រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ “សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជាទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្តាក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា តំណាងនិកាយសាសនា យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សនិស្សិតជាច្រើនទៀត។

តាមរបាយការណ៍ ស្ដីពីស្ថានភាពអំពើជួញដូរមនុស្ស និងការចូលរួមរបស់សាសនា ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ថ្លែងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយករណីជាច្រើន និងនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ហើយក៏បានបង្ការទប់ស្កាត់ និង បង្ក្រាបសកម្មភាពបទល្មើសជាច្រើនដែលនាំដល់ការជួញដូរមនុស្ស រួមទាំងការនាំមនុស្សចេញឆ្លងដែនដោយ ខុសច្បាប់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីភាពរងគ្រោះ និងបញ្ជូនជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់កំណត់។

ជាមួយនេះ សម្ដេច ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធ្វើឲ្យសម្រេចគោលការណ៍សំខាន់ ៤យ៉ាង គឺ (១).សង្គ្រោះ ជនរងគ្រោះឲ្យបានទាន់ពេលវេលា (២).ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស និងបក្សពួក និងស្រាវជវរកមេខ្លោង ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង (៣)-ត្រួតពិនិត្យ ប្រមូលភស្តុតាង ដើម្បីបិទអាជីវកម្ម ខុសច្បាប់ ជាពិសេស ល្បែងស៊ីសង និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិកដែលខុសច្បាប់ (៤).បើរកឃើញថា ជាករណីជួញដូរមនុស្ស សមត្ថកិច្ចត្រូវពន្លាតការស៊ើបអង្កេតរកសកម្មភាពបទល្មើសសម្អាតប្រាក់ថែមទៀត ដើម្បីបោសសម្អាតបទល្មើសឧក្រិដ្ឋដែលពាក់ព័ន្ធ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចំនួនបណ្តឹងដែលបានបញ្ចូលមកតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដែលមានព័ត៌មានច្បាស់ការណ៍ចំនួនជិត ៣០០ករណី ដែលក្នុងនោះ សកម្មភាពជនល្មើស ធ្វើឡើងក្នុងខេត្តព្រះសីហនុ ច្រើនជាងគេ រហូតដល់ជាង ២០០ករណី ។ ក្រុមប្រតិបត្តិការ បានធ្វើសកម្មភាពរុករកជនល្មើស នៅតាមបណ្ដាទីតាំងសង្ស័យតាមសេចក្តីរាយកាណ៍ រកឃើញ និងបានសង្គ្រោះជនរងគ្រោះ និងជនដែលពាក់ព័ន្ធនឹងភាពរងគ្រោះ បានរាប់រយនាក់ ក្នុងនោះមានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន រឹតត្បិតសេរីភាព និងធ្វើទារុណកម្ម ០៦ករណី មានមនុស្ស ៤៣នាក់ មាន ៤សញ្ជាតិ ។ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ២៧នាក់ មាន ២សញាតិ ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស លួចលាក់ប្រើប្រាស់អាវុធខុសច្បាប់ ចំណែកទីតាំងប្រព្រឹត្តបទល្មើស ត្រូវបានបិទ ដើម្បីធ្វើការស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀត ។ ចំណែកឯជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាកសួរ ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុក និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ដើម្បី ផ្តន្ទាទោសឲ្យបានស័ក្តិសមនឹងអំពើដែលបានប្រព្រឹត្ត។ មានជនងាយរងគ្រោះរាប់រយនាក់ទៀត ដែលបានរកឃើញ ទោះបីជាមិនទាន់ទទួលរងគ្រោះដោយអំពើជួញដូរ ឬធ្វើទារុណកម្មនៅឡើយ តែក៏ត្រូវបានសង្គ្រោះ ចេញពីទីតាំងដ៏គ្រោះថ្នាក់ និងនាំទៅកាន់ទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការ និងសម្របសម្រួលពីបណ្តាស្ថានទូតនៃប្រទេសសាម៉ីដែលមានការពាក់ព័ន្ធ ដើម្បីបានវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញ ដោយសុវត្ថិភាព ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សម្ដែងក្ដីរីករាយដែលបានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦នេះ។ សម្ដេច ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះសាសនាទាំងបី ដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ យើងសង្កេតឃើញវត្តមាននៃសាសនាធំៗ នៅកម្ពុជា ដែលមានព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹះសាសនា អង្គុយជាមួយគ្នា នោះហើយដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់តែនិយាយថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតដល់ចប់ អនុវត្តយ៉ាងត្រឹមត្រូវនៅគោលនយោបាយសុខដុមជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសឲ្យគ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយគ្នា ដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា។ សម្ដេចថា ការខុសគ្នាអំពីជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គរារាំងនូវការអភិវឌ្ឍន៍ប្រទេសជាតិនោះទេ នេះជាអ្វីដែលបាននឹងកំពុងកើតនៅលើទឹកដីកម្ពុជា ។

ក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសយកថ្ងៃទី ២០ខែសីហា ជារៀងរាល់ឆ្នាំ ប្រារព្ធនៅទិវាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្ដេច បានបញ្ជាក់ទៀតថា ទិវានេះ មិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។

សម្តេចតេជោ បានបន្តថា ទោះបីបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាន និងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច ក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ។ សម្តេច ថា ឥឡូវនេះ រាជរដ្ឋាភិបាល ក៏ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើង គេអាចបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។

ក្នុងឱកាសនេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា ពិភពលោកនៅពេលបច្ចុប្បន្ននេះ ពោរពេញទៅដោយភាពសាំញ៉ាំ និងបញ្ហាជាច្រើនជាបន្ដបន្ទាប់ ក្នុងរួមទាំងការប្រែប្រួលអាកាសធាតុ វិបត្តិប្រេងឥន្ធនៈ និងឧស្ម័នជាដើម។ សម្ដេច ថា បូកទាំងការប្រែប្រួលអាកាសធាតុ វិបត្តិប្រេងឥន្ធនៈ ឧស្ម័ន ការប្ដេជ្ញាចិត្តរបស់ពិភពលោកទាក់ទងការប្រែប្រួលអាកាសធាតុទៅជាយ៉ាងណា។ ពិភពលោកមួយនេះ ពោរពេញទៅដោយភាពចលាចល និងស៉ាំញ៉ាំ សូម្បីតែប្រទេសអឺរ៉ុប ដែលត្រូវបានចាត់ទុកថាជាប្រទេសអ្នកមាន ដែលមុននេះប្រើប្រាស់ឧស្ម័ន ហ្គាស ដើម្បីចម្អិនអាហារ និងដើម្បីកំដៅ ឥលូវចាប់ផ្ដើមប្រើប្រាស់អុសដុត។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា នៅពេលអឺរ៉ុបដែលជាប្រទេសអ្នកមាន ងាកមកប្រើប្រាស់អុសដុត នឹងយល់ច្បាស់អំពីស្ថានភាពរស់នៅរបស់ប្រជាជននៅកម្ពុជា ដែលភាគច្រើនកាប់ឈើដើម្បីបានអុសយកមកប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ។ សម្ដេច ថា គ្រាន់តែការកាប់ឈើ ដើម្បីបានអុសដុតក្នុងមួយឆ្នាំៗអស់រាប់លានដើម តែការដាំដើមឈើឡើងវិញ ក៏រាប់លានដើមដូចគ្នាផងដែរ។ យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការយល់ឃើញចំពោះវិបត្តិមួយចំនួន ដែលបាននិងកំពុងកើតមានឡើងនៅលើពិភពលោក រួមទាំងអឺរ៉ុបផងដែរថា គ្រប់ភាគីទាំងអស់នឹងមានការស្រុះស្រួលគ្នាដើម្បីឈានដល់ការកាត់បន្ថយនូវផលប៉ះពាល់ចំពោះអឺរ៉ុបខ្លួនឯង និងកាត់បន្ថយផលប៉ះពាល់មកដល់កម្ពុជាផងដែរ ដូចជាតម្លៃប្រេងឥន្ធនៈជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា យើងមិនដែលនិយាយថា ប្រទេសយើងល្អឥតខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ បញ្ហាទាំងឡាយ កម្ពុជាមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬអាហ្វ្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និងគ្រប់ជាតិសាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើស ដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្ស មកផ្តន្ទាទោសតាមច្បាប់ ជាពិសេស ត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេស កុំឱ្យកូនចៅរបស់យើង ក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសង កុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែក បានធ្វើនោះទេ គឺអាជ្ញាធរ ដូចជាថ្នាក់ក្រោមជាតិហ្នឹង ត្រូវតែចុះធ្វើ ហើយត្រូវធ្វើដូចភ្លៀងរលឹម។ សម្តេច បង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

សម្តេចតេជោបានលើកឡើងដែរថា បើទោះបីកម្ពុជា មិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជា ទៅជាជម្រករបស់ភេរវកម្ម។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ បន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រោះកូវីដ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner