ទាសករបែបថ្មី រងការរំលោភបំពានក្រោមរូបភាពបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត

បណ្តាសារព័ត៌មានអន្តរជាតិជាច្រើន បន្តចុះផ្សាយពីស្ថានភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសអ្នកមានគឺអារ៉ាប៊ីសាអូឌីត ទៅលើអ្នកបម្រើការងារតាមផ្ទះដែលជាជនបរទេស តួយ៉ាងជនជាតិកេនយ៉ា ដែលកំពុងរងគ្រោះដោយទាសភាពសម័យទំនើប។ តាមអង្គការសិទ្ធិមនុស្សនៅកេនយ៉ា Haki Africa គិតត្រឹមពេលនេះ មានករណីរាយការណ៍ពីការរំលោភបំពានជនជាតិកេនយ៉ានៅអារ៉ាប៊ីសាអូឌីតជាង៥០លើក ដោយចំនួន១០លើក កើតមាននៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ។

Joy Simiyu ជនរងគ្រោះមកពីប្រទេសកេនយ៉ា ដែលត្រូវបានកាសែត The Guardian ចុះផ្សាយនៅក្នុងសប្តាហ៍នេះ រៀបរាប់ថានាងបានប្រឈមនឹងការរំលោភបំពានធ្ងន់ធ្ងរណាស់ នៅអំឡុងពេលបម្រើការងារតាមផ្ទះក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នាងត្រូវបានគេបង្ខំឱ្យធ្វើការនៅតាមផ្ទះជាច្រើនក្នុងមួយថ្ងៃ ដោយគ្មានរបបអាហារនិងពេលវេលាសម្រាកគ្រប់គ្រាន់។ នាង Simiyu បន្តត្អូញត្អែរថា ចំណូលប្រចាំខែនាងខ្លះ ត្រូវថៅកែកាត់ទុក ដោយបន្ទោសនាងថានាងធ្វើការងារមិនគ្រប់តាមតម្លៃឈ្នួល ឬក៏យកលេសថា នាងនឹងទទួលបានប្រាក់កាត់ទុកនោះ ព្រោះនាងនឹងមិនអាចទៅណាបានឡើយ។

ក្រោយរត់គេចខ្លួនជាច្រើនលើក ដើម្បីសុំជំនួយពីភ្នាក់ងារជួលនាងបម្រើការ។ ភ្នាក់ងារនោះ សន្យាដោះស្រាយប្តូរកន្លែងការងារថ្មីក្នុងរយៈពេលពីរទៅបីថ្ងៃ តែផ្ទុយទៅវិញ Simiyu ត្រូវគេឃុំខ្លួននៅក្នុងទីតាំងមួយផ្សេង។ នាងត្រូវបានគេផ្តល់អាហារតែមួយពេលក្នុងមួយថ្ងៃ ដោយត្រូវទទួលសេវាផ្លូវភេទ ជាថ្នូរនឹងការងារថ្មី។ ជាសំណាងល្អ ជនរងគ្រោះវ័យ២៥ឆ្នាំខាងលើ បានត្រលប់ទៅផ្ទះស្រុកកំណើត តាមរយៈការសង្គ្រោះពីស្ថានទូតកេនយ៉ាប្រចាំអារ៉ាប៊ីសាអូឌីត។

គួរជម្រាបថា យ៉ាងហោចណាស់មានជនជាតិកេនយ៉ាចំនួន ៨៩នាក់ ដែលភាគច្រើនជាអ្នកធ្វើការតាមផ្ទះ បានស្លាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសរបស់ប្រទេសកេនយ៉ា បង្ហាញជូនសភាជាតិកាលពីចុងឆ្នាំ២០២១។ ចំណែកអារ៉ាប៊ីសាអូឌីតបានចាត់ទុកការស្លាប់ទាំងនោះថាជា «ការគាំងបេះដូង»។

នៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ kafala តម្រូវឱ្យអ្នកបម្រើការតាមផ្ទះ ទទួលបានការអនុញ្ញាតពីម្ចាស់ផ្ទះឬថៅកែជាមុន ទើបអាចផ្លាស់ប្តូរការងារឬចាកចេញពីអារ៉ាប៊ីសាអូឌីតបាន។ ប្រព័ន្ធ kafalaនេះ ត្រូវបានក្រុមសិទ្ធិមនុស្ស រិះគន់ថានឹងកាន់តែបង្កឱ្យជនរងគ្រោះកាន់តែងាយបំពារបំពានទ្វេដង។ kafala គឺជាប្រព័ន្ធត្រួតពិនិត្យពលករចំណាកស្រុក ដែលធ្វើការជាចម្បងក្នុងវិស័យសំណង់ និងក្នុងស្រុក នៅក្នុងរដ្ឋសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ( Gulf Cooperation Council) និងប្រទេសជិតខាងមួយចំនួនដូចជា បារ៉ែន គុយវ៉ែត លីបង់ កាតា អូម៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

តាមការប៉ាន់ស្មានដោយសហព័ន្ធសហជីពអន្តរជាតិ (International Trade Union Confederation) មានស្ត្រីជាង ២,១លាននាក់ដែលធ្វើការនៅក្នុងតំបន់រដ្ឋសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ទទួលរងការកេងប្រវញ្ច័ពលកម្មចំណាកស្រុក និងក្លាយជាទាសករសម័យទំនើប។

«នេះ គឺជាការរំលោភបំពានសិទ្ធិមនុស្ស ជាទេសភាពសម័យថ្មី» នេះជាការលើកឡើងរបស់លោក Fred Ojiro Fred Ojiro មន្ត្រីអង្គការ Haki Africa ដែលជាអង្គការសិទ្ធិមនុស្សមានមូលដ្ឋាននៅទីក្រុងម៉ុមបាសា (Mombasa) ប្រទេសកេនយ៉ា។ តាមស្ថិតិរបស់ Haki Africa មានពាក្យបណ្តឹងជាង ៥១បណ្តឹង ពីការរំលោភបំពានរបស់អ្នកបម្រើការងារតាមផ្ទះជនជាតិកេនយ៉ា នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានខ្លះបង្ហាញពីវីដេអូស្រែកអង្វរសុំជំនួយពីជនរងគ្រោះ ក្នុងនោះមាន ១០ ករណីកើតមាននៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ៕ ដោយ៖ បណ្តូល ពេជ្រ

ads banner