ជនសង្ស័យម្នាក់ ដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនេះ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់នៅក្បែរគោលដៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចបានដកកាំភ្លេីងខ្លីបាញ់មួយគ្រាប់ហេីយ ខណៈពេលនេះ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ កាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យខាងលើនេះ បានជិះម៉ូតូធុនធំមួយគ្រឿង មកឈប់នៅក្បែរគោលដៅ រួចបានដកកាំភ្លេីងខ្លីបាញ់មេឃមួយគ្រាប់ ហេីយជិះគេចខ្លួនបាត់។

បន្ទាប់មកភ្លាមៗនោះ សមត្ថកិច្ចក៏បានទាក់ទងទៅកម្លាំងគ្រប់បណ្តាគោលដៅចាំស្ទាក់ និងត្រួតពិនិត្យជនសង្ស័យខាងលេី ដេីម្បីឃាត់ខ្លួន យកមកដាក់ទោសតាមច្បាប់។ ចំណែកឯ សំបកគ្រាប់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ យកមករក្សាទុក។

សូមជម្រាប់ផងដែរថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដដែលនេះ ជនសង្ស័យខាងលេី ក៏បានបាញ់មេឃមួយគ្រាប់ដែរ ស្ថិតនៅតាមផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ហេីយក៏គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយមក ដោយមិនបានប៉ុន្មានម៉ោងផង ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានស្រុកអង្គស្នួល កំពុងតែធ្វើការសាក់សួរ កសាងសុំណុំរឿង ដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី
