អង្គការសហប្រជាជាតិ៖ ការ ធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ទំនងជាបានបញ្ចេញឧស្ម័ន មេតាន ដ៏ច្រើនបំផុត មិនធ្លាប់មាន ក្នុងកំណត់ ត្រា
អ.ស.ប៖ ការធ្លាយ បំពង់ បង្ហូរ ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅ ក្រោម សមុទ្រ បាល់ទិក កាល ពី ដើម សប្ដាហ៍ មុន ទំនង ជា បានបញ្ចេញ ឧស្ម័ន មេតាន ដ៏ ច្រើន បំផុត មិន ធ្លាប់ មាន នៅ ក្នុង កំណត់ ត្រា ប្រវត្តិសាស្ត្រ ។ បើ តាម ការ គូស បញ្ជាក់ របស់ កម្មវិធី បរិស្ថាន របស់ អង្គការ សហប្រជាជាតិ ការ លេច ធ្លាយ ឧស្ម័ន មេតាន តាម បំពង់ បង្ហូរ ឧស្ម័ន Nord Stream ទាំង ពីរ ក្នុង បរិមាណ ដ៏ ច្រើន ដូច្នេះ បាន បង្ក ផល ប៉ះពាល់ យ៉ាង ខ្លាំង មិន ធ្លាប់ មាន ដល់ បរិស្ថាន និង ជា ពិសេស គឺ ប្រព័ន្ធ ជីវៈ ចម្រុះ នៅ ក្រោម សមុទ្រ ។
មេតាន (CH4) ជា ឧស្ម័ន បំពុល បរិយាកាស និង បង្ក ឲ្យ មាន ឧស្ម័ន ផ្ទះ កញ្ចក់ ដូច ឧស្ម័ន កាបូនិក (C02) ដែរ ។ ប៉ុន្តែ បើ ធៀប នឹង ឧស្ម័ន កាបូនិក មេតាន មាន កម្លាំងខ្លាំង ជាង ឧស្ម័ន កាបូនិក រហូត ដល់ ទៅ ២៣ ដង ឯ ណោះ បើ ទោះ បី ជា អាច ស្ថិត នៅ ក្នុង ខ្យល់ បាន តែ ១២ ឆ្នាំធៀប នឹង ឧស្ម័ន កាបូនិក ដែល អាច ស្ថិត នៅ ក្នុង ខ្យល់ បាន រហូត ដល់ ទៅ ២០០ ឆ្នាំ ។
តាម រយៈ ការ វិភាគ រូបភាព ផ្កាយ រណប នៅ ក្នុង សប្ដាហ៍ នេះ អ្នក វិទ្យាសាស្ត្រ នៃ អង្គការ ឃ្លាំ មើល ការ បំភាយ ឧស្ម័ន មេតាន IMEO កត់ សម្គាល់ ពី ការ កើន ឡើង នៃ សារធាតុ មេតាន កំហាប់ ខ្ពស់ នៅ ក្នុង បរិយាកាស។ លោក Manfredi Caltagirone ប្រធាន អង្គការ IMEO ថ្លែង ថា៖ «វា គឺ ជា រឿង មិន ល្អ ទាល់ តែ សោះ ដែល យើង អាច ចាត់ ទុក ថា ជា ការ បំភាយ ឧស្ម័ន មេតាន ដ៏ ច្រើន បំផុត មិន ធ្លាប់ មាន ។ មិន ត្រឹម តែ មិន ល្អ ទេ ហេតុការណ៍ នេះ វា មិន បាន ជួយ អ្វី ទាល់ តែ សោះ ដល់ កិច្ច ខិត ខំ ប្រឹង ប្រែង កាត់ បន្ថយ ការ បញ្ចេញ ឧស្ម័ន ពុល ទាំង ឡាយ ឲ្យ បាន កាន់ តែ តិច តាម ដែល អាច ធ្វើ ទៅ បាន ក្នុង គោលដៅ កាត់ បន្ថយ ការ ប្រែ ប្រួល អាកាសធាតុ ដែល ជា វិបត្តិ សកល»។
បើ តាម ទិន្នន័យ ពី ផ្កាយ រណប ផ្ដល់ ឲ្យ ដោយ អ្នក ស្រាវ ជ្រាវ នៃ ស្ថាប័ន GHGSat ការលេច ធ្លាយ ឧស្ម័ន មេតាន តាម រយៈ បំពង់ បង្ហូរ Nord Stream ទាំង ៤ កន្លែង មាន បរិមាណ សរុប ប្រមាណ ២២,៩២០ គីឡូក្រាម ក្នុង មួយ ម៉ោង ។ ចំនួន នេះ ស្មើ នឹង ឧស្ម័ន កើត ពី ការ ដុត ធ្យូង ចំនួន ២៨៥,៧៦៦៣ គីឡូក្រាមជា រៀង រាល់ ម៉ោង ។
អ្នក វិទ្យាសាស្ត្រ និង អ្នក ស្រឡាញ់ បរិស្ថាន បាន សម្ដែង ការ សោក ស្ដាយ ដែល ពិភពលោក នាំ គ្នា ខ្វាយ ខ្វល់ ស្វែង រក មុខ អ្នក ទទួល ខុស ត្រូវ ចំពោះ ការ លេច ធ្លាយ បំពង់ បង្ហូរ ឧស្ម័ន Nord Stream ជា ជាង ផល ប៉ះពាល់ ផ្នែក បរិស្ថាន ដោយ សារ តែ ការ លេច ធ្លាយ នេះ ។ សម្រាប់ លោក Manfredi Caltagirone ប្រធាន អង្គការ IMEO លោក យល់ ថា បើ ទោះ បី ជា ការ លេច ធ្លាយ បំពង់ ឧស្ម័ន កើត ឡើង ដោយ សារ នរណា ឬ ដោយ សារ មូលហេតុ អ្វី ក៏ ដោយ វា មាន ផល ប៉ះពាល់ ច្រើន ផ្នែក មិន មែន តែ ទៅ លើ បញ្ហា សន្តិសុខ ថាមពល តែ មួយ មុខ នោះ ទេ ។ វា ជា ការ ខ្ជះ ខ្ជាយ ថាមពល ដោយ ឥត ប្រយោជន៍ និង បង្ក ផល ប៉ះពាល់ ខ្លាំង មែន ទែន ដល់ បរិស្ថាន ។ នេះ បើើ តាម លោក លោក Manfredi Caltagirone៕
ដោយ:កែវ កិរិយា