ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សប្រឡងជាប់បាក់ឌុប និងសិស្សថ្នាក់ទី១១-១២ថ្មី នៅវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាប ដាវុធ អគ្គនាយករងពន្ធដារ និងជាប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកល្វាឯម តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានៃក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សថ្នាក់ទី១១ថ្មី និង១២ថ្មី នៅវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

តាមរបាយការណ៍រលោក កន កាណាដា នាយកវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង បានឲ្យដឹងថា យោងតាមលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ វិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង ក្នុងឆ្នាំសិក្សា២០១៩ មានសិស្សត្រូវប្រលង១២៧នាក់។ ជាលទ្ធផល មានសិស្សប្រលងជាប់១១៩នាក់ (ស្រី៦៤នាក់) សិស្សជាប់និទ្ទេស B មានចំនួន៤នាក់។ ដោយឡែក លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ នៅក្នុងសាលាវិទ្យាល័យហ៊ុន សែនពាមឧកញ៉ាអុង មានចំនួន១២នាក់។

មានមតិសំណេះសំណាល ឯកឧត្តម ជាប ដាវុធ បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរ ចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស B ,C ,D និងE ឆ្នាំសិក្សា២០១៨-២០១៩ និងសិស្សថ្នាក់ទី១១ និង១២ថ្មី ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលដែលក្មួយៗទទួលបាននាពេលនេះ មិនគ្រាន់តែជាកិត្តិយសសម្រាប់ក្មួយៗ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រជាពលរដ្ឋស្រុកល្វាឯម ក៏ដូចជាកិត្តិយសម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ហើយលទ្ធផលដែលក្មួយៗ ទទួលបាននាពេលនេះ គឺមិនមែនកើតឡើងដោយចៃដននោះឡើយ គឺកើតឡើងដោយការខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រ របស់ក្មួយៗ តែម្តង។

ឯកឧត្តម ជាប ដាវុធ បានមានប្រសាសន៍បញ្ជាក់បន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ ជាពិសេសក្រោមការខិតខំសិក្សារៀនសូត្រ របស់ក្មួយៗ និងក្រោមការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ ជាលទ្ធផលស្រុកល្វាឯមមានសិស្សានុសិស្ស ដែលជាប់និទ្ទេស B ,C ,D និងE ឆ្នាំសិក្សា២០១៨-២០១៩ និងសិស្សថ្នាក់ទី១១ថ្មីទី១២ថ្មី បានច្រើនគួរជាទីមោទនៈ។ លទ្ធផលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា អ្នកចេះ គឺជាប់។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ជាប ដាវុធ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្មួយៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយ្យភូមិ ដើម្បីឈានឆ្ពោះទៅសិក្សានៅថ្នាក់មហាវិទ្យាល័យ ថាតើ យើងគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីបន្តការសិក្សារបស់ខ្លួននាពេលខាងមុខ ដោយក្នុងនោះ កត្តាទី១ត្រូវមើលទៅលើទេពកោសល្យរបស់ខ្លួនឯងជាមុនសិន កត្តាទី២ ត្រូវមើលតម្រូវការទីផ្សារការងារ ហើយក្នុងចំណោមកត្តាទាំង២ខាងលើនេះ ត្រូវមានមូលដ្ឋាន៣សំខាន់បន្ថែមទៀត គឺទី១ ត្រូវមានសមត្ថភាពជំនាញ ទី២ ត្រូវមានឥរិយាបទ និងអាកប្បកិរិយាល្អ និងទី៣ ខ្លួនយើងត្រូវតែរឹងម៉ាំខាងផ្លូវចិត្ត។

ឯកឧត្តម ក៏បានបញ្ជាក់ថា ការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនអាស្រ័យលើសុខសន្តិភាព ដូចនេះចូររួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយជាមួយរាជរដ្ឋាភិបាល។កុំជឿការញុះញង់របស់ជនខិលខូចដែលមានបំណងបង្កើតបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ វាធ្វើឲ្យប៉ះពាល់ដងសុខសន្តិភាពដ៏កម្រ ដែលសុខសន្តិភាពនេះហើយធ្វើឲ្យទាក់ទាញដល់វិនិយោគទន់បរទេសភ្ញៀវទេសចរបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើតទីផ្សារផលិតផល និងសកម្មភាពពាណិជ្ជកម្មផ្សេងៗទៀត លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងការជួយលើកតម្កើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

រង្វាន់ជ័យលាភី ដែលត្រូវចែកជូនដល់សិស្សនិទ្ទេស B ចំនួន៤នាក់ ឆ្នាំ២០១៩សម្រាប់ ក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល និងនិទ្ទេស C ,D និងE ១១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ ជាមួយគ្នានេះ សម្រាប់លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន១២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner