ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេក្នុងរយៈពេលបីថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងចំណោមខេត្តចំនួន១០ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយមានភ្ញៀវទេសចរជិត២២ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។ក្រៅពីខេត្តនេះហើយ នៅមានខេត្តសៀមរាប និងខេត្តជាប់តំបន់មាត់សមុទ្រ ដែលទទួលបានភ្ញៀវទេសចរច្រើនផងដែរ។ នេះបើតាមក្រសួងទេសចរណ៍ ជូនដំណឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថាដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងតាមរយៈផេកផ្ទាល់ខ្លួនផ្សាយថាភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង សរុបរយៈពេលបីថ្ងៃ ត្រូវនឹងថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ចំនួនភ្ញៀវទេសចរសរុបមានចំនួន ២១០,១២២ នាក់ កើនឡើង ៤៥៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមានចំនួន ២០៩.៧៦៤ នាក់ កើនឡើង ៤៥៦.០៥ភាគរយ ។ចំនួនភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ៣៥៨នាក់ កើនឡើង ១០០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ គ្មាន។

ក្រុមការងារមន្ទីរទេសចរណ៍បានបែកចែកកម្លាំងចុះត្រួតពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរណ៍ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារជាអប្បបមាតាមគន្លងក្រតីភាពថ្មី តាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងបន្ថែមថាកន្លែងស្នាក់នៅផ្ទះសំណាក់សណ្ឋាគារក្នុងក្រុងបាត់ដំបងស្ទើរពេញទាំងអស់។ ទោះជាយ៉ាងណាស្ថាប័នមួយនេះក៏រកឃើញនូវបញ្ហាប្រឈមមួយចំនួនដែររួមមាន ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានច្រើនធ្វើឲ្យមានការពិបាកក្នុងការចូលរួមអនុវត្ត នូវវិធានសុវត្ថិភាពដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ មានការកកស្ទះចរាចរណ៍នៅតាមផ្លូវទៅកាន់រមណីយដ្ឋានសំខាន់ៗដែលគោលដៅទេសចរណ៍ក្នុងខេត្ត ព្រមទាំង ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់រាល់ថ្ងៃ ជាដើម។

ជុំវិញរឿងនេះ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថាខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ហើយបន្ទាប់មកគឺខេត្តសៀមរាប ក៏មានភ្ញៀវទេសចរច្រើនគួរសមដែរ។

អ្នកស្រី ឆាយ ស៊ីវលីនថា៖ «សម្រាប់ការប្រារព្វពីធីបុណ្យភ្ជុំបិណ្ឌ គឺធ្វើឡើងធម្មតាទៅតាមប្រពៃណីយើងក្នុងវត្ត គ្មានអ្វីពិសេសទេ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាន ដូច្នេះមានអ្នកចេញដើរច្រើនចឹង»។

អ្នកស្រីមើលឃើញថា សេវាកម្មនៅកន្លែងទេសចរផ្សេងៗ គឺគោរពទៅតាមគោលការណ៍ដែលក្រសួងដាក់ចេញ មិនមានការតម្លើងសេវាកម្មណាមួយឡើយសម្រាប់ភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២កន្លងមកនេះភ្ញៀវទេសចរដើរកម្សាន្តក្នុងប្រទេសសរុបជាង១,២លាននាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។ហើយតួលេខនេះមានកំណើន៨៩.៤៣ភាគរយ ធៀបនឹងរយៈពេលបីថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១៕ ដោយ៖ ជា សុខនី

ads banner