ឱក សុចិន្ដា៖ រួមគ្នាជាមួយ Zerow ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាននិងការថែទាំ ផែនដី
ភ្នំពេញ:កញ្ញា ឱក សុចិន្ដា ជាស្ថាបនិកទំព័រ Zerow ដែលជា សហគមន៍ អនឡាញរបស់ អ្នកស្រលាញ់ បរិស្ថាន នៅលើ បណ្ដាញ សង្គម ។ នៅលើទំព័រហ្វេសប៊ុករបស់ Zerow គេឃើញមាន មាតិកា ជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន ដូចជា ការស់នៅបែប គ្មាន សំណល់ ដល់ប្រជាជន និងការកាត់បន្ថយការចោលសម្រាមជាដើម។
ចាប់តាំងពីការបង្កើត Zerow នៅចុងឆ្នាំ ២០១៨ មក សុចិន្ដា បន្ដការផ្សព្វផ្សាយមាតិកា ស្តីអំពី បរិស្ថាននៅលើទំព័រ Zerow ទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងទាំង Tiktok ដល់អ្នកគាំ ទ្រពិសេសយុវជនចំនួនជាង ១១ម៉ឺនអ្នក។
សុចិន្ដា សង្កេតឃើញមានបញ្ហាបរិស្ថានធំៗជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ សំណល់ ប្លាស្ទិកដែលជះឥទ្ធិពលដល់ជីវិតនៅលើផែនដី និងបរិស្ថាននៅលើផែនដី។ នេះជាហេតុផល ដែលជំរុញឲ្យ សុចិន្តា សម្រេចចិត្តបង្កើតទំព័រ Zerow ឡើង ក្នុងនាមជាបុគ្គលម្នាក់ ដែលគិតដល់ការ ថែរក្សា ផែនដី។
សុចិន្តា បានចាប់ផ្ដើមពីការកាត់បន្ថយសំណល់ដោយខ្លួនឯង បន្ទាប់មក ធ្វើការផ្សព្វផ្សាយពីការ អនុវត្តនូវវិធីងាយៗដល់សាធារណជន។ នេះជា អាចជាគំរូដល់អ្នកដែលចង់កាត់បន្ថយសំរាម ដើម្បីជាផ្នែកមួយនៃការយកចិត្តទុកដាក់ថែទាំបរិស្ថាន។
សុចិន្តា បានប្រាប់ពីគោលដៅរបស់ Zerow ថា៖ «Zerow ជាកន្លែងដែលសំបូរដោយធនធាន ទាំង ធនធានឌីជីថល ព័ត៌មានផ្សេងៗ ក៏ដូចជាធនធានមួយចំនួនដែលគាត់[អ្នកតាមដាន] អាច ចង់ចាប់ ផ្ដើមចូលរួមជួយបរិស្ថានដែរ ហើយថាគាត់ធ្វើវាតាមរបៀបណា។ ឧទាហរណ៍ ពេលខ្ញុំ ចែករំលែក ពីគន្លឹះរស់នៅមួយចំនួនដែលមិនប៉ះពាល់ដល់បរិស្ថានដល់ពួកគាត់ គាត់ចង់ចាប់ផ្ដើម ចង់ ចូលរួម ជាមួយខ្ញុំដែរ»។
គួរជ្រាបថា ការងារធំៗដែលសុចិន្តាបានធ្វើតាមរយៈ Zerow មានដូចជា ការបង្កើតមាតិកា ពាក់ព័ន្ធ នឹងការ លើក កម្ពស់ការយល់ដឹងពីការថែរក្សាបរិស្ថាន ដែលបានផ្សព្វផ្សាយទៅដល់ប្រជាជនជិត ៧ម៉ឺនាក់នៅលើហ្វេសប៊ុក និងជាង ៤ម៉ឺននាក់នៅលើ TikTok។ ក្រៅពីការតាមដាន អ្នកដែល គាំទ្រ Zerow បានចូលរួមជជែកពិភាក្សា ឬ ផ្ញើជាសារទៅ Zerow ពីសមិទ្ធិផល ដែល គេ ទទួលបាន ពីការ ផ្សព្វផ្សាយរបស់ Zerow។
ដោយយល់ឃើញថា ការរស់នៅដោយគ្មានសម្រាម គ្រាន់តែជាផ្នែកមួយនៃបញ្ហាបរិស្ថាន ក្នុងពេល អនាគត Zerow នឹងពង្រីកមុំចំណេះដឹងរបស់ខ្លួនទៅដល់បញ្ហាថាមពល ការប្រែប្រួល អាកាសធាតុ និងបញ្ហាដែលអាចប៉ះពាល់ដល់ជីវិតកក្នុងទឹក និងលើគោក។
គួរជ្រាបដែរថា Zerow មិនធ្វើការតែឯងនោះទេ មានពេលខ្លះ Zerow ក៏បានសហការ ជាមួយ អង្គការ នានាដែលជួយ សិក្សា ស្រាវជ្រាវបន្ថែម និងផ្គត់ផ្គង់ជាធនធាននានាដល់ Zerow ដើម្បីទំព័រ មួយនេះ អាចបន្ដទៅមុខទៀត ប្រកបដោយមាតិកាប្រសើរជាងមុន និងមាន ឥទ្ធិពលបន្ថែមចំពោះ សាធារណជន ដែលតាមដាន Zerow។
រយៈពេលជិត៤ឆ្នាំកន្លងមក ទោះបីជាសហគមន៍មួយនេះ ជាសហគមន៍អនឡាញក៏ពិតមែន តែ តាមរយៈការខិតខំប្រឹងប្រែង ស្ថាបនិក Zerow រូបនេះសង្ឃឹមថា គាត់នឹងអាចបន្ដ ចីរភាព របស់ Zerow ឱ្យទៅជាកន្លែងដែលផ្ទុកដោយធនធានដែលអ្នកចង់រស់ដោយមិនប៉ះពាល់ដល់បរិស្ថាន អាចរកបានធនធានទាំងនោះបានពី Zerow។
តាមសុចិន្តា Zerow ស្វាគមន៍ដល់សាធារណជនទាំងអស់ឲ្យចូលរួមជាមួយ Zerow ទោះបីជា ពួកគាត់ មិននៅទីក្រុងភ្នំពេញក៏ដោយ។ សុចិន្តា បញ្ជាក់ថា «រាល់ថ្ងៃយើងធ្វើការទៅលើការ លើក កម្ពស់ការយល់ដឹង និងបង្ហាញជាមធ្យោបាយងាយៗ ដែលទាំងអស់គ្នាអាចធ្វើបាន។ មាតិកា របស់ យើង ក៏បានទៅដល់អ្នកមួយចំនួននៅភ្នំពេញ និងអ្នកមួយចំនួននៅតាមខេត្តដែរ ដូច្នេះហើយ បានជា យើងប្រើប្រាស់បណ្ដាញសង្គម។
តាមរយៈការបង្កើតមាតិកាលើទំព័រ Zerow សុចិន្តា នឹងខិតខំរកវិធីណាដែលងាយ ហើយជាគំរូ ដើម្បីឱ្យអ្នកតាមដានអាចយកជាបទពិសោធន៍ និងអនុវត្តតាមបាន។ ក្រៅពីនេះ Zerow នឹងបន្ដបង្កើត ជាយុទ្ធនាការផ្សេងៗ ដូចជាការតាំងពិព័រណ៍ ការធ្វើការចុះទៅដល់សហគមន៍ ដើម្បីលើកទឹកចិត្ត ដល់សាធារណជនឱ្យចូលរួម។
ស្ថាបនិក Zerow ក៏សង្ឃឹមថា នាពេលអនាគត Zerow នឹងចុះទៅដល់ប្រជាជននៅតាមខេត្ត ហើយអាចផ្ដល់ចំណេះដឹងពីការថែរក្សាបរិស្ថានជាក់ស្តែងតាមរយៈ សិក្ខាសាលា វគ្គហ្វឹកហាត់ ផ្សេងៗ ដើម្បីទៅដល់អ្នកដែលនៅទីនោះ ឬសិស្សសាលា៕
ដោយ:វន្ត ច័ន្ទមករា

