តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកសវនាការកាត់ទោស លោក សុន ឆៃ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈថា «លួចបន្លំសន្លឹកឆ្នោត» ដែលប្តឹងដោយគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងសវនកានេះ មានការចូលរួមពី លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា, មេធាវីរបស់ជនជាប់ចោទ រួមទាំងអ្នកតាមដាន និងឃ្លាំមើលមួយចំនួនផងដែរ។ ក្នុងសហនាការនេះ ក៏មានលោក ប្លង់ សុផល ជាតំណាងអយ្យការ ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការបរិយាយតាមសារព័ត៌មានដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។

នៅក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានប្តឹងថា ពាក្យការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួនកន្លងមកនោះ គឺជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត។

សូមរំលឹកថា លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក។

ចំណែក ពាក្យបណ្តឹងរបស់ គ.ជ.បវិញ គឺ គ.ជ.ប បានស្នើឲ្យតុលាការផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner