ជិះម៉ូតូមកពីលេងកូន ត្រូវរថយន្ដស្លាប់នៅមុខក្លោងទ្វារវត្តហា ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅមុខក្លោងទ្វារវត្តហា ក្រោយពីត្រូវរថយន្ដដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូអូសជាង១០០ម៉ែត្រ កាលពីម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ មុខក្លោងទ្វារវត្តហា ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងស្នាក់នៅបន្ទប់ជួល នៅម្តុំរោងចក្រកាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រលប់មកលេងកូននៅឯស្រុកកំណើតរបស់ប្រពន្ធគាត់នៅស្រុកបាទី ខេត្តតាកែវ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY -6204។ ដល់ចំណុចកើត ហេតុជនរងគ្រោះបានបត់ឆ្លងផ្លូវបម្រុងទៅផ្លូវទំនប់៧មករា ស្រាប់តែពេលនោះ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-4350 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង រួចអូសជាង១០០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែក អ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទទួលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ។ ចំណែក សពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារផងដែរ៕ធ.ដ
ដោយ៖ ជីម ភារ៉ា