ពលរដ្ឋអឺរ៉ុប ៩នាក់ត្រូវបានចាប់ខ្លួននៅអ៊ីរ៉ង់ ជុំវិញការដើរតួសំខាន់ក្នុងការដុតបញ្ឆេះការតវ៉ានាពេលថ្មីៗនេះ
តេហេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអ៊ីរ៉ង់បានចាប់ឃុំខ្លួនពលរដ្ឋបរទេសចំនួន ៩នាក់មកពីរដ្ឋអឺរ៉ុប ដោយចោទប្រកាន់ពួកគេពីការដើរតួសំខាន់នៅក្នុងការតវ៉ានាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងករណីស្លាប់របស់នារីវ័យក្មេងម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។
ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានបញ្ជាក់ថា មនុស្ស ៩នាក់ដែលមិនបញ្ចេញឈ្មោះទាំងនោះ មកពីអាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ ស៊ុយអែត និងមកពីប្រទេសដែលមិនបានបញ្ជាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលកុបកម្ម ឬខណៈពេលកំពុងរៀបចំផែនការនៅពីក្រោយហេតុការណ៍នេះផងដែរ។
ទន្ទឹមគ្នា អាជ្ញាធរអ៊ីរ៉ង់ក៏បានចេញការព្រមានដល់ស្ថានទូតអាល្លឺម៉ង់ បារាំង អង់គ្លេស និងស៊ុយអែត ជុំវិញការចោទប្រកាន់ថា មានការចូលរួមពី “ភ្នាក់ងារ” របស់ពួកគេក្នុងការតវ៉ានោះផងដែរ។ បន្ថែមលើនេះ ក្រសួងខាងលើបានអះអាងថា កុប្បកម្មភាគច្រើនត្រូវបានបញ្ឆេះដោយពលរដ្ឋបរទេស និងសមាជិកនៃអង្គការ Mojahedin-e-Khalq ជាក្រុមអ្នកប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការចេញពីប្រទេសអាល់បានី ។
អ៊ីរ៉ង់ក៏បានអះអាងដែរថា បានរកឃើញគ្រឿងផ្ទុះទម្ងន់ ៣៦គីឡូក្រាម ដែលពួកភេរវករត្រូវបានចោទប្រកាន់ថា គ្រោងនឹងប្រើប្រាសវា ដើម្បីកំណត់គោលដៅវាយប្រហារនៅកន្លែងសាធារណៈ។ ចារកម្មអ៊ីរ៉ង់បាននិយាយដែរថា កងកម្លាំងសន្តិសុខរបស់ទីក្រុងតេហេរ៉ង់ ថ្មីៗនេះត្រូវតែដោះស្រាយជាមួយនឹងការចូលរួមដោយផ្ទាល់របស់រដ្ឋាភិបាលអាមេរិក និងអង់គ្លេស រួមទាំងអ្នកដើរតាមអារ៉ាប៊ីសាអូឌីត ក្នុងការតវ៉ា ក៏ដូចជាជាមួយភ្នាក់ងារបោកបញ្ឆោតនៃកុប្បកម្ម។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានជាប់គាំងក្នុងការតវ៉ាដោយហិង្សាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ជុំវិញករណីស្លាប់របស់នារីវ័យក្មេង Mahsa Amini អាយុ ២២ឆ្នាំនៅក្នុងពន្ធធនាគារ។ នារីវ័យក្មេងរូបនេះត្រូវបានប៉ូលិសសុជីវធម៌ចាប់ឃុំខ្លួនពីបទពាក់មួក “មិនត្រឹមត្រូវ”។ គ្រួសាររបស់នាង Amini និយាយថា នាងត្រូវបានគេវាយរហូតដល់ស្លាប់ ខណៈដែលអាជ្ញាធរអ៊ីរ៉ង់អះអាងថា នាងបានស្លាប់ដោយសារគាំងបេះដូង ។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា មនុស្សចំនួន ៥២នាក់បានស្លាប់ក្នុងអំឡុងពេលចលាចលក្នុងនោះមានស្ត្រី ៥នាក់ និងកុមារយ៉ាងហោចណាស់ ៥នាក់។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (Iran Human Rights) ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បានដាក់ចំនួនអ្នកស្លាប់កាន់តែខ្ពស់ គឺរហូតដល់ ៨៣នាក់។
ទន្ទឹមនឹងនោះ តួលេខផ្លូវការបានបញ្ជាក់ថា មនុស្ស ៤១នាក់ រួមទាំងភ្នាក់ងារកងកម្លាំងសន្តិសុខបានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការតវ៉ា។ ការតវ៉ាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅបស្ចិមប្រទេស ដោយសហរដ្ឋអាមេរិកថែមទាំងបានដកការរឹតបន្តឹងមួយចំនួនលើការផ្តល់សេវាអ៊ីនធឺណិតដល់អ៊ីរ៉ង់ ដើម្បីឱ្យអ្នកដែលខឹងសម្បារនឹងសកម្មភាពរបស់ទីក្រុងតេហេរ៉ង់ រៀបចំ និងចែករំលែករូបភាពពីបាតុកម្ម៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា




