បុណ្យសព លោក ហ្ស៊ិនស៊ូ អាបេ រៀបចំក្នុងបរិយាកាសពង្រឹងសន្តិសុខយ៉ាងតឹងតែង

ជប៉ុន៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃនៃពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ។ ក្នុងឱកាសនេះ មេដឹកនាំជុំវិញពិភពលោកបានធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ស្របពេលដែលមានបាតុកម្មតវ៉ាជំទាស់នឹងការរៀបចំពិធីបុណ្យសព។

ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដាកន្លងទៅ កំពុងធ្វើឡើងនៅអគារ នីប៉ុង ប៊ូដូកាន(Nippon Budokan)ក្រោមការរឹតបន្តឹងផ្នែកសន្តិសុខ។ពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអាបេ ត្រូវបានគេរំពឹងថានឹងមានអ្នកអ្នកចូលរួមប្រមាណ៤.៣០០នាក់ ក្នុងនោះរួមទាំងឥស្សរជនជាន់ខ្ពស់របស់បណ្តាប្រទេសនៅលើពិភពលោកដូចជាអនុប្រធានាធិបតីអាមេរិក កាមេឡា ហារីស(Kamala Harris) និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី(Narendra Modi) ជាដើម។

ជាការរិតបន្តឹងសន្តិសុខសម្រាប់អ្នកចូលរួមផង និងជាការបញ្ចៀសហេតុការណ៍ប៉ះទង្គិចរបស់បាតុករនៅខាងក្រៅកន្លែងបុណ្យសពផង ប៉ូលិសប្រមាណពីរម៉ឺននាក់ ត្រូវបានបញ្ជាក់ដាក់ពង្រាយគ្រប់ច្រកល្ហកតាំងតែពីមុនពិធីបុណ្យសពចាប់ផ្តើម។ នេះ បើតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុនNHK។

តាំងតែពីព្រឹកថ្ងៃចាប់ផ្តើមពិធីបុណ្យសពមកម៉្លេះ ប្រជាជននាំគ្នាតម្រង់ជួរនៅខាងក្រៅកន្លែងគោរពវិញ្ញាណក្ខន្ធ ដែលជាកន្លែងកំណត់ដើម្បីដាក់កម្រងផ្កា និងជាគោរពគាវរកិច្ចលើកចុងក្រោយរបស់ពួកគេចំពោះលោក អាបេ ប្រធានាធិបតីយូរជាងគេបង្អស់របស់ជប៉ុន។

ទន្ទឹមនេះដែរក្រុមបាតុករប្រមាណមួយពាន់នាក់ផ្សេងទៀតតវ៉ាប្រឆាំងនឹងការរៀបចំពីធីបុណ្យដែលត្រូវរ៉ាប់រងទាំងស្រុងដោយថវិការបស់រដ្ឋ។ ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិនេះ ត្រូវចំណាយប្រាក់អស់ជិត ១២លានដុល្លារ បាននិងកំពុងបង្កភាពចម្រូងចម្រាស និងការមិនពេញចិត្តពីសំណាក់ក្រុមអ្នកជំទាស់។

សូមរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ិនស៊ូ អាបេ ជាអតីតនាយករដ្ឋមន្រ្តីជប៉ុនដែលបានកាន់តំណែងយូរជាងគេ ពោលគឺលោកបានបានកាន់តំណែងកាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងម្តងទៀត គឺនៅឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២០លោកបានលាចេញពីតំណែងដោយសារតែជំងឺប្រចាំកាយ។ ក្នុងវ័យ ៦៧ឆ្នាំ លោកអាបេត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរងរបួសធ្ងន់ រហូតដល់បាត់បង់ជីវិត អំឡុងពេលដែលលោកកំពុងថ្លែងសន្ទុរកថាមួយនាទីក្រុងណារ៉ា ភាគខាងលិច ប្រទេសជប៉ុនកាលពីខែសីហាឆ្នាំ ២០២២៕ ដោយ៖ CPA/ បណ្តូល ពេជ្រ

ads banner