អ្នកវិភាគ៖ កម្ពុជាគួររក្សាអព្យាក្រឹត និងជំរុញឲ្យចិននិងបណ្តារដ្ឋអាស៊ានដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយយន្តការទ្វេភាគីក្នុងនាមប្រធានអាស៊ាន
អ្នកវិភាគយល់ឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គួររក្សាឲ្យបាននូវជំហអព្យាក្រឹត្យភាពក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងដែលជាទំនាស់រ៉ាំរ៉ៃរាប់ទសវត្សរ៍គ្មានច្រកចេញ និងបន្តជំរុញឲ្យបណ្តារដ្ឋក្នុងតំបន់អាស៊ានដែលមានជម្លោះនិងប្រទេសចិន គួរប្រើយន្តការទ្វេភាគី ជាជាងយកវេទិការអាស៊ានជាតុលារការកាត់ក្តី។
សម្រាប់លោក វណ្ណ ប៊ុណ្ណា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) យល់ថាមូលហេតុដែលនាំឲ្យជម្លោះសមុទ្រចិនខាងត្បូង ក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី២១ នេះ ព្រោះភាគីជម្លោះមានចិន និងបណ្តាប្រទេសសមាជិកអាស៊ាន៤ រួមមាន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មិនលែងដៃ និងមិនយល់ពីយន្តការដំណោះស្រាយកន្លងមក រហូតក្លាយជាវិបត្តិជម្លោះដែនអធិបតេយ្យភាពរ៉ាំរ៉ៃ រកច្រកចេញមិនឃើញ។
ស្រដៀងគ្នានេះដែរ លោកថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះ វាពាក់ព័ន្ធច្រើនទៅលើបញ្ហាច្បាប់ បញ្ហាប្រវត្តិសាស្រ្ត បញ្ហាសេដ្ឋកិច្ចនិងប្រយោជន៏ប្រទេស និងចុងក្រោយបញ្ហាទីតាំងយុទ្ធសាស្រ្ត។ ទីតាំងយុទ្ធសាស្រ្ត ដែលជាច្រកដង្ហើមសេដ្ឋកិច្ចពិភពលោកនិងដែលគ្រប់គ្រងចរាចរណ៏ពាណិជ្ជកម្មសកល រហូតផលិតផលពិភពលោកជាង ៥០% ឆ្លងកាត់ដែនទឹកមួយនេះ ព្រមទាំងធនធានធម្មជាតិរាប់ពាន់លានដុល្លារនៅក្រោមសមុទ្រ។ មិនតែប៉ុណ្ណោះ វាក៏ជាច្រកភ្ជាប់រវាងលោកខាងលិចនិងលោកខាងកើតផង។
វិលទៅកាលពីឆ្នាំ២០០២ គ្រាកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានដំបូង បន្ទាប់ពីបានក្លាយជាសមាជិកអង្គការតំបន់នេះបាន ៣ឆ្នាំ កម្ពុជាបានសម្រេចធ្វើសេចក្តីប្រកាសរួមស្តីពីការប្រតិបតិ្តរបស់ភាគីនៅសមុទ្រចិនខាងត្បូងDOC (Declaration on the Conduct of Parties in the South China Sea) ដែលជាកិច្ចព្រមព្រៀងមិនមែនផ្លូវច្បាប់ សម្រាប់យកទៅជជែកចរចាដើម្បីសម្រេចក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងCOC(Code of Conduct for the South China Sea) ។
ដោយឡែក ១០ឆ្នាំក្រោយមក ក្នុងឆ្នាំ២០១២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងទៀត កម្ពុជាមិនអាចចេញសេចក្កីថ្លែងការណ៍រួមគ្នាពោលគឺ COC ឡើយ ដោយហេតុភាគីនីមួយៗមិនទទួលយកការសម្របសម្រួល ហើយមានការរិះគន់ថា កម្ពុជាជាម្ចាស់ផ្ទះលំអៀងទៅរកចិន។
ជុំវិញបញ្ហាចម្រូងចម្រាសដែលរារាំងមិនឲ្យជម្លោះសមុទ្រចិនខាងត្បូងមានច្រកចេញនោះ លោកថោង ម៉េងដាវីដ អះអាងថា ដោយសារផលប្រយោជន៍និងយុទ្ធសាស្ត្រនៃបណ្តាប្រទេសពាក់ព័ន្ធ ហើយគេមិនបានគោរពតាមច្បាប់អន្តរជាតិ។ ជារឿយៗ គេសង្កេតឃើញមានការបះទង្គិចទាំងយោធានិងសង្គ្រាមពាក្យសំដីរវាងសមាជិកអាស៊ានពាក់ព័ន្ធនិងចិនផង ដែលវាថែមទាំងនាំឲ្យជាប់គាំងនៃការពង្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)។
បន្ថែមពីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាមិនត្រឹមតែភាគីនីមួយៗក្នុងជម្លោះយល់ថា យន្តការដោះស្រាយនានាកន្លងមកមានភាពអយុត្តិធម៌ដែលមិនអាចទទួលយកបាននោះទេ ថែមទាំងមានការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងពីបណ្តាប្រទសខាងក្រៅពីដែនអធិបតេយ្យភាពសមុទ្រចិនខាងត្បូងផង រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជាដើម។ ជាពិសេស សហរដ្ឋអាមេរិកផ្ទាល់ដែលនៅប្រកាន់ជំហអនុត្តរភាពរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត គិន ភា ពន្យល់ដូច្នេះថា៖ «សហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់នូវអនុត្តរភាពរបស់ខ្លូន គាត់អត់ចង់ឲ្យមានដំណោះស្រាយមួយដែលមានការបែងចែកដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងទេ ព្រោះគាត់ចង់ឲ្យសមុទ្រចិនខាងត្បូង ជាដែនសមុទ្រអន្តរជាតិដែលមានសេរីភាពនាវាចរនិងការហោះហើរ ព្រោះវាជាច្រកអន្តរជាតិដ៏សំខាន់ បើមានការបែងចែកអធិបតេយ្យភាព នោះនឹងធ្វើឲ្យលំហរនាវាចរនិងការហោះហើររួមតូច ប៉ះពាល់ប្រយោជន៍សហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀត»។
ពីអនុត្តរភាពចិនវិញ លោក វណ្ណ ប៊ុណ្ណា លើកឡើងពីទ្រឹស្តីប្រាកដនិយមនូវមហិច្ឆតាក្លាយជាមហាអំណាចកំពូលពិភពលោករបស់ចិន ដែលទាមទារឲ្យចិនក្លាយជាមហាអំណាចតំបន់ជាមុនសិន ជាកត្តាគេមើលឃើញពីការចង់បានរបស់ចិនក្នុងការកាន់កាប់សមុទ្រចិនខាងត្បូងដែលជាច្រកពាណិជ្ជកម្មសំខាន់របស់ពិភពលោក និងធនធានក្រោមទឹកដ៏សម្បូរបែប ហើយអាចបន្ថែមទម្ងន់នយោបាយខ្លួនលើឆាកអន្តរជាតិផង ។
លោកវណ្ណ ប៊ុណ្ណា បន្ថែមថា ជម្លោះកម្មសិទ្ធិដែនសមុទ្រដ៏រ៉ាំរ៉ៃនេះ បានជាយាយីរំខានមិនត្រឹមតែរវាងចិននិងបណ្តារដ្ឋអាស៊ានដែលគេពិបាកដោះស្រាយនោះទេ វាថែមទាំងជាជម្លោះដ៏ស្មុគស្មាញក្នុងផ្ទៃក្នុងអាស៊ានផង។ សមាជិកអង្គការតំបន់មួយនេះរួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មានភាពចម្រូងចម្រាសនឹងគ្នា សឹងបែកបាក់អាស៊ាន ហើយដែលតុលាអន្តរជាតិក៏មិនអាចរកច្រកចេញបានដែរ ខណៈភាគីនីមួយៗមិនទទួលយក។
នាពេលថ្មីៗនេះ ខណៈកម្ពុជាកំពុងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នៅតែសម្តែងការចង់រកច្រកចេញសម្រាប់វិបត្តិសមុទ្រចិនខាងត្បូង។ ក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា កម្ពុជាចង់ឃើញការបន្តអនុវត្តឲ្យបានពេញលេញនូវ DOC ហើយកម្ពុជានឹងខិតខំជំរុញការចរចាឲ្យចេញបាននៅ COC នៅពេលខាងមុខ។
ជុំវិញបញ្ហានេះដែរ លោក វណ្ណ ប៊ុណ្ណា គូសបញ្ជាក់ថា DOC ដែលសម្រេចបានកាលពីឆ្នាំ២០០២ ជាយន្តការឲ្យភាគីជម្លោះនីមួយៗទុកចិត្តគ្នា និងដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូងនេះ ដោយសន្តិវិធី និងជាមូលដ្ឋានសម្រាប់យកទៅជជែករកយន្តណាមួយសម្រាប់ដោះស្រាយដែលភាគីនីមួយៗ ទទទួលយកបាន ដែលចេញជា COC ។ ចំណែក COC គឺជាយន្តការផ្លូវច្បាប់ ឬនិតិវិធីក្នុងការដោះស្រាយបញ្ហាតាមរយៈការបង្កើត ឬប្រើប្រាស់តុលាការអន្តរជាតិដែលមានស្រាប់ជាដើម និងវាមានកម្រិតសមាសភាពជម្លោះដែលមានតែចិននិងបណ្តារដ្ឋសមាជិកអាស៊ាន៤ ប៉ុណ្ណោះ គ្មានភាគីណាមួយទៀតឡើយ។
ស្រដៀងគ្នានេះដែរលោក គិន ភា បញ្ជាក់បន្ថែមថា មកដល់ពេលនេះគេ មិនទាន់បានកំណត់រូបរាង COC នោះច្បាស់ជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែគេអាចដឹងបានថា វាជាចំណងដំណោះស្រាយផ្លូវច្បាប់សម្រាប់ភាគីជម្លោះ ហើយវាមានភាពទូលំទូលាយជាង DOC ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ លោក វណ្ណ ប៊ុណ្ណា យល់ថា កម្ពុជាគួរតែរក្សាជំហអព្យាក្រឹត្យដោយមិនត្រូវគាំទ្រភាគីចិន ឬភាគីជាសមាជិកអាស៊ានណាមួយឡើយ ដោយជំរុញភាគីនីមួយៗចូលតុចរចាដោយសន្តិវិធី ហើយប្រើប្រាស់យន្តដូចជាច្បាប់អន្តរជាតិស្តីពីដែនសមុទ្រ(UNCLOS) ជាដើម។
សម្រាប់លោកបណ្ឌិត គិន ភា វិញមិនខុសពីលោក វណ្ណ ប៊ុណ្ណា ឡើយដែលចង់ឲ្យកម្ពុជាបន្តរក្សាអព្យាក្រឹត្យ ហើយភាគីនីមួយៗ ត្រូវរក្សាភាពស្ងប់ស្ងៀម បន្តគោរព DOC ឲ្យខ្ជាប់ខ្ជួននិងពេញលេញ ព្រមជំរុញភាគីនីមួយៗចរចាដើម្បីសម្រេច COC ឲ្យបានឆាប់។
ចំណែកលោកថោង ម៉េងដាវីដ វិញបន្ថែមថា កម្ពុជាត្រូវបន្តខិតខំសម្របសម្រួលទាំងរវាងចិននិងបណ្តាប្រទេសជាសមាជិកអាស៊ានឲ្យពិភាក្សាវិធានការច្បាប់ ដែលអាចធ្វើសម្បទានសេដ្ឋកិច្ចនិងនយោបាយគ្នាទៅវិញទៅមក ក្នុងបំណងរក្សាការអត់ធ្មត់ខ្ពស់ ដើម្បីដោះស្រាយដោយសន្តិវិធីតាមរយៈទ្វេភាគីក៏ដូចជាច្បាប់អន្តរជាតិ។
អ្នកជំនាញកិច្ចការអន្តរជាតិទាំងនេះ បានយល់ស្របគ្នា ឲ្យកម្ពុជាជំរុញដល់ភាគីជម្លោះរួមមានចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន៤ ដែលជាប់ពាក់ព័ន្ធជម្លោះនោះ ត្រូវដោះស្រាយដោយកិច្ចចរចាទ្វេភាគី ដែលចៀសវាងយកបញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហារួមរបស់អាស៊ានទល់ជាមួយចិន។
គួររំឭកថា នាពិធីសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា លោកនឹងព្យាយាមចរចារកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ប៉ុន្តែលោកមិនហ៊ានធានាថាបញ្ហានេះអាចសម្រេចបានសេចក្តីថ្លែងការណ៍រូមឡើយ។ កាលពីឆ្នាំ២០១២ គេមិនអាចសម្រេចសេចក្តីថ្លែងការណ៍រួមនោះ លោកសង្កត់ធ្ងន់ថា វាមានបញ្ហាសំខាន់មួយចំនូនរួមទាំងការអះអាងដែលអាស៊ានមិនមែនជាតុលាការកាត់ក្តីតាមការចង់បានរបស់ភាគីជម្លោះណាមួយឡើយ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា