បារាំង មាន អត្រា កំណើតឆ្នាំ ២០២១ប្រសើរបន្តិច ក្រោយ ធ្លាក់ ចុះ ខ្លាំង មិន ធ្លាប់ មាន ៦ឆ្នាំជាប់ៗគ្នា

បារាំង៖​ អត្រាកំណើតនៅប្រទេស បារាំង ឆ្នាំ ២០២១ មានលក្ខណៈល្អប្រសើរបន្តិចវិញ បន្ទាប់ពី អត្រាកំណើត ធ្លាក់ចុះ ចំនួន ៦ឆ្នាំជាប់ៗគ្នា មិនធ្លាប់មាន តាំងពីឆ្នាំ ១៩៧៥មក ។ បើតាមរបាយការណ៍ថ្មី របស់ វិទ្យាស្ថាន ជាតិស្ថិតិនិងសិក្សាសេដ្ឋកិច្ចបារាំង បារាំង មាន អាត្រាកំណើតឆ្នាំ ២០២១ កើនឡើងចំនួន ០,៩ ភាគរយ ធៀបនឹងឆ្នាំមុន ។

រយៈពេល៦ឆ្នាំមកហើយ ដែលបារាំងប្រឈមនឹងអត្រាកំណើតដ៏ទាបខ្លាំង គឺអត្រាកំណើតបារាំងបានដើរត្រលប់ទៅរក ៤៥ឆ្នាំមុនឯណោះ។ របាយការណ៍ថ្មីប្រចាំឆ្នាំ ២០២២ របស់ វិទ្យាស្ថាន ជាតិស្ថិតិ និងសិក្សាសេដ្ឋកិច្ចបារាំងបង្ហាញថា អត្រាកំណើតសរុប ឆ្នាំ២០២១ បារាំងបានបង្កើតទារក ៧ ៤២ ១០០នាក់។ ជាអត្រា ស្ទុះងើបឡើងវិញល្អប្រសើរចំនួន ០,៩ភាគរយ ឬ ស្មើកើនអត្រាកំណើតទារក ៦ ៩០០ ធៀបទៅនឹងឆ្នាំ ២០២០។

សូមបញ្ជាក់ថា តាម វិទ្យាស្ថាន ជាតិស្ថិតិ និងសិក្សាសេដ្ឋកិច្ចបារាំង អត្រាកំណើតបារាំងឆ្នាំ ២០២១ ភាគច្រើនជាម្តាយដែលមានវ័យលើស ៣០ឆ្នាំ ពិសេសស្ត្រីវ័យលើស ៤០ឆ្នាំ ដែល បានផ្តល់កំណើតដល់ទៅ ៥,៣ ភាគរយ ច្រើនជាងឆ្នាំ មុន ខណៈ ម្តាយវ័យក្រោម ៣០ឆ្នាំ មានការធ្លាក់ចុះអត្រាផ្តល់កំណើត (-៨ភាគរយ)។
ជាមួយនឹងក្តីសង្ឃឹម ថ្មី វិទ្យាស្ថាន ជាតិស្ថិតិនិងសិក្សាសេដ្ឋកិច្ចបារាំង ចាត់ទុកស្ថិតិ អត្រាកំណើត ថ្មី លើកនេះថា ជាការបញ្ចប់ ការធ្លាក់ចុះអាត្រាកំណើតជាតិក្នុង រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០១៥-២០២០។
ទោះយ៉ាងណា អាជ្ញាធរបារាំង បន្តអំពាវនាវ ឱ្យប្រជាជន គិតគូរពីការបង្កើនអត្រាយកកូន នៅក្នុងគ្រួសារ វិញ ដើម្បី ជាការសង្គ្រោះសង្គម ក្នុងកតិកាសញ្ញាជាតិ។ តាម វិទ្យាស្ថាន ជាតិស្ថិតិនិងសិក្សាសេដ្ឋកិច្ចបារាំង ចំនួនទារកកើតនៅ ត្រីមាសទីមួយក្នុងខែមករា ឆ្នាំ ២០២២នេះ នៅតែធ្លាក់ចុះចំនួន ២,៩ភាគរយ ក្នុងរយៈ ពេល ៩ខែ ក្រោយពេលបិទខ្ទប់កូវីដ លើកទី ៣ កាលពី ខែ មេសាឆ្នាំ ២០២១មក។ តែយ៉ាងណា ស្ថិតិខាងលើនេះ នៅតែទាបជាងឆ្នាំ ២០២០។ ពោល គឺ មាន ទារកចាប់កំណើត ច្រើននៅឆមាសទី ១ឆ្នាំ ២០២២មែន ធៀបឆ្នាំ ២០២១ ប៉ុន្តែជាស្ថិតិទាបជាងឆ្នាំ ២០២០។

គួរជ្រាបថា ដោយហេតុតែជំងឺរាតត្បាតសកលកូវីដ មានគូស្វាមីភរិយាជាច្រើនលុបឬលើកគម្រោងយកកូន ដោយសារការបារម្ភពីវិបត្តិសុខភាពផង និងបារម្ភពី សេដ្ឋកិច្ចគ្រួសារផង។ តាមរបាយការណ៍ របស់បារាំង អត្រាកំណើតខែធ្នូ ឆ្នាំ ២០២០ បានធ្លាក់ចុះ ៧ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០១៨។ ចំណែក នៅខែមករា ឆ្នាំ ២០២១ ធ្លាក់ចុះដល់ទៅ ១៣,២ភាគរយធៀបនឹងខែមករាឆ្នាំ ២០២០៕ដោយ:បណ្តូលពេជ្រ

ads banner