៣គ្រាប់របស់ ចាន់ វឌ្ឍនាកា ជួយឲ្យក្រុមបឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

៣គ្រាប់របស់ ចាន់ វឌ្ឍនាកា ជួយឲ្យក្រុមបឹងកេត ប្រជែងបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ ៤គ្រាប់ជ័យជម្នះរបស់បឹងកេត ធ្វើសម្រេចបានដោយកីឡាករ ចាន់ វឌ្ឍនាកា ៣គ្រាប់ម្នាក់ឯង នៅនាទីទី៦ នាទី៣៨ និងនាទី៤៨ និង១គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ ម៉ុន វ៉ាន់ដា ខណៈក្រុមវិសាខា មិនមានឱកាសរកគ្រាប់បាល់បាននោះទេ។ នេះជាលើកដំបូង ដែលក្រុមបឹងកេត ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រវត្តិក្លិបនៅពានសម្ដេចតេជោ ហ៊ុន សែន ៨លើក ដោយត្រូវឈរចាំការប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលត្រូវជួបគ្នា នាល្ងាចថ្ងៃទី១៩ កញ្ញានេះ នៅកីឡដ្ឋានពហុកីឡដ្ឋានជាតិដូចគ្នា។

លោក ហៅ សុជាតិ គ្រូបង្គោលក្រុមបឹងកេត បានលើកឡើងថា ការយកឈ្នះលើគូប្រកួត៤ទល់០នេះ គឺជាលទ្ធផលពុំនឹកស្មាន ព្រោះមុនការប្រកួត លោកបានផ្ដល់ការគោរពយ៉ាងខ្លាំងចំពោះគុណភាពកីឡាករវិសាខា តែថាការសម្រេចប្រើយុទ្ធសាស្ត្រទប់ ហើយវាយបកផ្ដល់ផលអតិប្បរមាចំពោះបឹងកេត។ លោកមិននឹកស្មានថា កូនក្រុមរបស់លោកអាចធ្វើបានល្អបែបនេះ អាចធ្វើបានគ្រាប់បាល់ដល់ប៉ុណ្ណឹងទេ ព្រោះយើងដឹងថា កីឡាករ វិសាខាសុទ្ធតែជាកីឡាករល្អៗ ពិសេសជាប់ក្នុងជម្រើសជាតិច្រើន។ ចំពោះយុទ្ធសាស្ត្រក្នុងប្រកួតនេះ ដោយសារលោកសង្កេតឃើញការប្រកួតកន្លងមករបស់វិសាខា នៅក្នុងពានសម្ដេចស្ទើរតែគ្រប់ប្រកួតគាត់ផ្ដោតលើការប្រយុទ្ធច្រើនជាងការពារ ដូច្នេះហើយទើបក្រុមបឹងកេត អាចសម្រេចប្រើការលេងបែបការពារហើយវាយបកវិញ។

គួររំឭកថា បឹងកេត ធ្លាប់បានត្រឹមលេខ៣ម្ដងកាលឆ្នាំ២០១៤ និងលេខ៤ នៅឆ្នាំ២០១៧ ក្នុងប្រវត្តិពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ ក្រោយឈ្នះវិសាខា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បឹងកេតត្រូវឡើងឈរនៅវគ្គផ្ដាច់ព្រ័ត្រ ដោយរង់ចាំអ្នកឈ្នះរវាងព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន ដែលក្រុមទាំង២នឹងត្រូវប្រកួត នៅម៉ោង៦ល្ងាចថ្ងៃព្រហស្បតិ៍ត ទី១៩ កញ្ញានេះ នៅពហុកីឡដ្ឋានជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner