មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ឆបោក ប្រាក់ រត់ការចូលក្របខណ្ឌនគរបាល ត្រូវតុលាការសម្រេចឃុំ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញារង ប្លង់ សុផល ជាតំណាងអយ្យការ បានបើកសវនាការជម្រះផ្ទាល់ និងសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ហុក គីមសាយ ជាសមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់២ម៉ឺនដុល្លារ ក្នុងការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧។
សូមជម្រាបជូនថា ជនជាប់ចោទឈ្មោះ ហុក គីមសាយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេ២៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ គួររំលឹកថា កាលពីអំឡុងឆ្នាំ២០១៧ ជនជាប់ចោទឈ្មោះ ហុក គីមសាយ បានយកប្រាក់ពីជនរងគ្រោះឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន២ម៉ឺនដុល្លារ យកទៅរត់ការចូលក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ។ ប៉ុន្តែជនជាប់ចោទ រត់ការមិនបានសម្រេច និងមិនព្រមប្រគល់លុយឲ្យជនរងគ្រោះវិញនោះទេ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅតុលាការឲ្យជួយរកយុត្តិធម៌តែម្តង។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ហុក គីមសាយ បានសារភាពថា ខ្លួនពិតជាបានយកលុយពីជនរងគ្រោះ ប្រាកដមែន ប៉ុន្តែប្រាក់នោះខ្លួនទទួលបានត្រឹម៣០០០ដុល្លារប៉ុណ្ណោះ ចំណែកលុយ១៧០០០ដុល្លារទៀត ខ្លួនប្រគល់ឲ្យទៅកូនប្រុសរបស់មន្ត្រីធំម្នាក់ទៀតជាអ្នករត់ការបន្ត៕ធ.ដ