ហេតុការណ៍រត់ជាន់គ្នាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១២៩នាក់ និងរបួស ១៨០នាក់

ហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យទី០២ ខែតុលានេះនិយាយថា មនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ និងប្រហែល ១៨០នាក់បានរងរបួស ក្នុងអំឡុងការប្រកួតបាល់ទាត់មួយនៅឥណ្ឌូណេស៊ី បន្ទាប់ពីហ្វូងមនុស្សបានរត់ជាន់គ្នា ដែលនេះហាក់ជាគ្រោះមហន្តរាយកើតមានឡើងនៅកីឡដ្ឋានដ៏អាក្រក់បំផុតមួយ។

រដ្ឋមន្ត្រីកីឡាឥណ្ឌូណេស៊ី លោក Zainudin Amali បានប្រាប់ទូរទស្សន៍ KompasTV ថា ក្រសួងនឹងវាយតម្លៃឡើងវិញ នូវប្រព័ន្ធសុវត្ថិភាព ក្នុងការប្រកួតបាល់ទាត់ រួមទាំងការពិចារណាមិនអនុញ្ញាតឱ្យមានអ្នកទស្សនានៅក្នុងកីឡដ្ឋានផងដែរ។

ចំណែកមេប៉ូលិសខេត្តជា្វខាងកើត (East Java) លោក Nico Afinta បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីការប្រកួតបាល់ទាត់នៅខេត្ត East Java រវាងក្រុម Arema FC និងក្រុម Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍, អ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដោយធ្វើឲ្យប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក៏បង្កឲ្យមានការរត់ជាន់គ្នា និងករណីនៃការថប់ដង្ហើម ។

គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ FIFA World Cup ក្រោមអាយុ២០ឆ្នាំ នៅខែឧសភា និងខែមិថុនា ឆ្នាំក្រោយនេះ។ ឥណ្ឌូណេស៊ីក៏ជាប្រទេសមួយក្នុងចំនោមប្រទេសចំនួនបី ដែលដេញថ្លៃដើម្បីរៀបចំការប្រកួត Asian Cup នៅឆ្នាំក្រោយ បន្ទាប់ពីប្រទេសចិនបានដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះផងដែរ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner