ក្រុមអ្នកឃ្លាំមើលសាទរចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបករណីជួញដូរមនុស្សនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកជំនាញឃ្លាំមើលបញ្ហាសង្គម បានសាទរលើការប្តេជ្ញាចិត្តកន្លងមករបស់រដ្ឋាភិបាល និងយល់ស្របឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់លើករណីជួញដូរមនុស្ស ជាពិសេសការរឹតបន្តឹងលំហូរចូលនូវជនបរទេស ពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងជាពិសេសវែកមុខអ្នកពាក់ព័ន្ធឃុបឃិត ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិឲ្យមានទំនុកចិត្តលើកម្ពុជាឡើងវិញ។

ក្រុមអ្នកវិភាគយល់ថា បើសិនជាបញ្ហាជួញដូរមនុស្សឬបោកបញ្ឆោតតាមអនឡាញ នៅបន្តកើតមាន នោះនឹងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាដែលអាចប្រឈមមុខនឹងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ការស្រុតចុះនូវលំហូរវិនិយោគទុន ជំនួយមូលនិធិអភិវឌ្ឍប្រទេស និងធ្លាក់ចុះវិស័យទេសចរណ៍ ។ល។

លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថា បទល្មើសជួញដូរមនុស្សជាបញ្ហាធំរបស់របស់ពិភពលោកដែលគេកំពុងយកចិត្តទុកដាក់ឃ្លាំមើល និងត្រួតពិនិត្យ ជាពិសេសបណ្តាប្រទេសដែលមានប្រព័ន្ធច្បាប់និងការអនុវត្តច្បាប់ធូររលុង។ លោកបន្តថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅមានចន្លោះប្រហោងខ្លាំងដែលបង្កភាពងាយស្រួលដល់ឧក្រិដ្ឋជនយកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសជួញដូរមនុស្សបាន ដោយលោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលមិនបានចាត់វិធានការឲ្យមានប្រសិទ្ធភាពទេនោះ អាចនឹងមានទណ្ឌកម្មពីសហគមន៍អន្តជាតិនានាបន្ថែមទៀត ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិតមាស នី គូសបញ្ជាក់៖ «ការជួញដូរមនុស្សនេះ ជាការរំលោភសិទ្ធិមនុស្ស ហើយកាលណាចូលដល់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយ យើងអាចនឹងទទួលរងទណ្ឌកម្មអន្តរជាតិ បើយើងមិនបានត្រួតពិនិត្យដើម្បីកាត់បន្ថយវា » ។

លោកបណ្ឌិតមាស នី បន្ថែមថា បើសិនជារដ្ឋាភិបាលមិនបានដោះស្រាយករណីនេះឲ្យមានភាពប្រសិទ្ធទេ នោះទីក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងម៉ាហ្វីយ៉ាសម្រាប់ឧក្រិដ្ឋជន ដែលនឹងប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងស្រុក និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្រសួងការបទេសអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅរបស់ខ្លួនលើផ្នែកជូញដូរមនុស្ស ដែលចាត់ថ្នាក់កម្ពុជាក្នុងលំដាប់ទី២ ក្នុងការតាមដានហើយសហរដ្ឋអាមេរិកអះអាងថា ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំដាប់ ។

ចំពោះលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថា ករណីជួញដូរមនុស្សនៅកម្ពុជាសហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជាក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់ដែលក្នុងរូបភាពបែបនេះ វាបានប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជាពិសេសលំហូរវិនិយោគទុនពីបរទេសដោយផ្ទាល់នៅក្នុងស្រុកដែលអ្នកវិនិយោគទាំងនោះមានការខ្លាចរអាក្នុងការបោះទុនវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតគិន ភា បានគូសបញ្ជាក់ពីនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយមុខមាត់ប្រទេសឡើងវិញ ដូច្នេះថា៖ «ជានយោបាយការបរទេស រដ្ឋាភិបាលកម្ពុជាបានបង្ហាញទៅកាន់អន្តរជាតិ ថាបញ្ហាជួញដូរមនុស្សនេះ កម្ពុជាមិនបានគាំទ្រឡើយ។ ហើយរដ្ឋាភិបាលក៏មានក្របខណ្ឌនយោបាយប្រកដប្រជាក្នុងការប្រយុទ្ធប្រឆាំងដែរ ព្រមទាំងសុឆន្ទៈក៏ដូចជាការខិតខំប្រឹងប្រែងរួចហើយ លើករណីជួញដូរមនុស្សនេះនិងការបង្ក្រាបល្បែងអនឡាញជាដើមនេះ »។

លោក សឹង សែងករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកវិញ បន្តព្រួយបារម្ភពីករណីជួញដូរមនុស្ស ក៏ដូចជាការលាងលុយកខ្វក់ផងដែរ ដែលរឿងពីរនេះគឺមានចំណងពាក់ព័ន្ធគ្នា។ លោកថា បញ្ជីប្រផេះចំពោះការលាងលុយកខ្វក់ ដែលវាធ្វើឲ្យអ្នកវិនិយោគភាគច្រើនមិនហ៊ានមករកស៊ីនៅកម្ពុជា ជាពិសេសអ្នកវិនិយោគក្នុងបណ្តាប្រទេសលោកសេរី ដោយពួកគេមិនអាចរកស៊ីក្នុងប្រទេសដែលមានចំណាត់ថ្នាក់អាក្រក់លើការរំលោភសិទ្ធិមនុស្ស និងស្រុតចុះប្រជាធិបតេយ្យបានឡើយ និងមួយវិញទៀតគឺពួកគេភ័យខ្លាចពីសុខសុវត្ថិភាពផង ។

លោកអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដលើការទប់ស្កាត់ករណីជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីសហគមន៍អន្តរជាតិ និងជាពិសេសការបើកលំហសេរីភាពនិងប្រជាធិបតេយ្យឡើងវិញ។

ចំពោះលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ(Licadho) វិញថា គូសបញ្ជាក់ថា រដ្ឋាភិបាលនៃបណ្តាប្រទេសខ្លះបានអំពាវនាវឲ្យប្រជាជនខ្លួនប្រុងប្រយ័ត្នជាមួយកម្ពុជាផង ដែលវាជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍កម្ពុជា ការវិនិយោគ មិនតែប៉ុណ្ណោះ វាអាចប៉ះពាល់ជំនួយនិងមូលនិធិអភិវឌ្ឍន៍ប្រទេសផង។ប៉ុន្តែលោកសង្កេតឃើញថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្តបន្ទាប់រួចហើយ ហើយលោកសង្ឃឹមថាវិធានការទាំងអស់នោះនឹងមានប្រសិទ្ធិភាពពិតប្រាកដ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់សម្តែងការព្រួយបារម្ភថា បើកម្ពុជារអិលធ្លាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ កម្ពុជាអាចនឹងជួបវិបត្តិនានា មិនថាវិស័យនយោបាយ និងវិស័យធនាគារ ពាក់ព័ន្ធលើយន្តការផ្ទេរប្រាក់តាមយន្តការអន្តរជាតិជាដើម។រាជរដ្ឋាភិបាលកម្ពុជាបានសង្គ្រោះជនដែលត្រូវគេជួញដូរជារាប់រយនាក់ក្នុងយុទ្ធនាការណ៍បង្ក្រាបការជួញដូរមនុស្សនៅទូទាំងប្រទេស។ក្រសួងមហាផ្ទៃក៏បានប្រកាសលេខទូរសព្ទទទួលពាក្យបណ្ដឹងបន្ទាន់ជុំវិញករណីជួញដូរមនុស្សនេះដែរដោយកាលពីខែកន្លងទៅក្រសួងជំនាញមួយនេះទទួលពាក្យបណ្ដឹងប្រមាណជាង២០០ករណីពីជនរងគ្រោះ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner