រុស្ស៊ី សន្យាជំរុញការហោះហើរត្រង់មកកម្ពុជា និងផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ឱ្យបានច្រើននៅប្រទេសខ្លួន
រុស្ស៊ី ដែលជាប្រទេសធំជាងនៅគេលើពិភពលោកនោះ បានទទួលសំណើក្នុងការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងសហការជាមួយកម្ពុជា ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន សំដៅរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដឹកនាំដោយលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ី មកកាន់កម្ពុជានៅឡើយទេ ដូច្នេះហើយបានជាឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។ រុស្ស៊ីបានទទួលយកនូវសំណើទាំងនេះ យ៉ាងពេញចិត្ត ប៉ុន្តែក៏បានស្នើមកកម្ពុជាវិញដែរ គឺសូមសហការជាមួយរុស្ស៊ីឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅប្រកបដោយផ្លែផ្កា។
ឯកឧត្តម ថោង ខុន បានស្នើរុស្ស៊ី ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី ព្រមទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើភាគីរុស្ស៊ីរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា (Farm Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ី ឱ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង។
ឯកឧត្តមក៏បានស្នើឱ្យភាគីរុស្ស៊ីជួយសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដំណើរកម្សាន្តផ្សេងៗនៅកម្ពុជាឱ្យបានញឹកញាប់ផងដែរ។ ក្នុងក្របខ័ណ្ឌសិក្សាធិការ ឯកឧត្តម ថោង ខុន បានស្នើឱ្យរុស្ស៊ីជួយកម្ពុជាបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម ដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារុស្ស៊ី ហើយរុស្ស៊ីបានឆ្លើយតបមកវិញថា នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ នឹងបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងរយៈពេលវែង ដល់អ្នកជំនាញទេសចរណ៍កម្ពុជា ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទទួលភ្ញៀវទេសចររុស្ស៊ី។ ទន្ទឹមនឹងនោះ ឯកឧត្តម ថោង ខុន ក៏បានលើកជាយោបល់ដល់លោកឯកអគ្គរដ្ឋទូរុស្ស៊ី ក្នុងការពិចារណាពង្រីកវិសាលភាពការងាររបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និវប្បធម៌រុស្ស៊ីនេះ គ្រប់ដណ្ដប់លើអាស៊ានទាំងមូល មានន័យថា អាចពង្រីកការបណ្ដុះបណ្ដាលបញ្ជ្រាបចំណេះដឹងផ្នែកភាសា វបធម៌ និងទេសចរណ៍របស់រុស្ស៊ី ទៅដល់ប្រទេសនានានៅតំបន់អាស៊ាន ខណៈនៅក្នុងអាស៊ាន កម្ពុជាប្រទេសទទួលបន្ទុកផ្សព្វផ្សាយវប្បធម៌ និងភាសារុស្ស៊ី ទៅដល់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត៦៥,០០០នាក់ និងនៅរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង៣៤,០០០នាក់។ ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ៕ធ.ដ