ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖ ពលរដ្ឋសាទរចំពោះការអភិវឌ្ឍថ្មី តែបារម្ភដល់អ្នករស់នៅក្បែរដងផ្លូវ
ភ្នំពេញ៖ ក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលត្រូវបានសាងសង់លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយឥតគិតថ្លៃរយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វិថីមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន។ តែទន្ទឹមនេះ ពលរដ្ឋមួយចំនួនទៀត ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេដែរ ជុំវិញបញ្ហាការរស់នៅក្បែរដងផ្លូវល្បឿនលឿនមួយនេះ។

ព្រះតេជគុណ សម ដារ៉ូ ជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រង បានមានសង្ឃដីការថា៖ «ការបើកដំណើរការផ្លូវនេះ វារាងពិបាកបន្តិច ដោយសារអ្នកបើកបរខ្លះ មិនទាន់គោរពច្បាប់ចរាចរណ៍បានពេញលេញទេ ដោយមានអ្នកខ្លះបើកយឺត និងអ្នកខ្លះបើកលឿនអ៊ីចឹងទៅ»។ ទោះជាយ៉ាងណា ព្រះតេជគុណក៏បានបញ្ជាក់ផងដែរថា ព្រះតេជគុណមិនសូវបានតាមដានព័ត៌មាន និងស្រាវជ្រាវអំពីបញ្ហាផ្លូវល្បឿនលឿននេះច្រើនោះទេ។

ព្រះតេជគុណ បានលើកឡើងបន្ថែមថា៖ «បើតាមអាត្មាបានដឹងមកថា មានប្រជាពលរដ្ឋមួយចំនួន បានទម្លុះរបងដើម្បីបើកអាជីវកម្មរកស៊ី ហើយធម្មតា ។បើមានករណីនេះកើនមានឡើងមែន ផ្លូវល្បឿនលឿនគឺត្រូវបានបរាជ័យ ព្រោះបើកាលណាមានផ្ទះតាមផ្លូវ មានអាជីវករបើករបររកស៊ីព័ទ្ធជុំវិញផ្លូវចឹង វាដូចតែផ្លូវយើងធម្មតា បើកលឿនលែងកើតហើយ។ ចឹងហើយ ផ្លូវល្បឿនលឿនទៅថ្ងៃខាងមុខ វាអត់កើតទេ បានតែបច្ចុប្បន្ននេះទេ»។

ដោយឡែក សម្រាប់កញ្ញា ស៊ឺន រស្មី និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា៖ «ផ្លូវល្បឿនលឿននេះ ជួយសម្រួលដល់ប្រជាជនយើងបានច្រើន ទីមួយគឺការធ្វើដំណើរវាលឿនជាងមុន ចំណាយពេលតិច ចំណេញបានច្រើន ប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺមានពលរដ្ឋមួយចំនួនដែលមានកម្រិតនៃការយល់ដឹងតិច ពួកគាត់បែរជាគិតថាផ្លូវនេះ អាចបង្កធ្វើឱ្យមានគ្រោះថ្នាក់កាន់តែច្រើន។ តាមពិតទៅ នៅពេលដែលគេធ្វើផ្លូវ គេមានច្បាប់នៃការជិះ និងសញ្ញាចរាចរណ៍ត្រឹមត្រូវ ចឹងបើសិនជាពួកគាត់បានយល់ដឹងកន្លែងហ្នឹង នោះនឹងមិនជាបញ្ហាអ្វីទេ»។

កញ្ញាក៏បានបញ្ជាក់បន្ថែមថា៖ «ផ្លូវល្បឿន លឿននេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ជាក់ស្ដែង នៅពេលដែលផ្លូវនេះត្រូវបានសាងសង់កាត់តំបន់ភូមិមួយ ។ចឹងវាធ្វើឱ្យពលរដ្ឋដែលនៅម្ខាងផ្លូវពិបាកប្រាស្រ័យទាក់ទងជាមួយអ្នកនៅផ្លូវម្ខាងទៀត ដែលនេះជាវប្បធម៌របស់ខ្មែរយើង។ ទោះជាយ៉ាងណា ខ្ញុំគិតថាវាមិនមែនជាបញ្ហាធំដុំនោះទេ»។

គួរជ្រាបថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខទៅ ថ្លៃប្រើប្រាស់ផ្លូវល្បឿនលឿន មានតម្លៃចន្លោះពី ១២ដុល្លារ ដល់ ៦០ដុល្លារ។ ការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះត្អូញត្អែរថា វាមានតម្លៃខ្ពស់ពេក ប៉ុន្តែសម្រាប់កញ្ញា រស្មី វិញ កញ្ញាយល់ថាសម្រាប់តម្លៃនេះ វាមិនថ្លៃណាស់នោះទេ ដោយកញ្ញាបានលើកឡើងថា ប្រសិនបើជិះទៅអស់១២ដុល្លារ ពេលមកវិញយើងអាចជិះផ្លូវផ្សេង បើសិនជាយើងមិនចង់ចំណាយច្រើន។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបប្រហែល ១៨៧.០៥គីឡូម៉ែត្រ គ.ម។ ផ្លូវនេះត្រូវសាងសង់ជាបួនគន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ ពី ភ្នំពេញនៅចំណុច ផ្លូវ ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៧ កន្លែង មាន ស្ពាន វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣ កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន រំលង ៣២១កន្លែង កន្លែង ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ ចនា សម្ព័ន្ធសំណង់ សេវា គាំទ្រ ជាច្រើន ទៀត ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ ដោយ៖ ធា សុខណា