កីឡាករបាល់បោះពិការ៖ ខ្ញុំជាជនមានពិការភាពដែលអាចតំណាងកម្ពុជាលើឆាកអន្តរជាតិ តែបែរ ជាទទួលបានការរើសអើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ «ជាជនមានពិការភាព» តិចឬច្រើន តែងតែទទួលបានការរើសអើងពីអ្នកដែលមាន កាយសម្បទា ធម្មតា ឬសូម្បីតែពីជនមានពិការភាពដូចគ្នា ប៉ុន្តែខ្ញុំមិនបានត្រាំត្រែងនឹងភាពពិការរបស់ខ្ញុំទេ! ។ ផ្ទុយទៅវិញខ្ញុំ ចង់ប្រើជីវិតដែលនៅសេសសល់របស់ខ្ញុំ ដើម្បីជួយជាតិ»។ នេះជាការលើកឡើង របស់កីឡាករបាល់បោះពិការមួយរូប ដែលទទួលរងការរើសអើង ក្រោយពេលដែលលោក ជួប គ្រោះថ្នាក់ រហូតដល់មានពិការភាព។

ក្នុងវ័យ ៣៩ឆ្នាំ លោក សែ សារ៉ា បានជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារជាជាងសំណង់ ដែល កាលណោះលោក ត្រូវបានសង្កត់ដោយរថយន្ដកិនស៊ីម៉ង់។ បន្ទាប់ពីហេតុការណ៍នេះ លោកបាន បាក់ទឹកចិត្តដល់ចំណុចសូន្យ លែងចង់បន្តរស់រានមានជីវិតលើលោកនេះតទៅទៀត។ ការណ៍នេះ បានជំរុញឱ្យរូបលោក បង្អត់អាហារខ្លួនឯងដើម្បីឲ្យបាត់បង់ជីវិតតែម្ដង។ប៉ុន្តែដោយជីវិត លោកថ្លៃលោក បានចាប់ផ្ដើមផ្លាស់ប្ដូរការគិត របស់ខ្លួន បន្ទាប់ពីបានស្ដាប់វិទ្យុចំពេលដែល អ្នកសម្រប សម្រួល កម្មវិធីវិទ្យុនិយាយទៅដល់ «គោលបំណងនៃការរស់នៅរបស់មនុស្ស» ដោយគេបានចោទ ជា សំណួរថា តើរស់នៅធ្វើអ្វី បើសិនជារស់ដើម្បីតែជាបន្ទុកដល់គេឯង? មួយឃ្លា នេះបានទាញ កម្លាំងចិត្ត របស់លោកឱ្យងើបឡើង ហើយឈប់ត្រាំត្រែងធ្វើជាបន្ទុករបស់គេទៀត។

លោក បានចាប់ផ្ដើមជាថ្មី ដោយការបង្រៀនក្មេងៗនៅជិតខាង លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។ លោក យល់ថានេះ ជាអ្វីដែលលោកអាចផ្ដល់ឱ្យគេបាន បើទោះជាលោកបានក្លាយខ្លួន ជា ជនពិការក៏ដោយ។

រហូតដល់ឆ្នាំ ២០១៩ ជាពេលដែល លោកបានស្គាល់ក្រុមបាល់បោះរទេះជនពិការ បានឃើញ ជា លើកដំបូង នូវការលេងបាល់បោះរបស់ជនពិការ វាហាក់បានរន្ទងចិត្តរបស់លោក ជាប់ជាមួយ នឹង កីឡាប្រភេទនេះ និងសូមចូលរួមលេងជាមួយជនមានពិការភាពដទៃទៀត ។

ដោយការចូលចិត្ត និងការខិតខំប្រឹងប្រែង លោកបានអភិវឌ្ឍខ្លួនយ៉ាងលឿនពី របៀបនៃការប្រើ ប្រាស់រទេះសម្រាប់លេងកីឡា ។ មកដល់ឆ្នាំ ២០២២ នេះផងដែរ លោកក៏បានចូលរួមក្នុងការប្រកួត ថ្នាក់ជាតិនៅឯប្រទេសឥណ្ឌូណេស៊ី ជាពេលដែលបើកចិត្ត បើកបេះដូងរបស់លោក ក្នុងការ មើល ទៅ កាន់ប្រទេសដទៃទៀត និងបន្ថែមស្មារតីជាតិនិយមក្នុងការប្រកួតយកឈ្នះដៃគូប្រកួត ។

មែនទែនទៅ! វាមិនស្រួលណាស់ណាទេ សម្រាប់លោកក្នុងការលេងបាល់ទះ ខណៈដែលខ្លួនបាន បាត់បង់អវយវផ្នែកខាងក្រោមទៅហើយនោះ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោក សារ៉ា នៅតែមាន ជំនឿជាក់ និងយល់ថា ទំហំទឹកចិត្តជាតិនិយមរបស់លោកជំរុញឱ្យលោកឆ្លងកាត់ការប្រកួតបាន ។

សម្រាប់លោក បើទោះបីជាក្រុមរបស់លោក មិនបានទទួលមេដាយនៅក្នុងការប្រកួត ប៉ុន្តែ មាន ក្រុមកីឡាការនីផ្សេងទៀត ដែលបានទទួលមេដាយមាស ហើយលោកនៅតែបន្តហ្វឹកហាត់ឱ្យកាន់ តែខ្លាំងបន្ថែមទៀត ត្រៀមសម្រាប់កីឡាប៉ារ៉ាហ្គេម ដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំកម្មវិធីស្រាប់ ។

លោក សែ សារ៉ា៖ «ដោយសារតែកម្ពុជាយើង ទើបតែបានចូលរួមប្រកួតកីឡាប៉ារ៉ាហ្គេម ជាលើក ទី១ កាលពីពេលកន្លងទៅ ដូច្នេះហើយសមត្ថភាពយើងគឺនៅមានគម្លាតឆ្ងាយពី កីឡាករ អន្តរជាតិ…ប៉ុន្តែបើ យើងខិតខំបន្ថែមសម្រាប់ រយៈពេលដែលនៅសល់ យើងនឹងអាចប្រសើរ បានមួយកម្រិតទៀត។»

យ៉ាងណាមិញ ការខិតខំហាត់មិនមានពេលសម្រាករបស់ក្រុមលោក ក៏ទាមទារការគាំទ្រផងដែរ មិនថាពីបងប្អូនប្រជាពលរដ្ឋ ដែលមិនមានពិការភាព និងបងប្អូនដែលមានពិការភាពដូចគ្នា ព្រោះ កន្លងមក លោកបានឃើញការគាំទ្រ ការលើកទឹកចិត្តគឺនៅមានតិចតួចនៅឡើយ ។

លោក សែ សារ៉ា៖ «ខ្ញុំជាជនមានពិការភាព ប៉ុន្តែ ខ្ញុំខិតខំរហូតបានតំណាងឱ្យកម្ពុជា នៅលើ ឆាកអន្តរជាតិ ចុះហេតុអ្វីបានជាបងប្អូន ដែលមានកាយសម្បទាគ្រប់គ្រាន់ បែរជាមិនគាំទ្រ ហើយថែម ទាំងរើសអើងទៀត »។

ការចោទជាសំណួរ នេះ បន្ទាប់ពីរូបលោកមានការអាក់អន់ស្រពន់ចិត្ត លើការរើសអើងដែល ខ្លួន បាន ជួបប្រទះកន្លងមក ។ ហើយក្នុងនាមជា តំណាងឱ្យបងប្អូនមាន ពិការភាព ដទៃ ទៀត លោកសុំ ឱ្យ មានក្តីយោគយល់ និងបង្ហាញការគាំទ្រនៅក្នុងការប្រកួតនៅឆ្នាំក្រោយ នៅលើទឹកដីកំណើត ខ្លួន។

ជាការចូលរួមចំណែក សហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី៣០ កញ្ញា បានបើកយុទ្ធនាការ ដែលមាន ឈ្មោះថា #BeyondTheGames ក្នុងគោលបំណងកៀរគរ ការចូលរួមពីសំណាក់ ប្រជាពលរដ្ឋ គ្រប់ស្រទាប់ក្នុងការគាំទ្រ ក៏ដូចជា ចូលរួមលើកមុខមាត់កម្ពុជា ក្នុងឱកាស ដែលកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើក ទី១២ ។

ឯកឧត្តម សុខ សប្បាយណា ដែលជាសមាជិកអចិន្ត្រៃយ៍ តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកយុទ្ធនាការថា ៖ «នេះជាឱកាសដ៏កម្រ ជាឱកាសមាស និងឱកាសប្រាក់ ដើម្បីយើងអាចបង្ហាញពីមុខ មាត់ ពីសន្តិភាព ពីសមត្ថភាព ពីវិសាលភាពជាតិ ពីឧត្តមភាព និងសក្កានុពលរបស់កម្ពុជាបច្ចុប្បន្ន»។

ឯកឧត្តម ក៏បានរំលេចនូវបុគ្គលឆ្នើមជាច្រើនរូប ដែលកន្លងមកបានធ្វើនូវសកម្មភាពលះបង់ផ្សេងៗ ដើម្បីជួយសង្គម និងលើកទឹកចិត្តបន្ថែមដល់បងប្អូនជាជនមានពិការភាព ក្នុងការបន្តសាងស្នា ដៃ ជូនកម្ពុជាក្នុងស្មារតីជាតិតែមួយ សម្រាប់ឆ្នាំ២០២៣ ៕
ដោយ៖ សាន ម៉ានិច្ច

ads banner