេសចរណ៍សំខាន់ដូចជាទឹកជ្រោះ តំបន់ពាងបុរាណ តំបន់ទេសភាពស្រស់ត្រកាល ទាំងនេះមានចម្ងាយផ្លូវចាប់ពីជាង ១០គីឡូមែត្រ និង ភ្ញៀវបរទេសខ្លះទៀតទិញកញ្ចប់ដំណើរកម្សាន្តរយៈចម្ងាយផ្លូវរហូតដល់២០-៤០គីឡូម៉ែត្រទៀតផង។

ប្រធានសហគមន៍ អេកូទេសចរណ៍ជីផាតរូបនេះបានបញ្ជាក់បន្ថែមថា ការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងនេះគឹភ្ញៀវបរទេសចូលចិត្តបំផុតពិសេសមកពីតំបន់អឺរ៉ុប ពួកគេមមានទាំងមិត្តភក្តិ គ្រួសារ និងគូស្នេហាជាដើម ។ ការចូលក្នុងព្រៃនេះគឺក្រុមភ្ញៀវទេសចរត្រូវសម្រាកបែបបោះតង់ ហើយក៏មានកិច្ចការពារសុវត្តិភាពជូនពួកគាត់យ៉ាងល្អប្រសើរផងដែរ ។

លោក អន សុវណ្ណ បានបញ្ជាក់បន្ថែមថាសហគមន៍មួយកន្លែងនេះ មានទីកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា៖តំបន់ពាង ៧០ ឬ ភ្នំពើងមឈូសបូរាណ, តំបន់ពាងបុរាណ និងមឈូសបុរាណភ្នំពេល,តំបន់ពាងបុរាណអូរកី,តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រង៉ោល,ឆាយអូសគូទ,វាលប្រាក់,ឆាយទឹកវេទ,ស្ទឹងព្រ័ត, ថ្មអណ្តែត,ដំណាក់ខូស, អូរពាមក្រវ៉ាញ ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍អេកូទេសចរណ៍ជីផាតកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner