អាជ្ញាធរជ្រើសយកខេត្តព្រះសីហនុជាគម្រូក្នុងកិច្ចការបោសសម្អាត ល្បែងស៊ីសងខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរថ្នាក់ជាតិសម្រេចជ្រើសយកខេត្តព្រះសីហនុជាគម្រូក្នុងកិច្ចការបោស សម្អាតទីតាំងល្បែងខុសច្បាប់ និងជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុបោសសម្អាតទីតាំងលេងល្បែងខុសច្បាប់ដែលនៅសេសសល់។ នេះជាការបញ្ជាក់របស់លោក សុខ ផលប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅចំពោះមុខគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្ដម គួច ចំរើន កាលពីថ្ងៃទី៣០ខែកញ្ញា។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមសុខ ផល បានរំលឹកពីបទបញ្ជាពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះអនុវត្តកិច្ចការបញ្ឈប់សកម្មភាពល្បែងស៊ីសងគ្មានច្បាប់ និង ស្វែងរកបទល្មើស នៅទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសសម្អាត ប្រាក់ ល្បែងស៊ីសងខុសច្បាប់។ លោកបន្តថា ជាគោលការណ៍ក្រសួងមហាផ្ទៃ សុំឱ្យម្ចាស់ទីតាំងបញ្ឈប់ការបើកបនល្បែងដោយខ្លួនឯង ប៉ុន្តែមានទីតាំងមួយចំនួនមិនទាន់បានអនុវត្តនៅឡើយ។

ឯកឧត្តម សុខ ផលបញ្ជាក់ថា ៖«មកដល់ឥឡូវនេះ(៣០កញ្ញា) មានរយៈពេល៨ថ្ងៃយើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ជាទូទៅ។កន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯងជាច្រើនហើយ។ ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់»។

លោកបានសង្កត់ធ្ងន់ពីការឯកភាពគ្នារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថាត្រូវបោសសម្អាតបន្ថែមលើ ទឹកដីខេត្តព្រះសីហនុ ហើយយកខេត្តនេះជាគម្រូដែលត្រូវសម្អាតបនល្បែងខុសច្បាប់គ្រប់ប្រភេទ។

ឯកឧត្តម សុខ ផល ដាក់ចេញនូវវិធានការចាំបាច់ចំនួនពីរទី១.អាជ្ញាធរខេត្តត្រូវបែងចែកភារកិច្ច បន្តបោសសម្អាត ល្បែងស៊ីសងមានទីតាំងនៅមូលដ្ឋានភូមិ ឃុំ ស្រុក ។ ទី២.ចំពោះទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ ស្ថិតនៅលើក្រុមការងារក្រសួង ។ចំពោះទីតាំងដែលអាជ្ញាប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុ អាជ្ញាធរ នឹងទុកពិនិត្យពេលក្រោយ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា អាជ្ញាធរខេត្តព្រះសីហនុ បែងចែកកម្លាំងសំខាន់ៗដើម្បីបង្ក្រាបបទល្មើសនានា កម្លាំងមួយផ្នែកសហការណ៍ជាមួយកម្លាំងពីក្រសួងមហាផ្ទៃស្រាវជ្រាវបោសសម្អាតករណីជួញដូរមនុស្ស កម្លាំងមួយផ្នែកស្រាវជ្រាវបង្ក្រាបទីតាំងលេងល្បែងនានា និងកម្លាំងតាមមូលដ្ឋានបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមភូមិឃុំ រាប់តាំងពីឆ្នោតកន្ទុយ ឡូតូបៀរអាប៉ោងជាដើម។

លោក ឃាង ភារម្យ៖«អាជ្ញាធរខេត្តព្រះសីហនុយើងខ្ញុំបាននិងកំពុងសស្រាក់សស្រាំធ្វើកិច្ចការទាំងអស់នេះប្រកបដោយប្រសិទ្ធិភាព»។

នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មាន ប្រ សាសន៍ ថា លោកថាអាជ្ញាធរត្រូវធ្វើការងារទាំងអស់នេះជាប្រចាំទើបមិនមានបញ្ហាទៅថ្ងៃក្រោយ។

លោក អំ សំអាត៖«អាជ្ញាធរ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវភាពមិនប្រក្រតី
ផ្សេងៗជុំវិញការបង្ក្រាបល្បែងហ្នឹង។ សូមកុំធ្វើដូចវែកចក! ការបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងត្រូវធ្វើឱ្យចំគោលដៅ ឬចំមេធំ កុំចាប់បានតាល្អិតល្អោច»។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២០ខេត្តនេះជនជាតិបរទេសចំនួនជិត២ម៉ឺននាក់កំពុងរស់និងប្រកបអាជីវកម្ម ក្នុងនោះសង្គេតឃើញថាវត្តមានជនជាតិចិនក្នុងខេត្តព្រះសីហនុឈរលើលំដាប់លេខ១មានប្រមាណជាង១ម៉ឺននាក់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរក្រសួងមហាផ្ទៃរកឃើញថា មានករណីចាប់ជម្រិតតាមអនឡាញ ករណីជួញដូរមនុស្ស និងករណីបនល្បែងស៊ីសងខុសច្បាប់ជាច្រើនកើតឡើងនៅខេត្តព្រះសីហនុ។
របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ក្នុងរយៈពេលជាង១សប្ដាហ៍ អាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន ៥កន្លែងនៅក្នុងក្រុងព្រះសីហនុ និង បានរកឃើញជនបរទេសចម្រុះជាតិសាសន៍រាប់រយនាក់។

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តព្រះសីហនុរកឃើញជនបរទេសខ្លះមិនមានប័ណ្ណការងារ ជនបរទេសខ្លះមិនមានលិខិតឆ្លងដែន និង ទីតាំងមួយចំនួនមិនបានសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាដើម៕ដោយ៖ វណ្ណ ស័ក្កិ

ads banner