លោក ហ្សេលេនស្គី ថា គ្មានការចរចាជាមួយលោក ពូទីន ឡើយ ប្រសិនបើរុស្ស៊ីលេបយកទឹកដីអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានក្នុងថ្ងៃអង្គារទី២៧ ខែកញ្ញានេះថា រុស្ស៊ីទើបតែបញ្ចប់ការធ្វើប្រជាមតិក្លែងក្លាយ និងការប៉ុនប៉ងលេបយកទឹកដីអ៊ុយក្រែន ដូច្នេះការចរចាជាមួយរុស្ស៊ីគឺមិនអាចកើតឡើងឡើយ ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី ដោយលោកថែមទាំងអំពាវនាវឱ្យដាក់រុស្ស៊ីកាន់តែឯកោ និងការដាក់ទណ្ឌកម្មជាសកលថ្មីដ៏តឹងរ៉ឹង។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមរយៈតំណភ្ជាប់វីដេអូអនឡាញ លោក ហ្សេលេនស្គី បានជំរុញឱ្យមានការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន ដូច្នេះអ្នកឈ្លានពាននឹងចាញ់ ហើយការធានាច្បាស់លាស់ និងស្របច្បាប់នៃសន្តិសុខសមូហភាព សម្រាប់ប្រទេសរបស់គាត់ ក៏ជាការឆ្លើយតបទៅនឹងការប៉នប៉ងលេបយកទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីចុងក្រោយនេះផងដែរ ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការដាក់បញ្ចូលទឹកដីប្រទេសណាមួយនៅលើពិភពលោកក្នុងសម័យទំនើបនេះ គឺជាឧក្រិដ្ឋកម្មមួយ ហើយក៏ជាឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋទាំងអស់ផងដែរ ដោយលោកថែមទាំងបានចោទប្រកាន់រុស្ស៊ីដែរថា បានបំផ្លាញស្ថាប័នសំខាន់នៃច្បាប់អន្តរជាតិ ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Linda Thomas-Greenfield បានប្រកាសថា សហរដ្ឋអាមេរិក និងអាល់បានីនឹងផ្សព្វផ្សាយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលនឹងថ្កោលទោស “ការធ្វើប្រជាមតិក្លែងក្លាយ” ហើយអំពាវនាវឱ្យប្រទេសទាំងអស់ មិនទទួលស្គាល់ស្ថានភាពផ្លាស់ប្តូរណាមួយចំពោះអ៊ុយក្រែន និងទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីប្រទេសនេះ ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner